​ម្ដាយ ដួង តា​រាវ​លក្ខណ៍ មិន​ឲ្យ​កូនស្រីសំ​ពះ​សុំ​ជំនួយ​ពេល​ឈឺ​ធ្ងន់​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com


រូប​ផ្ដល់​ដោយកញ្ញា ឈី​វ វណ្ណ​សិកា ​កូន​ស្រីរបស់​អ្នក​ស្រី ដួង តា​រាវ​លក្ខណ៍

​ខុស​ពី​តារា​សិល្បៈ​មួយចំនួន​ដែល​ប្រើ​ប្រជាប្រិយភាព​អំពាវនាវ​កៀរគរ​រក​ជំនួយ​ក្នុងពេល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ពេល​មាន​តម្រូវការ​ខ្វះខាត​ក្នុង​ជីវភាព​ធ្ងន់ធ្ងរ អ្នកស្រី ដួង តា​រាវ​លក្ខណ៍ មិន​ត្រូវបាន​ក្រុមគ្រួសារ​អនុញ្ញាត​ឲ្យ​លើកដៃ​សុំ​ជំនួយ​បែប​ហ្នឹង​នោះទេ ។ អ្នកស្រី​ត្រូវបាន​ក្រុមគ្រួសារ​ប្រឹងប្រែង​ព្យាបាល​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ ស្ទើរ​មិន​មាន​មហាជន និង​តារា​សិល្បៈ​ដឹងឮ ។​

​អ្នកស្រី លុក សារឹម ម្ដាយបង្កើត​របស់​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ បាន​ថ្លែងប្រាប់​ថា ក្នុងពេល​ជំងឺមហារីក​របស់​កូនស្រី​ធ្វើទុក្ខ​ធ្ងន់ តម្រូវការ​ចាំបាច់​បាន​បង្ខំ​ឲ្យ​អ្នកស្រី និង​ក្រុមគ្រួសារ​ប្រឈម​នឹង​ការលំបាក​ហួស​ពី​ការ​ស្មាន​។ ប៉ុន្តែ​អ្នកស្រី​មិន​ត្រឹមតែ​មិន​ទុក​ឲ្យ​កូនស្រី​ស្លាប់​តាម​សភាព​ជំងឺ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ប្រឹង​ពុះពារ​បញ្ជូនទៅ​វះកាត់​អស់​រាប់ពាន់​ដុល្លារ ដើម្បី​ពន្យារ​ជីវិត ។ អ្នកស្រី​មិន​ព្រម​ឲ្យ​កូនស្រី​ប្រើ​មធ្យោបាយ​បង្ហោះ​ជា​វីដេអូ​ឃ្លីប​លើកដៃ​សំពះ​សុំ​ការអាណិតអាសូរ​ដើម្បី​រក​ជំនួយ​ដូច​តារា​ដែល​មាន​ទុក្ខ​ធ្ងន់​ផ្សេង​ទៀត​នោះ​ទេ បើ​ទោះ​ជា​ស្ថានភាព​គ្រួសារ​ស្ថិត​ក្នុង​ការលំបាក​រឿង​ថ្លៃ​ព្យាបាល​ក្ដី ។​

​ម្ដាយបង្កើត​របស់​តារា​សម្ដែង ដួង តា​រាវ​លក្ខណ៍ រូបនេះ មានប្រសាសន៍ថា «​ក្នុង​ពេល​កូន​ឈឺ ទាំង​ខ្ញុំ​ទាំង​ក្រុម​គ្រួសារ​អស់​ហ្មង​អូន ព្រោះ​ជំងឺ​ហ្នឹង​វា​ចំណាយ​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់ឲ្យ​កូនលើកដៃ​សំពះសុំ​ជំនួយ​ពី​ណា​ទេ ទោះ​ជា​លោក សុះ ម៉ាច គាត់​ថា​ឲ្យ​យើង​ធ្វើ​អញ្ចឹង​ទៅ គាត់​ជួយ​ផ្សព្វផ្សាយ ក៏​ខ្ញុំ​អត់​ដាច់ចិត្ត​ឲ្យ​កូន​ធ្វើ​ដែរ អាណិតកូន ម្យ៉ាង​គ្នា​កើត​ជំងឺ​អញ្ចឹង តើ​ឲ្យ​គ្នា​ទៅ​ថត​វីដេអូ​ឃ្លីប​ប្រកូក​ប្រកាស​ប្រាប់​គេឯង​អញ្ចឹង​កើត​ទេ ខ្ញុំ​ធ្វើ​មិន​រួច ទើប​សម្ងំ​លំបាក​តែ​ឯង​រហូត​ដល់​គាត់​ស្លាប់​»​។​

​អ្នកស្រី លុក សារឹម ប្រាប់ថា បើ​មាន​ការអាណិតអាសូរ ហើយ​មាន​ការផ្ដល់​ជំនួយ​គឺជា​រឿង​មិនសូវ​ចោ​ទទេ ប៉ុន្តែ​បើ​បាន​ត្រឹម​តែ​បើក​កកាយ​ពី​ស្ថានភាព​របស់​កូនស្រី​ទៅកាន់​មហាជន នោះ​ជា​រឿង​មិន​សូវ​ល្អ​ស្ដាប់​ឡើយ ចំពោះ​ជំងឺមហារីក​ស្បូន ។ ម្យ៉ាង​វា​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​របស់​អ្នកជំងឺ​ជាកូន​ស្រី​នោះ​ផង ទើប​អ្នកស្រី​មិន​ព្រម​ទម្លាយ​ពី​ការខ្វះខាត​នាពេលនោះ ដើម្បី​ឲ្យមាន​ការជួយ​សង្គ្រោះ​ណាមួយ​ពី​សប្បុរសជន ក្នុងពេល​ដែល​កូនស្រី​ក៏​ជា​តារា​មាន​គេ​ស្គាល់​ច្រើន ។ អ្នកស្រី​ប្រាប់ថា ត្រឹម​តែ​រយៈពេល​មួយ​ខែ​ក្រោយ​ការវះកាត់​ដុំ​សាច់​មហារីក​ប៉ុណ្ណោះ ទើប​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ ត្រូវបាន​ក្រុមគ្រួសារ​ទម្លាយ​ឲ្យដឹង​ពី​ស្ថានភាព​ជំងឺ​ដែល​បាន​កើតឡើង ។​

​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ ត្រូវ​ក្រុមគ្រួសារ​សម្រួល​អារម្មណ៍​រហូតដល់​មាន​ស្មារតី​នឹងន៎ ដើម្បី​ឲ្យ​អ្នកស្រី​អាច​ទទួលយក​ការ​ពិត​ពី​ជំងឺមហារីក​ស្បូន​ហ្នឹង ។ អ្នកស្រី លុក សារឹម បន្តថា «​ពី​ដំបូង​យើង​អត់​ចង់​ឲ្យ​កូន​ដឹង​ពី​ជំងឺហ្នឹង​ទេ ប៉ុន្តែ​មួយ​ខែ​ក្រោយ​វះកាត់​រួច​យើង​ប្រាប់​គាត់ ពន្យល់​គាត់ ហើយ​ព្យាយាម​សម្រួល​អារម្មណ៍​គាត់  គាត់​ក៏​ទទួលយកបាន គាត់​យំ​សុំទោស​ពួកយើង ដែល​គាត់​មាន​ជំងឺ​អញ្ចឹង ប៉ុន្តែ​យើង​ព្យាយាម​ពន្យល់​គាត់​កុំ​ឲ្យ​គាត់​ពិបាកចិត្ត ទាំង​រឿង​ថ្លៃ​ព្យាបាល ទាំង​រឿង​កូនស្រី​របស់​គាត់ គឺ​យើង​លើកទឹកចិត្ត​គាត់​រហូត សូម្បី​តែ​ពេល​ដែល​យើង​ដឹង​ថា​ស្ថានភាព​ជំងឺ​គាត់​ឈានដល់​ដំណាក់កាល​ពិបាក​ទៅហើយ ក៏​យើង​នៅ​តែ​ហៅ​ពេទ្យ​មក​ព្យាបាល​គាត់​រហូត គឺ​ធ្វើ​រហូត​ទាល់តែ​ដល់​ដំណាក់កាល​ចុងក្រោយ​ហ្នឹង​តែម្ដង​»​។​

​អ្នកស្រី លុក សារឹម ប្រាប់ថា ស្ថានភាព​គ្រួសារ​មិនមែន​ជា​អ្នក​មាន​នោះទេ ហើយ​ក៏​មិនមែន​ជា​អ្នកធូរធារ​នោះដែរ ប៉ុន្តែ​សម្រាប់​តម្រូវ​ដែល​មិន​អាច​ខ្វះ​បាន គឺ​ក្រុម​គ្រួសារ​មាន​តែ​ប្រឹង​ដុតដៃដុតជើង​គ្រប់គ្នា ចាប់តាំងពី​អ្នកស្រី ដួង តា​រាវ​លក្ខណ៍ ត្រូវ​ក្រុម​គ្រូពេទ្យ​រកឃើញថា មាន​ជំងឺ​ដុំ​សាច់​មហារីក​ក្នុង​ស្បូន ។ អ្នកស្រី​មាន​ប្រសាសន៍ថា «​បើ​និយាយ​រឿង​ខ្វះ​គឺ​យើង​ខ្វះ​អូន ប៉ុន្តែ​ដាច់ខាត​ខ្ញុំ​មិន​ឲ្យ​កូនទៅ​លើកដៃ​សំពះ​សុំ​លុយ​ក្នុង​ពេល​ពួក​យើង​ត្រូវ​ការវះកាត់​គាត់ និង​ពេល​ដែល​កូន​ឈឺ​ធ្ងន់​កើត​ទេ លោក សុះ ម៉ាច និង​អ្នក​ផ្សេង​ទៀត ចង់ឲ្យ​យើង​ធ្វើ​អញ្ចឹង ដើម្បី​បាន​លុយ​ជួយ​ខ្លះ ប៉ុន្តែ​ខ្ញុំ​ប្រាប់​វិញ​ថា អត់ឲ្យ​កូន​ធ្វើទេ អាណិតកូន​ណាស់ ជាក់ស្ដែង​សូម្បីតែ​ខ្ញុំ​ចុះ​ផ្សាយ​ពី​រឿង​កូន​ហ្នឹង ក៏​ខ្ញុំ​អត់​ត្រូវការ​អី​ពី​ការចុះផ្សាយ​ហ្នឹង​ដែរ​(​ជំនួយ​) ព្រោះ​គ្រួសារ​ខ្ញុំ​អាច​រ៉ាប់រង​បាន​» ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី ដួង តា​រាវ​លក្ខណ៍ បាន​លាចាក​លោក​ដោយសារ​ជំងឺមហារីក​ស្បួន កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ឧសភា ហើយ​ពិធី​បុណ្យ​៧​ថ្ងៃ​នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ពុធ​ទី​៣ ខែ​មិថុនា​នេះ ៕

អត្ថបទ​ទាក់ទង​៖  ដួង តា​រាវ​លក្ខណ៍ ជីវិត​ក្ដុកក្ដួល មុន​ថ្ងៃ​ចែក​ឋាន​ 

សូម​សរសេរ​មក​លោក វង្ស សុម៉ាលីន តាម​រយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "​ម្ដាយ ដួង តា​រាវ​លក្ខណ៍ មិន​ឲ្យ​កូនស្រីសំ​ពះ​សុំ​ជំនួយ​ពេល​ឈឺ​ធ្ងន់​​"

  1. pingpong says:

    ១. ខ្មែរយើងខ្វះការយកចិត្តទុកដាក់គ្នាទៅវិញទៅមក!! ខ្មែរយើងខ្វះការសាមគ្គី!!!
    ២. ខ្ញុំនិយាយរឿង២ ក្នុងចំណោមមន្រ្តីរាជការខ្មែរយើង៖
    ក. រឿងទី១៖ លោកមេម្នាក់ចូលចិត្ត បន្តិចធ្វើខួបកំណើតអោយកូន បន្តិចអោយប្រពន្ធ បន្តិចអោយខ្លួនឯង បន្តិចបុណ្យចំរើនម្តាយ បន្តិចកឋិន បន្តិចបុណ្្យផ្កា…… កូនចៅក្រោមបង្គាប់វក់វីនិងទៅតាមការអញ្ជើញរបស់មេ ខែខ្លះសឹងដាច់បាយខ្លួនឯង!!! មិនទៅមិនកើត មេហើយ ខ្លាចមេមើលមិនឃើញ!! ស្រាប់តែថ្ងៃមួយ លោកមេនោះស្លាប់ដោយជំងឺផឹកច្រើន!!! ម្តាយអើយគ្មានកូនចៅណាម្នាក់ទៅចូលរួមបុណ្យសពសោះ!! អើបើវា ងាប់ហើយ ទៅយកចិត្តវាចុះនរកធ្វើស្អី??
    ខ៖ រឿងទី២៖ គឺមានស្រ្តីម្នាក់ បានបំរើការងាររដ្ឋនិងបក្សប្រជាជនចំនួន៣០ឆ្នាំ!! ដល់ពេលចូលនិវត្ត ស្រាប់តែស្រ្តីនោះរត់ទៅរកមេបក្សប្រជាជនស្ថាប័ននោះនិងជារដ្ឋលេខាធិការផងដែរ ជួយដើម្បីអាចក្លាយជាជំនួយការ ពីព្រោះខ្លួនជាស្រ្តីមេមាយ គ្មានសល់អ្វីទេ!! តើលោកអ្នកដឹងទេ ថាតើមេបក្សប្រជាជននិងជារដ្ឋលេខាធិការនោះនិយាយថាម៉េច?? ម្តាយអើយ ឯកឧត្តមនោះនិយាយថា៖ បើដល់អាយុចូលនិវត្តហើយ ម្តេចមិនទៅផ្ទះទៅ នៅធ្វើអីទៀត!! ស្រ្តីនោះបានចេញពីបន្ទប់ ស្រក់ទឹកភ្នែកបណ្តើរ!! តើអ្នកដឹងទេថា ស្រ្តីនោះគិតអីនៅក្នុងចិត្ត?
    ៣. សង្គមបក្ខពួកនិងគ្រួសារនិយម គឺគេមិនអោយតម្លៃអ្នកដទៃ ក្រៅពីក្រុមខ្លួននោះទេ!!!