​ក្រុមនិស្សិត​បារម្ភ​មុខវិជ្ជា​ទស្សនៈវិជ្ជា​នឹង​បាត់បង់​ពី​វិស័យ​អបរំ​​

ដោយ៖​ ថោ ស៊ី ណា​ | ថ្ងៃអាទិត្យ ទី31 ឧសភា 2015, 04:32 PM​
http://vodhotnews.com

​និស្សិត​ទស្សនវិជ្ជា​ថា មុខវិជ្ជា​ទស្សនវិជ្ជា​នឹង​បាត់បង់​ពី​វិស័យ​អប់រំ​ទៅ​ថ្ងៃ​អនាគត បើ​ក្រសួង​អប់រំ​មិន​រួសរាន់​ដាក់បញ្ចូល​ក្នុង​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ​ឲ្យទាន់​ពេលវេលា​វិញ​ទេ ។ 

​ការលើកឡើង​របស់​ក្រុមនិស្សិត​បែបនេះ​ធ្វើ​ក្នុង​កម្មវិធី “​សំណើសុំ​ឲ្យ​ដាក់​មុខ​វិជ្ជា​ទស្សនវិ​ជ្ជា​ទៅក្នុង​កម្មវិធីសិក្សា​កម្រិត​វិទ្យាល័យ​” ដែល​រៀបចំឡើង​នៅ​សលក​វិទ្យាល័យ​ខេមរៈ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ៣១ ខែ ឧសភា​នេះ ដោយ​មាន​និស្សិត​ប្រមាណ ១៦០​នាក់ មក​ពី​សកល​វិទ្យាល័យ​ចំនួន​៣​បាន​ចូលរួម​ ។ 

​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទស្សនៈវិជ្ជា​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល លោក រឹ​ម ភារី ឲ្យ​VOD ដឹង​នៅ​ថ្ងៃនេះ​ថា ក្រុមនិស្សិត​នានា​កំពុង​ព្រួយបារម្ភ​ថា​ពី​មុខ​វិជ្ជា​ទស្សនវិជ្ជា ដែល​ជា​មុខវិជ្ជា​ដ៏​សំខាន់​ក្នុងចំណោម​មុខវិជ្ជា​អប់រំ​ជា​ច្រើន​ទៀត នឹង​បាត់បង់​ពី​ក្រសួង​អប់រំ ។ លោក​ថា បច្ចុប្បន្ន​សីលធម៌​សង្គម​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ដោយសារ​ក្រសួង​អប់រំ​មិន​បាន​បញ្ជ្រាប មុខវិជ្ជា​ទស្សនវិជ្ជា​ដល់​សិស្ស​កម្រិត​វិទ្យាល័យ ។ 

​គួរបញ្ជាក់​ថា មុខវិជ្ជា​ទស្សនវិជ្ជា​នេះ​ធ្លាប់មាន​ក្នុង​កម្មវិធី​អប់រំ​កម្រិត​វិទ្យាល័យ​តាំងពី​ទ​ស​វត្យរ៍​ឆ្នាំ​១៩៩០​មក ហើយ​ក្នុង​កំឡុង​ឆ្នាំ ២០០០ ក្រសួង​អប់រំ​បាន​ប្ដូរ​មុខវិជ្ជា​នេះ​ទៅ​ជា សីលធម៌​ពលរដ្ឋ​វិជ្ជា​ជំនួស​វិញ ។​

​ល លោក រឹ​ម ភារី អះអាងថា មុខវិជ្ជា សីលធម៌ នៃ​ពលរដ្ឋ​វិជ្ជា​បច្ចុប្បន្ន គឺ​មិន​បាន​ផ្តោត​សំខាន​ទៅលើ​ការសិក្សា​ផ្នែក​សាសនា សីលធម៌ ឬ​ទ្រឹស្តី​ផ្សេងៗ​ដូច​មុខវិជ្ជា​ទស្សនវិជ្ជា​ដែល​ធ្លាប់​មាន​ពីមុន​មក​ទេ ផ្ទុយទៅវិញ គឺ​ផ្តោត​តែ​ទៅលើ​ច្បាប់ នយោបាយ សេដ្ឋកិច្ច ឬ​ទំនាក់ទំនង​ការទូត​ជាដើម ។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម កុច បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា លោក​នឹង​យក​សំណើ ក៏ដូចជា​កង្វល់​របស់​ក្រុមនិស្សិត ទៅ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា ។ 

​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ ២០១៤ មាន​ក្រុមនិស្សិត​ផ្នែក​ទស្សនវិជ្ជា ចំនួន​២៥០​នាក់ នៃ​សាលា​ភូមិន្ទភ្នំពេញ បាន​ប្រមូលគ្នា​ផ្តិតមេដៃ​ដាក់ជូនទៅ​ក្រសួង​អប់រំ​ឲ្យ​ដាក់បញ្ចូល​មុខវិជ្ជា​ក្នុង​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ តែ​រហូត​មកដល់ពេលនេះ បើ​តាម​ការអះអាង​របស់​ក្រុមនិស្សិត​ថា ក្រសួង​អប់រំ​មិន​បាន​ឆ្លើយតប​នៅឡើយ ៕ ​

សូម​សរសេរ​មក​លោក ថោ ស៊ី ណា​ តាម​រយៈ sina@vodhotnews.com

What Next?

Recent Articles