ពលរដ្ឋខ្មែររងគ្រោះលើទូកនេសាទ៣៨នាក់ត្រូវបញ្ជូនមកកម្ពុជាវិញនៅថ្ងៃនេះ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាពលករខ្មែររងគ្រោះលើទូកនេសាទក្រៅប្រទេសចំនួន៣៨នាក់ នឹងត្រូវបានបញ្ជូនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីពួកគេត្រូវបានជួយសង្រ្គោះពីការធ្វើបាបលើទូកនេសាទ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថាស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ដោយជួយសង្រ្គោះពលករខ្មែរចំនួន៣៨នាក់ពីទូកនេសាទថៃនៅតំបន់កោះបេនជីណា(Benjina) ប្រទេសឥណ្ឌូនេស៊ី។ សេចក្តីប្រកាសបន្តថាបន្ថែមពីបុរសនេសាទ៣៨នាក់នោះ នារីខ្មែរម្នាក់ដែលត្រូវមេខ្យល់នាំយកទៅធ្វើការដោយខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ីក៏នឹងត្រូវបញ្ជូនមកកម្ពុជាវិញដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្ថានទូតកម្ពុជាបានសហការយ៉ាងជិតស្និទ្ធិជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែររងគ្រោះទាំង៣៩នាក់មកកម្ពុជាវិញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១០:០០ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាពលករខ្មែររងគ្រោះដែលចាញ់បោកធ្វើការលើទូកនេសាទក្រៅប្រទេសប្រមាណ២០០នាក់បន្ថែមទៀត នឹងត្រូវបញ្ជូនមកកម្ពុជានៅចុងខែមិថុនា ឆ្នាំ២០១៥នេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ធ្លាប់បានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនពលករខ្មែរច្រើនមកកម្ពុជាវិញថា«យើងមិនដឹងច្បាស់ទេ។ ខ្ញុំគិតថាអាចមកពីយុទ្ធនាការខាងរដ្ឋាភិបាលថៃ ក្នុងបង្រ្កាបការជួញដូរមនុស្ស ការធ្វើការដោយបង្ខំជាដើម»

កាលពីថ្ងៃទី២៩ ខែឧសភា ពលករខ្មែររងគ្រោះ៧នាក់ត្រូវបានបញ្ជូនមកកម្ពុជាវិញ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ពលករខ្មែររងគ្រោះដែលចាញ់បោកធ្វើការលើទូកនេសាទ៥៨នាក់ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា និងអង្គការទេសន្តប្រវេសន៍ ដោយរកឃើញថាពួកគេបានចាញ់បោកមេខ្យល់យកទៅឲ្យធ្វើការដូចទាសករលើទូកនេសាទថៃ៕

 សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles