ដួង តា​រាវ​លក្ខណ៍ ជីវិត​ក្ដុកក្ដួល មុន​ថ្ងៃ​ចែក​ឋាន​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com


ពិធី​បុណ្យ​សព​អ្នក​ស្រី ដួង តា​រាវ​លក្ខណ៍ (រូប​ផ្ដល់​ដោយ​កញ្ញា ឈី​វ វណ្ណ​សិកា)

​ក្រោយ​មរណភាព​របស់​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​គឺ​ជា​តារា​ជើងចាស់​នៅ​មាន​ទីផ្សារ​នៅ​ឡើយ​នោះ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​គួរសម​ក្នុងរង្វង់​សិល្បៈ និង​ក្នុង​ចង្កោម​មហាជន ។ ដំណក់ឈាម​របស់​អ្នកស្រី បាន​បង្ហាញ​ពី​ទុក្ខសោក​មួយចំនួន​មុន​ពេល​អ្នក​ស្រី​ត្រូវ​លាចាក​លោក ។

​កញ្ញា ឈី​វ វណ្ណ​សិកា វ័យ​២៤​ឆ្នាំ ជា​កូនស្រី​តែ​ម្នាក់​របស់​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ បាន​អះអាង​ថា​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ មានឈ្មោះ​កំណើត​ថា និត សុភ័ក្ត្រ និង​បាន​លាចាក​លោក​ក្នុង​វ័យ​៤៨​ឆ្នាំ កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា​កន្លង​ទៅ ដោយ​ទើបនឹង​បាន​បូជា​នៅក្នុង​បរិវេណ​វត្ត​ទឹកថ្លា ។ ពិធីបុណ្យ​៧​ថ្ងៃ​របស់​អ្នកស្រី​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​ទី​៣ ខែ​មិថុនា​នេះ នៅ​គេហដ្ឋាន​បងស្រី​សព ស្ថិតនៅ​ផ្ទះ​លេខ​១៣១ ផ្លូវលំ ក្នុង​សង្កាត់​ទឹកថ្លា ជិត​ច្រកចូល​ផ្សារ​ហេង​លី ។  អ្នកស្រី​បាន​លាចាក​លោក​ដោយសារ​ជំងឺមហារីក​មាត់ស្បូន បន្ទាប់​ពី​ជម្ងឺ​មួយ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ មិន​អាច​ព្យាបាល​បាន ។​

​យ៉ាងណាក៏ដោយ អ្នកស្រី ដួង តា​រាវ​លក្ខណ៍ មិន​ត្រូវបាន​ក្រុមគ្រួសារ​បង្ហើប​ឲ្យដឹង​ពី​ជំងឺ​ដែល​បាន​កើតឡើង​នោះទេ ដោយសារ​តែ​ក្រុមគ្រួសារ​មានបំណង​លាក់បាំង និង​មិន​ចង់ឲ្យ​អ្នកស្រី​អស់សង្ឃឹម ។ អ្នកស្រី​ទើបតែ​ដឹង​ខ្លួន​ឯង​ថា កើត​ជំងឺ​មហារីក នៅ​ប៉ុន្មាន​ថ្ងៃ​មុនពេល​ស្លាប់​ប៉ុណ្ណោះ ។ កញ្ញា ឈី​វ វណ្ណ​សិកា និយាយថា «​ខ្ញុំ​អត់​ដឹង​ថា​ម៉ាក់​(​ដួង តា​រាវ​លក្ខណ៏​) មាន​ជំងឺ​មហារីក​(​មាត់ស្បូន​)​ហ្នឹង​តាំងពី​ពេល​ណា​ទេ គឺ​ទាំង​គាត់​ទាំង​គ្រួសារ​សុទ្ធតែ​ស្មានថា​គាត់​ឈឺ​ក្រ​ពោះ​ធម្មតាៗ​ទេ ទម្រាំ​ដឹង​អា​មហារីក​ហ្នឹង​វា​ស៊ី​គ្រឿង​ក្នុង​អស់ហើយ គឺ​ស៊ី​ដល់​ពោះវៀន​ធំ ប៉ុន្តែ​ពួកយើង​នៅតែ​អត់​ប្រាប់​ឲ្យ​គាត់​ដឹង​ទេ ព្រោះ​ខ្លាច​គាត់​ស្លុត​» ។​

​អ្នកស្រី​ត្រូវបាន​គ្រួសារ​បញ្ជូន​ទៅ​វះកាត់​ដុំ​សាច់​មហារីក​កាលពី​ជាង​៥​ខែ​មុន បន្ទាប់ពី​បាន​ពិនិត្យឃើញថា បើ​មិន​ព្រម​វះកាត់ អ្នកជំងឺ​នឹង​រស់​បាន​តែ​មួយ​អាទិត្យ ។ យ៉ាងណាក៏ដោយ ភាគី​ខាង​ពេទ្យ បាន​បញ្ជាក់​ហើយ​ថា ទោះ​ជា​បាន​វះកាត់​ក៏​អ្នកស្រី​រស់​បាន​តែ​រង្វង់​ពី​៣​ទៅ​៦​ខែ​ប៉ុណ្ណោះ គឺ​មិន​អាច​ជា​បាន​នោះ​ទេ ដោយសារ​តែ​គ្រឿងក្នុង​ដែល​មេរោគ​មហារីក​ស៊ី គឺ​ស្ទើរតែ​សុស​អស់​ទៅហើយ ។ កញ្ញា ឈី​វ វណ្ណ​សិកា បញ្ជាក់​ទាំង​អួលដើមក​ថា «​ក្នុង​ពេល​វះកាត់​ហ្នឹង ពេទ្យ​គាត់​ប្រាប់​ដែរ​ថា ម៉ាក់​នឹងរ​ស់បាន​មិន​ហួស​៦​ខែ​ទេ ប៉ុន្តែ​ពួកយើង​នៅ​តែ​ធ្វើ ព្រោះ​មិន​ចង់​ឲ្យ​គាត់​ទៅ​ចោល​ពួកយើង​លឿន​ពេក សម្រាប់​ម៉ាក់​គាត់​អត់​ដឹង​ទេ គាត់​ស្មានតែ​វះ​ខ្នែងពោះវៀន​ទេ អញ្ចឹង​ហើយ​ទើប​គាត់​សប្បាយចិត្ត​រស់​បាន​ដល់​ជាង​៥​ខែ​»

​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ និង​កូន​ស្រី (រូប​ផ្ដល់​ដោយ ​កញ្ញា ឈី​វ វណ្ណ​សិកា)

​កញ្ញា ឈី​វ វណ្ណ​សិកា ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​ទើបតែ​មាន​សភាព​ធ្ងន់ធ្ងរ​កាល​រង្វង់​មួយ​ខែ​មុន​ទទួលមរណភាព  ហើយក៏​ជា​ពេល​ដែល​អ្នកស្រី​បាន​ដឹងថា​ខ្លួនឯង​កើតមាន​ជំងឺមហារីក និង​មិន​អាច​រស់​បាន ។ ទំនង​ជា​អ្នកស្រី​មាន​អារម្មណ៍​តក់ស្លុត ពិបាក​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​នោះ​ផង ទើប​ធ្វើ​ឲ្យ​អ្នកស្រី​ញញឹម​លាយ​ទុក្ខ​នៅមុន​ថ្ងៃ​ស្លាប់ ។ កញ្ញា​និយាយថា «​ម៉ាក់​គាត់​កំសត់​ណា​ស់បង ក្រោយ​ពេល​គាត់​ដឹងខ្លួន គាត់​ខំ​ញញឹម​ដើម្បី​កុំ​ឲ្យ​យើង​ពិបាកចិត្ត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គាត់​ពិបាកចិត្ត​ណាស់​បង ព្រោះ​អ្វីៗ​វា​ហាក់ដូចជា​ខ្លី​ពេក​សម្រាប់​គាត់​» ។ 

​មុន​ពេល​ធ្លាក់ខ្លួន​ឈឺ និង​ទទួលមរណភាព អ្នកស្រី ដួង តា​រាវ​លក្ខណ៍ គឺ​ជា​តារា​សម្ដែង និង​ជា​ម្ចាស់​ក្លិប​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយ ដោយ​បាន​បញ្ជូន​ពួកគេ​ឲ្យចេញ​សម្ដែង  និង​ថត​ស្ពត​ច្រើន ធ្វើឲ្យ​មាន​ការទទួលស្គាល់​ពី​សំណា​ក់​តារា​ជើង​ថ្មី ។ អ្នកស្រី​បាន​ចូលប្រឡូក​សិល្បៈ​តាំង​ពី​វ័យ​១៨​ឆ្នាំ​ម្ល៉េះ ដោយ​បាន​រំលេច​ភាព​លេចធ្លោ​ក្នុង​រឿង​ព្រះ​គោ​ព្រះ​កែវ រឿង​កូនប្រសារ​ស្រី រឿង​ខ្ញុំ​ជា​នរណា រឿង​កូនឥតខាន់ស្លា និង​រឿងហេតុ​អ្វី ជាដើម ដែល​សុទ្ធសឹងតែ​ជា​ខ្សែ​រឿង​ដែល​បាន​ទទួល​ការគាំទ្រ​ខ្ពស់ ក្នុង​ពេល​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​CTN  ។

​កញ្ញា ឈី​វ វណ្ណ​សិកា ប្រាប់ថា ក្នុងចំណោម​គ្រួសារ​របស់​ម្ដាយ​មិន​មាន​អ្នកណា​មាន​និស្ស័យ​ខាង​សិល្បៈ​នោះទេ ទើប​ក្រោយ​ការចែក​ឋានរ​បស់​អ្នកស្រី គឺ​ក្លិប​សិល្បៈ​ដែល​បាន​បង្កើតឡើង​នឹងត្រូវ​រំលាយចោល ។ នៅក្នុង​ពិធីបុណ្យ​៧​ថ្ងៃ នៅ​ថ្ងៃ​ពុធ​នេះ កញ្ញា​រំពឹងគិតថា នឹង​មាន​តារា​សិល្បៈ​ចាស់ៗ​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​អ្នកស្រី​នឹង​បង្ហាញ​មុខ​ចូលរួម​ច្រើន បន្ទាប់​ពី​ការ​ធ្វើ​បុណ្យ​សព និង​ការ​បូជាសព គឺ​មិន​ឃើញ​តារា​សិល្បៈ​ជើងចាស់​ភាគច្រើន បង្ហាញ​ការ​ឈឺឆ្អាល​ទាល់តែសោះ ។ កញ្ញា​និយាយថា «​មួយ​រយៈ​នេះ ខ្ញុំ​ដើរ​ចែក​សំបុត្រ​៧​ថ្ងៃ​ច្រើន ទៅជូន​អ្នកសិល្បៈ​ដែល​ធ្លាប់​ស្គាល់​ម៉ាក់  ខ្ញុំ​សង្ឃឹម​តែ​មួយ​គាត់​គឺ​ពួកគាត់ ដែល​ធ្លាប់​ស្គាល់​ម៉ាក់ ធ្លាប់​សម្ដែង​ជាមួយ​ម៉ាក់ បានបង្ហាញ​វត្តមាន​ចូលរួម​ថ្ងៃបុណ្យ​៧​ថ្ងៃ​របស់​ម៉ាក់ ដើម្បី​ឲ្យ​វិញ្ញាណ​របស់​គាត់​អស់​ចិត្ត ព្រោះ​ពេល​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​គាត់​ហូរ​ទឹកភ្នែក​រហូត ពេល​អត់​ឃើញ​អ្នកសិល្បៈ​ជា​មិត្តភក្ដិ​ចាស់ៗ​របស់​គាត់​ភាគច្រើន ឈឺឆ្អាល​» ។​

​កញ្ញា​រំលឹកថា មុន​ពេល​ចែក​ឋាន អ្នកស្រី​មិន​ព្រម​ឲ្យ​បញ្ជូន​អ្នកស្រី​ទៅកាន់​មន្ទីរពេទ្យ​នោះទេ ព្រោះ​មិន​ចង់​ឲ្យ​ខាតបង់​ប្រាក់ ប៉ុន្តែ​បងប្អូន​កូនក្មួយ​គឺ​នៅតែ​បាន​បំពាក់​អុកស៊ីហ្សែន និង​បន្តោង​ស៊ី​រ៉ូម​ឲ្យ​អ្នកស្រី​នៅផ្ទះ រហូត​ដល់​ដង្ហើមចុងក្រោយ មុន​ពេល​លាចាក​លោក ៕

សូម​សរសេរ​មក​លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles