Mon, 1 June 2015
Vandy Muong
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: អង្គុយជំទើតខ្ពស់ផុតពីកម្រាលដោយកល់កូនតុ និងខ្នើយជាទ្រនាប់ក្នុងគេហដ្ឋានតុបតែងលម្អគ្រឿងសក្ការបូជាសឹងពេញមួយបន្ទប់ទទួលភ្ញៀវ អមដោយរូបចម្លាក់ពណ៌មាសព្រះសិវនៃព្រហ្មញ្ញសាសនា ស្ថិតនៅក្បែរវត្ដនិរោធិ៍ លោក ឡុង បូរ៉ា វ័យ ៣៧ ឆ្នាំ នាមហៅ «លោកតាថ្មអណ្ដែត» គឺជាគ្រូទស្សន៍ទាយដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា។
កម្មវិធីបង្រៀនរយៈពេល ៦ ខែរបស់លោក ដែលរដូវកាលទី ២ ចាប់ផ្ដើមកាលពីពេលថ្មីៗនេះ បានបង្ហាញវិធីសាស្រ្តប្លែកពីបទដ្ឋានអប់រំមិនផ្លូវការក្នុងជំនឿអរូបី។ ថ្នាក់សិក្សារបស់លោក បូរ៉ា អនុវត្ដតាមកាលវិភាគដ៏តឹងរ៉ឹង និងមានតម្លៃ ៣០០ ដុល្លារសម្រាប់វគ្គសិក្សានេះ។
អតីតព្រះសង្ឃរូបនេះ បាននិយាយថា វគ្គបង្រៀនរបស់លោកផ្ដោតលើជំនាញប្រាកដប្រជាត្រឹមត្រូវ។
លោកប្រាប់ថា៖ «គ្រូទាយនៅតាមផ្សារមិនដែលរៀនក្បួនខ្នាតទស្សន៍ទាយទេ។ ពួកគេគ្រាន់តែស្មានៗប៉ុណ្ណោះ។ ពួកគេខ្លះមានបទពិសោធទាយតាមអាជីព ឬរៀនតាមសៀវភៅ ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់ទេ»។
លោកគ្រូ បូរ៉ា បានឲ្យដឹងថា គ្រូទាយគ្មានជំនាញភាគច្រើនប្រើសន្លឹកបៀរ ជាទិចនិកទស្សន៍ទាយដ៏បុរាណបំផុត ហើយវាជាវិធីដែលលោកមិនយកមកបង្រៀនសិស្សឡើយ។ ផ្ទុយទៅវិញ គ្រូទាយបារមីលោកតាថ្មអណ្ដែតរូបនេះ ប្រាប់ថា គោលដៅរបស់លោក គឺបង្រៀនសិស្សដោយប្រើវិធីគណនាស៊ីជម្រៅមកទស្សន៍ទាយហោរាសាស្ដ្រ។
ដើម្បីគណនា លោកត្រូវដឹងអំពីថ្ងៃ ខែឆ្នាំកំណើតរបស់អតិថិជន ដើម្បីទាយរកជោគជតារាសីរបស់បុគ្គលនោះ។ បន្ទាប់មក លោក បូរ៉ា បង្រៀនសិស្សអំពីដំណោះស្រាយឲ្យសមទៅនឹងលទ្ធផលក្រោយគន់គូរជើងលេខ ដូចជា តើគួររៀបការថ្ងៃណា ឬប្រើអាគមអ្វីដើម្បីបន្ទន់ចិត្ដដៃគូ។
លោកគ្រូថ្មអណ្ដែត បានលើកឡើងថា៖ «មនុស្សភាគច្រើនមករកគ្រូទាយនៅពេលពួកគេជួបបញ្ហាកើតឡើង។ វាសំខាន់ណាស់ដែលគ្រូទាយត្រូវចេះប្រមើលមើលពីចិត្ដរបស់ពួកគេ គួបផ្សំនឹងក្បួនគន់គូរផងដែរ។ ប្រាកដណាស់ វាមានក្បួនខ្នាតជាច្រើន ប៉ុន្ដែវាក៏ត្រូវចេះវិធីចិត្ដសាស្ដ្រ និងមើលពីអត្ដចរិតរបស់មនុស្សផងដែរ»។
វគ្គសិក្សារបស់លោកមិនបានផ្ដោតសំខាន់លើមនុស្សទូទៅដែលចង់ចេះទស្សន៍ទាយនេះ ប៉ុន្ដែលោកចង់បង្រៀនអាចារ្យច្រើនជាង។
លោក ឡុង បូរ៉ា ធ្លាប់ជាព្រះសង្ឃ នៅពេលលោកអាយុ ២១ ឆ្នាំ ប៉ុន្ដែគិតថា លោកមិនពេញចិត្ដជីវិតសម្ងំដែលក្នុងព្រះវិហារនោះទេ។ មួយឆ្នាំក្រោយមក លោកបានសម្រេចចិត្ដលាចាកសិក្ខាបទ និងចាប់ផ្ដើមត្រាច់ចរទៅកាន់ថៃ និងឥណ្ឌា។
ព្រះតេជគុណ សួន សឿន ដែលបានចូលរៀនអំពីតម្រាទស្សន៍ទាយកាលពីឆ្នាំមុន មានសង្ឃដីកាថា៖ «ក្រោយពីអាត្មាបានរៀនអំពីក្បួនទស្សន៍ទាយ អាត្មាអាចជួយមនុស្សជាច្រើន និងប្រមើលមើលពីជោគជតារាសីឲ្យពួកគេផងដែរ។ បើអ្នកចេះមិនប្រាកដ វានឹងធ្វើឲ្យប្រជាជនបាត់ជំនឿ»។
ថ្នាក់សិក្សារបស់លោកគ្រូទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ ប៉ុន្ដែមិនទាន់បានឆ្លងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបច្ចុប្បន្នកំពុងបើកថ្នាក់បង្រៀនតាអាចារ្យ ដែលមិនបញ្ចូលក្បួនតម្រាទស្សន៍ទាយទេ។ លោកសង្ឃឹមថា ការឯកភាពពីស្ថាប័នរដ្ឋនឹងសម្រេចទាន់ពេល។
លោក ឡុង បូរ៉ា មានជំនឿចិត្ដថា៖ «នៅចិន សូម្បីតែវិស្វករក៏ចូលរៀនពីក្បួនទស្សន៍ទាយហុងស៊ុយរកទីកន្លែងល្អដើម្បីសាងសង់តាមអបិយជំនឿដែរ។ នៅថ្ងៃអនាគត ខ្ញុំសង្ឃឹមថា នឹងមានសាលាបង្រៀនទស្សន៍ទាយផ្ទាល់ខ្លួន»៕ HR
គ្រូទាយប្រយត្ន័ជាប់គុកអួតពេក