​អ្នក​ខេត្តព្រះវិហារ​ជំរុញ​អាជ្ញាធរ​ខេត្ត​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​តាម​គោលការណ៍​ច្បាប់​​

ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com

​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយអ្នក​មាន​លុយ មាន​អំណាច​នៅក្នុង​ខេត្ត​នេះ ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ ។​

​តាម​គម្រោង ប្រជាពលរដ្ឋ​ជាង​២​ពាក់​នាក់​មកពី​បណ្ដា​ស្រុក​ទាំង​៧ នៃ​ខេត្ត​ព្រះវិហារ​នឹង​ជួបជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែ​មិថុនា​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី ស្រែ ចម្ការ និង​ដី​លំនៅដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ។ ប៉ុន្តែ​តាម​ប្រភព​ពី​អង្គការ​នានា ដែល​តាមឃ្លាំមើល​ការប្រមូលផ្ដុំ​នេះ​ឲ្យដឹងថា ប្រជាពលរដ្ឋ​មួយចំនួន​មកពី​បណ្ដា​ស្រុក​ផ្សេងៗ​ក្នុង​ខេត្ត​នេះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​រារាំង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ ដើម្បី​ចូលរួម​កម្មវិធី​ជួបជុំគ្នា​នា​ព្រឹក​នេះ​ទេ ។​

​សូមជម្រាបថា បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិដើម​ភាគតិច​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច  បានអូសបន្លាយ​ជាច្រើន​ឆ្នាំ  រហូតមកទល់​ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​សមស្រប​តាម​គោលការណ៍​ច្បាប់​នៅឡើយ ។​

​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​លើកឡើងថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក  ខេត្ត  រហូតដល់​ថ្នាក់​ជាតិ ដោយ​ស្នើសុំ​ឲ្យមាន​ការសិក្សា​ពី​ផលប៉ះពាល់​ជា​មុន​សិន មុន​នឹង​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ តែ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត មិន​ត្រឹមតែ​មិន​ទប់ស្កាត់​ការ​ឈូសឆាយ​នោះទេ  ថែម​ទាំង​ការពារ​ក្រុមហ៊ុន​ឲ្យចូល​ឈូសឆាយ​ថែមទៀត ដោយ​មិន​ស្តាប់  និង​ចាត់ការ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ឋ​តុលាការ  ដើម្បី​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​ទៀតផង ៕

សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

What Next?

Recent Articles