Tue, 26 May 2015
Daniel Pye and ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សហជីពអន្តរជាតិធំមួយបានថ្កោលទោសគម្រោងចុះកិច្ចព្រមព្រៀងរបស់កម្ពុជាជាមួយប្រទេសកាតា (Qatar) ដើម្បីបញ្ជូនពលករទៅទីនោះ ខណៈប្រទេសឈូងសមុទ្រមួយនេះត្រៀមខ្លួនសម្រាប់ទទួលការប្រកួត World Cup ២០២២ នាពេលខាងមុខ។
លោកស្រី Sharan Burrow អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយពីថ្ងៃអាទិត្យថា ច្បាប់ស្តីពីការងាររបស់កម្ពុជា «នៅមានការខ្វះខាតយ៉ាងខ្លាំង» ហើយបណ្តាលឲ្យកម្មករងាយរងគ្រោះចំពោះការកេងប្រវ័ញ្ច។
លោកស្រីបានថ្លែងថា៖ «រដ្ឋាភិបាលឥឡូវនេះកំពុងរៀបចំអនុញ្ញាតឲ្យមានការបញ្ជូនពលករកម្ពុជាទៅប្រទេសកាតា ដែលទីនោះមានការងារព្រៃផ្សៃលើសពីការសន្យាដែលក្រុមហ៊ុនជ្រើសរើសពលករជាញឹកញាប់សន្យាជាមួយពលករចំណាកស្រុកដែលមិនដឹងអំពីភាពអាក្រក់ដែលនឹងកើតមានលើពួកគេ»។
កាលពីខែកុម្ភៈ រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ និងជំនួយការរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសកាតា លោក Mohamed Bin Abdulla Al-Rumaihi បានជួបពិភាក្សាគ្នាលើកិច្ចព្រមព្រៀងនេះ។
ប៉ុន្តែ លោក ហែម ប៊ុនី ប្រធានផ្នែកការងារ និងកម្លាំងពលកម្ម នៅក្រសួងការងារ បានថ្លែងថា ការខិតខំដើម្បីបញ្ចប់ការងារលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការលើបញ្ហានេះមិនទទួលបានការឆ្លើយតបទេ។
លោកបន្តថា៖ «យើងបានផ្ញើលិខិតពីរបីដងទៅប្រទេសកាតាដើម្បីឲ្យបញ្ជូនក្រុមការងារបច្ចេកទេសមកពិភាក្សាជាមួយកម្ពុជាអំពីលក្ខខណ្ឌការងារ ប្រាក់ឈ្នួលអប្បបរមា ការឈប់សម្រាកថ្ងៃបុណ្យសម្រាប់កម្មករ និងជំនឿសាសនា ជាដើម»។
លោកបន្តថា៖ «យើងមិនបានឮការឆ្លើយតបពីប្រទេសកាតាអស់រយៈពេលជិតពីរឆ្នាំហើយ»។
ពលកររាប់ពាន់នាក់បានទៅប្រទេសកាតាពីមុនការប្រកួត World Cup ហើយពួកគេភាគច្រើនជាពលករពីប្រទេសអាស៊ីអាគ្នេយ៍។ ការរៀបចំទៅប្រទេសកាតាត្រូវបានរារាំងដោយរបាយការណ៍ដែលនិយាយអំពីបរិយាកាសធ្វើការងារមិនមានសុវត្ថិភាព ការរំលោភបំពានលើផ្លូវកាយ និងផ្លូវភេទ។
ក្រោមប្រព័ន្ធ kafala របស់ប្រទេសនេះ ពលករចំណាកស្រុកត្រូវបានចងជាប់ដោយនិយោជក ហើយមិនអាចចាកចេញពីប្រទេសនេះបានប្រសិនបើមិនមានការអនុញ្ញាតពីនិយោជក។
ប្រទេសកាតា និងកម្ពុជាបានអនុម័តគម្រោងនេះដំបូងក្នុងឆ្នាំ ២០០៨ នៅឆ្នាំជាមួយគ្នាដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅប្រទេសគុយវ៉េត ដែលនៅជិតប្រទេសកាតា។
លោក ប៊ុនី បានថ្លែងថា ក្រុមហ៊ុនចំនួនប្រាំត្រូវបានផ្តល់ឲ្យនូវអាជ្ញាប័ណ្ណដើម្បីបញ្ជូនពលករទៅប្រទេសទាំងពីរនាប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែលោកបន្ថែមថា ក្រុមហ៊ុនទាំងនោះនឹងមិនត្រូវអនុញ្ញាតឲ្យបញ្ជូនពលករទៅទេ រហូតលុះត្រាតែមានកិច្ចព្រមព្រៀងផ្លូវការ។
ក្រុមហ៊ុនមួយឈ្មោះ KCTC Manpower Supply ដែលជាក្រុមហ៊ុនកម្មសិទ្ធិរបស់កូរ៉េ បានចាប់ផ្តើមដំណើរការជ្រើសរើសរួចហើយ។ នៅលើគេហទំព័ររបស់ក្រុមហ៊ុន KCTC ខ្លួនបាននិយាយថាខ្លួន «ដើរតួនាទីយ៉ាងសំខាន់ដើម្បីកែលម្អស្តង់ដាររស់នៅរបស់ពលករ និងជួយពលករកសាងអនាគតត្រចេះត្រចង់»។
ប្រធានក្រុមហ៊ុន KCTC លោក Yoon Dong Soo មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ហើយតំណាងក្រុមហ៊ុនម្នាក់នៅទីស្នាក់ការក្នុងទីក្រុងសេអ៊ូលរបស់ក្រុមហ៊ុននេះ បានបដិសេធធ្វើអត្ថាធិប្បាយ។
លោក ប៊ុនី បានថ្លែងថា៖ «អ្វីក៏ដោយដែលក្រុមការងារធ្វើក្នុងការជ្រើសរើសពលករនាពេលឥឡូវនេះគឺមិនខុសទេ ប៉ុន្តែពួកគេត្រូវតែប្រយ័ត្ន មិនត្រូវសន្យាជាមួយពលករថានឹងផ្តល់ការងារដល់ពួកគេក្នុងរយៈពេលឆាប់ៗនេះទេ»។
លោក ជួប ណារ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ បានថ្លែងថា ការបញ្ចប់ការងារឲ្យមានកិច្ចព្រមព្រៀងគឺអាស្រ័យទៅលើការពិភាក្សាជាន់ខ្ពស់។ លោកបានបន្តថា៖ «ខ្ញុំមិនអាចនិយាយអំពីបញ្ហានេះបានទេ ពីព្រោះអ្វីៗរត់ទៅតាមច្រកការទូត តាមរយៈស្ថានទូត និងក្រសួងការបរទេស។ យើងត្រូវរង់ចាំការអនុម័តពីច្រកការទូត»។
នាកិច្ចប្រជុំកាលពីខែកុម្ភៈ គណៈប្រតិភូទាំងពីរបានព្រមព្រៀងថានឹងមានដំណើរទស្សនកិច្ចផ្លូវការដោយរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ទៅប្រទេសនេះនាឆ្នាំនេះ។
លោក បូររិទ្ធ ដែលបានដឹកនាំគណៈប្រតិភូកាលពីខែកុម្ភៈ និងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ PS