Tue, 26 May 2015
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក រៀល ខេមរិន្ទ្រ គឺជាអ្នកទីបីក្នុងចំណោមតំណាងរាស្ត្រ ៧ រូបរបស់គណបក្សប្រឆាំង ដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំការបះបោរកាលពីឆ្នាំមុន ដែលមិនបានចូលខ្លួនទៅតុលាការសម្រាប់សួរចម្លើយកាលពីម្សិលមិញ ទៅតាមការកោះហៅរបស់តុលាការ។
នៅពេលចូលទៅតុលាការកាលពីថ្ងៃទី ១១ ខែឧសភា តំណាងរាស្ត្រ លោកស្រី មូរ សុខហួរ បានបដិសេធឆ្លើយសំណួររបស់ចៅក្រម ខណៈលោក ហូរ វ៉ាន់ ត្រូវកំណត់ចូលសម្រាប់ការសាកសួរនៅថ្ងៃទី ២០ ឧសភា ហើយលោក កែវ ភិរម្យ ត្រូវកំណត់ចូលថ្ងៃទី២២ ឧសភា មិនព្រមចូលទៅតាមកោះហៅដោយអះអាងថា ពួកគាត់ជាប់រវល់បេសកកម្ម។
ចំពោះលោក ខេមរិន្ទ្រ វិញ ត្រូវកំណត់ចូលតុលាការកាលពីម្សិលមិញ ប៉ុន្តែលោកក៏មិនបានចូលទៅតាមការកោះរបស់តុលាការដែរដោយថ្លែងថា ជាប់រវល់ចុះទៅដោះស្រាយជម្លោះដីធ្លីឲ្យប្រជាជននៅខេត្ត។
លោក ខេមរិន្ទ្រ ថ្លែងបន្តថា៖ «ករណីដដែលៗដូចនេះ ខ្ញុំគិតថា ខ្ញុំជាតំណាងរាស្ត្រមិនមានពេលវេលាសម្រាប់តុលាការកោះហៅសួរដដែលៗដូចនេះទេ ដោយសារខ្ញុំមានបេសកកម្មដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋ»។
ប៉ុន្តែលោកបន្ថែមថា នៅពេលលោកទំនេរលោកនឹងចូលទៅតុលាការដើម្បីបំភ្លឺពាក់ព័ន្ធនឹងករណីនេះ ហើយលោកទុកឲ្យមេធាវីរបស់លោកគឺលោក ចាន់ ចេន ចូលតុលាការជំនួសលោកកាលពីម្សិលមិញ។
លោក ចាន់ ចេន បានឲ្យដឹងថា លោកបានចូលទៅតុលាការកាលម្សិលមិញ ដើម្បីប្រាប់តុលាការ អំពីមូលហេតុដែលកូនក្តីរបស់លោក មិនចូលតុលាការ ហើយតុលាការមិនបានសួរសំណួរលោកទេពីព្រោះករណីនេះជាករណីព្រហ្មទណ្ឌ «កូនក្តីរបស់ខ្ញុំ បានឆ្លើយច្រើនលើករួចហើយ។ យើងនឹងចូលតាមដីកាកោះប្រសិនបើមានការកោះហៅលើកក្រោយ»។
មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបីរូបទៀតដូចជាលោក ម៉ែន សុថាវរិន្ទ លោក នុត រំដួល និងលោក ឡុង រី ត្រូវកំណត់ឲ្យចូលទៅឆ្លើយបំភ្លឺនៅតុលាការជាបន្តបន្ទាប់នៅចុងខែនេះ៕ PS