ដោយ ហង្ស សាវយុត
2015-06-01
RFA

ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ថ្លែងក្នុងសន្និសីទកាសែតស្ដីពីការដាក់ពាក្យប្ដឹងមន្ត្រីតុលាការខេត្តសៀមរាប នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។ RFA/Leng Maly
ការខ្វែងគំនិតគ្នារវាងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ជាមួយនឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អំពីរឿងចាប់ឃុំខ្លួនអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ២នាក់ ដែលមានទំនាស់ដីធ្លីជាមួយសហគមន៍ដីសម្បទានវៀតណាម បានកើតមានរយៈពេលជាងកន្លះខែមកហើយ ដោយមិនអាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការបាន។
មន្ត្រីតុលាការខេត្តសៀមរាប ឲ្យដឹងថា កាលពី ៣ថ្ងៃមុន ព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ២រូប ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងចាស់ដៃ បានដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រកាន់ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា គេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីតតាំងរឿងក្តីតាមផ្លូវច្បាប់ជាមួយនឹងព្រះរាជអាជ្ញារង ព្រមទាំងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចំនួន ២រូប ប្រសិនបើតុលាការក្រុងភ្នំពេញ កោះហៅទៅសាកសួរនៅពេលណាមួយ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី ចរិយា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១ ខែមិថុនា ថា រហូតមកដល់ពេលនេះ គឺលោកនៅតែមិនទាន់បានទទួលព័ត៌មានច្បាស់លាស់ ជុំវិញរឿងមន្ត្រីតុលាការខ្លះនៅខេត្តសៀមរាប ដាក់ពាក្យប្ដឹងរូបលោកនៅតុលាការក្រុងភ្នំពេញ នៅឡើយទេ។ លោក នី ចរិយា បញ្ជាក់ថា នៅថ្ងៃទី២ ខែមិថុនា ខាងមុខ លោកនឹងចាត់មេធាវីឲ្យទៅតុលាការក្រុងភ្នំពេញ ដើម្បីឆែករឿងនេះ។ លោកបង្ហាញជំហរមិនតក់ស្លុតទេ បើទោះបីជាមន្ត្រីតុលាការខ្លះនៃខេត្តសៀមរាប ប្ដឹងចោទប្រកាន់រូបលោកមែនក៏ដោយ៖ «យើងត្រូវតែហ៊ានប្រឈមជាមួយបញ្ហាទាំងហ្នឹង ពីព្រោះអ្នកការពារសិទ្ធិមនុស្សត្រូវតែជួបបញ្ហាដូចនេះហើយ គឺមិនមែនតែរឿងមួយនេះទេ មានរឿងច្រើនហើយដែលយើងបានជួប»។
ប្រភពពីមន្ត្រីតុលាការខេត្តសៀមរាប បានបង្ហើបដោយមិនបញ្ចេញឈ្មោះថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប គឺលោក សុក កែវបណ្ឌិត បានផ្ទេរសិទ្ធិឲ្យមេធាវីម្នាក់ឈ្មោះ លោក ច័ន្ទ វិចិត្រ ដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ប្រឆាំងនឹងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សុក កែវបណ្ឌិត និងលោក ច័ន្ទ វិចិត្រ ដែលជាមេធាវី ដើម្បីសុំការអធិប្បាយបានយ៉ាងណានៅឡើយ ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទសន្ទនា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តាំងតែពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ បានផ្សព្វផ្សាយព័ត៌មានជុំវិញរឿងមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក នេះ។ ការដកស្រង់មកផ្សព្វផ្សាយបញ្ជាក់ថា លោកមេធាវី ច័ន្ទ វិចិត្រ បានដាក់ពាក្យប្ដឹង លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន ៣ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ (តុលាការ) តាមមាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
ការប្ដឹងចោទប្រកាន់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក នេះ បានធ្វើឡើងបន្ទាប់ពី លោក នី ចរិយា បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅ រិះគន់ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ម្នាក់ទៀត គឺលោក គឺ ឬទ្ធី ថាបានចាប់ឃុំខ្លួនអ្នកភូមិ ២នាក់ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ដែលមានទំនាស់ជាមួយសហគមន៍ដីសម្បទានវៀតណាម មិនត្រឹមត្រូវតាមនីតិវិធីច្បាប់។
សង្គមស៊ីវិល សម្ដែងការសោកស្ដាយចំពោះមន្ត្រីតុលាការ ដែលបានដាក់ពាក្យប្ដឹងអង្គការសិទ្ធិមនុស្សនេះ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរទាំងពីររូបរបស់តុលាការខេត្តសៀមរាប មិនបានអនុវត្តខុសច្បាប់ក្នុងរឿងចាប់ប្រជាពលរដ្ឋ ២នាក់ឃុំខ្លួននោះទេ ហេតុអ្វីក៏មិនធ្វើការពិនិត្យឡើងវិញនៅពេលដែលអង្គការក្រៅរដ្ឋាភិបាល ធ្វើការរិះគន់ ចាំបាច់ខ្វែងគំនិតគ្នារហូតដល់ដាក់ពាក្យប្ដឹងធ្វើអ្វី៖ «ប្រព័ន្ធតុលាការ ហើយប្រព័ន្ធអយ្យការក៏ជាអ្នកអនុវត្តន៍ច្បាប់ ជាអ្នកផ្ដល់យុត្តិធម៌។ អ៊ីចឹងមួយចង់បានយុត្តិធម៌ និងមួយទៀតជាអ្នកផ្ដល់យុត្តិធម៌។ តើវាចាំបាច់អីត្រូវប្ដឹងផ្ដល់ និងឌឺដងដាក់គ្នា?»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ការដែលមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងសកម្មជនសិទ្ធិមនុស្សនេះ គឺជារឿងមួយមិនល្អទេ ពីព្រោះសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលរិះគន់មន្ត្រីខ្លះនៃតុលាការខេត្តសៀមរាប គ្មានចេតនាអ្វីផ្សេងក្រៅតែពីការចង់ពង្រឹងការអនុវត្តច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លីកាដូបារម្ភចំពោះកុមារក្នុងពន្ធនាគារប្រឈមនឹងផ្លូវច្បាប់និងអំពើហិង្សា
- បក្សសង្គ្រោះជាតិអំពាវនាវរដ្ឋាភិបាលបើកចំហសេចក្ដីព្រាងច្បាប់សមាគមនិងអង្គការ
- ពលរដ្ឋភូមិព្រៃជីសាក់សង្កាត់ចោមចៅទាមទារសំណងប៉ះពាល់ពីការពង្រីកផ្លូវវ៉េងស្រេង
- ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាគាំទ្រការបង្កើតច្បាប់ស្ដីពីសហជីព
- ពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងខេត្តកំពង់ឆ្នាំងរិះគន់អាជ្ញាធររឿងលក់ដីព្រៃសហគមន៍
- ពលរដ្ឋខេត្តត្បូងឃ្មុំគ្រោងដាក់ពាក្យបណ្ដឹងជុំវិញបញ្ហាជម្លោះដីធ្លីទៅរដ្ឋសភា
- សហជីពស្នើឲ្យក្រសួងការងារបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
- លោក ឈាង វុន ថានឹងមានសិក្ខាសាលាជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការ
- រដ្ឋាភិបាលជំរុញសង្គមស៊ីវិលឲ្យលើកយកចំណុចខ្វះខាតក្នុងច្បាប់គ្រប់គ្រងអង្គការដាក់ជូនសភា
I fully support ADHOC. Prosecutor and judges should drop the complaint and consult each other to resolve the case for Cambodia’s interest. ADHOC has neither weapon nor iron teeth while the judicial officials are powerful.
អាដហុកប្តឹងមន្រ្តីតុលាការបាន មន្រ្តីតុលាការក៍ប្តឹងអាដហុកបានដែរ។ ខ្ញុំសូមបញ្ជាក់ថាប្រវត្តិរបស់អ្នកការពារសិទ្ធិមនុស្សរូបនេះពុករលួយក៍មិនធម្មតាដែរ។ ប្រាក់ខែគាត់មួយខែប៉ុន្មាន ប្រពន្ធកាត់នៅតែផ្ទះ គាត់ជិះសុទ្ធតែ៤៧០។ បងប្អូនគាត់បីនាក់ធ្វើការនៅអាដហុក មាន នី លីហេង នី សុខា និងរូបគាត់។ នីលីហេងមានប្រពន្ធជាក្មួយរបស់លោក ធន សារាយ។ សកម្មជននៅតាមខេត្តអ្នកណាមិនដឹង ចុះប្រជុំសកម្មជន នី ចរិយាស៊ីដាច់រហូត។ មន្រ្តីអាដហុក៧០%ពុករលួយ រកស៊ីមានបានលើលុយជំនួយ។ NGOsណាខ្លះមិនដឹងថាអាដហុកពុករលួយ? ហេតុអីធន សារាយ ក្រាញ អំណាចម្ល៉េះ ថាអោយហ៊ុន សែន តែគាត់ខ្លាំងជាងហ៊ុន សែនទៅទៀត យកឈ្មោះជាអ្នកការពារសិទ្ធមនុស្ស តែតាមពិតពួកនេះ សាហាវជាងរដ្ឋិាភិបាលទៅទៀត។ នៅក្នុងអាដហុក សុទ្ធតែកូនក្មួយធន សារាយមានដូចជាៈ យី ភីណា យី សុខសាន្ត ធន សុវីរៈ(កូនប្រុស) នី ចរិយា នី សុខា នី លីហេង …។ល។
ហាស ហាស ហា លាងក្តខ្លួនឯងមិនជ្រះផង ចង់លាងក្តអោយគេ។ មានអ្នកណាដឹងថាប្រាក់ខែ ធន សារាយប៉ុន្មាន? ផ្ទះជួលអោយអាដហុកនៅភ្នំពេញមួយខែប៉ុន្មាន? យុត្តិធម៌នៅឯណាលោកនី ចរយា លោក ធន សារាយ។
លុយបានមក ជាលុយ របស់ សហគមន៍ អន្តរជាតិ គេ ជួួយ ពង្រឹងសិទ្ធមនុស្ស !
គឺ លុយបានមក ដោយ កិច្ចការ ខំប្រឹងប្រែង បំរើ សិទ្ធមនុស្ស មិនខ្លាច មន្ត្រី ខិលខូច ដែលសាង
អំពើ អាក្រក់ ធ្វើបាប ប្រជាពលរដ្ឋ ស្លូតត្រង់ !