ដោយ ថា កិត្យា
2015-06-01
RFA

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាខាងមុខព្រះអង្គដងកើ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Den Ayuthyea
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានសហភាពសហជីពចំនួន៥ និងសហព័ន្ធសហជីពចំនួន៦៥ បានផ្ញើលិខិតគាំទ្រការបង្កើតច្បាប់ស្ដីពីសហជីព ជូនស្ថានទូតអាមេរិក និងស្ថានសហគមន៍អឺរ៉ុប នៅថ្ងៃទី១ មិថុនា នេះ។
ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា លោក ជួន មុំថុល មានប្រសាសន៍ថា ច្បាប់ស្ដីពីសហជីពនេះអាចធានាការពារនូវសិទ្ធិសេរីភាព ស្ថិរភាព និងសន្តិភាពការងារ ព្រមទាំងធ្វើឲ្យមានសុខដុមនីយកម្មក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា៖ «ខ្ញុំឃើញនៅក្នុងសេចក្តីព្រាងច្បាប់ហ្នឹង គឺសម្រួលដល់ការងារមួយចំនួន។ ឧទាហរណ៍ ដូចជាការស្នើសុំចុះបញ្ជិកាអីហ្នឹង គឺមិនចាំបាច់ត្រូវការលិខិតថ្កោលទោសអីទេ»។
ទន្ទឹមនឹងសហជីពមួយចំនួនដែលគេស្គាល់ថា ជាសហជីពគាំទ្ររដ្ឋាភិបាល បានផ្ញើលិខិតគាំទ្រឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសហជីពនេះ ក៏មានសហជីពជាច្រើនទៀតស្នើឲ្យរដ្ឋាភិបាលលុបចេញសេចក្ដីព្រាងច្បាប់នេះវិញដែរ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ លើកឡើងថា វាគ្មានអ្វីចម្លែកនោះទេចំពោះមតិ ឬទស្សនៈគាំទ្រដំណើរការបង្កើតច្បាប់សហជីពនេះ ព្រោះសហជីពទាំងនោះមាននិន្នាការគាំទ្ររដ្ឋាភិបាល និងនិយោជកជាស្រេចទៅហើយ។
ប៉ុន្តែសម្រាប់លោក លោកនៅតែមើលឃើញថា ច្បាប់នេះបង្កើតឡើងក្នុងបំណងរឹតបន្តឹងសហជីពឯករាជ្យ មានដូចជា ការកំណត់ចំនួនក្នុងការបង្កើតសហជីពឯករាជ្យដែលការពារសិទ្ធិ និងផលប្រយោជន៍កម្មករ ការបិទការតវ៉ារបស់កម្មករ ការដាក់ពិន័យធ្ងន់ធ្ងរលើសហជីព ការបិទបញ្ជិកាមិនឲ្យមានសហជីពដែលហ៊ានតវ៉ា ឬការទាមទារឲ្យសហជីពដែលមានស្រាប់ចុះបញ្ជិកាឡើងវិញ ជាដើម។
លោកបន្ថែមថា នៅថ្ងៃទី២ មិថុនា សហជីពនឹងផ្ញើលិខិតទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើឲ្យក្រសួងមួយនេះ បញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លីកាដូបារម្ភចំពោះកុមារក្នុងពន្ធនាគារប្រឈមនឹងផ្លូវច្បាប់និងអំពើហិង្សា
- បក្សសង្គ្រោះជាតិអំពាវនាវរដ្ឋាភិបាលបើកចំហសេចក្ដីព្រាងច្បាប់សមាគមនិងអង្គការ
- មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
- សហជីពស្នើឲ្យក្រសួងការងារបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
- លោក ឈាង វុន ថានឹងមានសិក្ខាសាលាជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការ
- រដ្ឋាភិបាលជំរុញសង្គមស៊ីវិលឲ្យលើកយកចំណុចខ្វះខាតក្នុងច្បាប់គ្រប់គ្រងអង្គការដាក់ជូនសភា
- សង្គមស៊ីវិលស្នើឯកអគ្គរាជទូតប្រទេសមួយចំនួនយកចិត្តទុកដាក់បញ្ហារំលោភសិទ្ធិពលករ
- ស្នងការខេត្តព្រះសីហនុចុះធ្វើរដ្ឋបាលជនបរទេសក្នុងមូលដ្ឋាន
- ការរំលោភសិទ្ធិមនុស្សនិងការកាប់ព្រៃឈើជំរុញឲ្យពលរដ្ឋធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន