កម្មករ​រោងចក្រ​អឹមវ៉េ​ចាក់អង្រែក្រោម​បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌការងារនៅសេសសល់​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com


រូបភាពពីកម្មករអ្នកសារព័ត៌មាន

កម្មករជាង​១០០នាក់​ ដែល​ធ្វើ​ការ​នៅ​រោងចក្រM&V1 និង​M&V3 ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​អង្គារនេះ បានបន្ត​តវ៉ា​ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ការងារ​៦ចំណុចនៅសេសល់​​ពីក្រុមហ៊ុន។​

​លិខិត​របស់​កម្មកររោងចក្រM&V1 និង​M&V3 ដែលត្រូវ​បាន​ផ្សព្វផ្សាយ​ពេល​តវ៉ា ឲ្យដឹង​ថា​កម្មករទាមទារ​៦ចំណុច ដែល​ក្នុង​នោះ​រួមមាន​​ស្នើឲ្យ​ផ្តល់​ប្រាក់​លើក​ទឹកចិត្ត​កម្មករ​ដែ​ល​មក​ធ្វើ​ការនៅថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ​ មួយថ្ងៃ​៣ដុល្លារ ស្នើ​ឲ្យ​​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​លំហែ​មាតុ​ភាព​ចំនួន​១០០ភាគរយ ហើយ​​បើក​មុន​ទាំងអស់​ដោយ​គិត​លុយ​ជា​មធ្យមភាគ​ ស្នើ​ឲ្យ​រោងចក្រ​​រក្សាបង់ថ្លៃ​ពន្ធ​លើ​ប្រាក់​ខែ​ជំនួស​កម្មករ​ដដែល ស្នើ​ឲ្យ​រោងចក្រ​ផ្តល់​អាហារចំនួន​ពីរពេល​ដល់​កុមារ​ដែល​មក​នៅ​ក្នុង​ទារក​ដ្ឋាន​របស់​ក្រុមហ៊ុន ស្នើ​រោងចក្រ​បញ្ឈប់​ជំនួយ​ការរដ្ឋបាល​ឈ្មោះ ឈុន រ៉ុង ចេញ​ពី​ការងារ និង​មួយ​ទៀត​ស្នើ​ឲ្យ​​រក្សា​ប្រាក់ឈ្នួល និង​ប្រាក់រង្វាន់​ផ្សេងៗនៅដដែល បើ​ទោះ​​កម្មករ​មកធ្វើ​ការ​យឺត​​ម្តង​ម្កាល​​មិន​លើស​ពី​១០នាទី។​

កម្មករ​គ្រោង​នឹង​ហែ​មក​ផ្ទះលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹក​ថ្ងៃ​នេះ តែ​ត្រូវ​បានរារាំង និង​​ហៅ​ចូល​ដើម្បី​ចរចា​​រកដំណោះស្រាយ។​

រូបភាពពីកម្មករអ្នកសារព័ត៌មាន

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ កម្មករ​បាន​តវ៉ា​ទាម​ទារ​លក្ខខណ្ឌ​១២​ចំណុច។ កម្មករ​ឲ្យ​ដឹង​ថាលក្ខខណ្ឌ​ដែល​ភាភី​រោងចក្រ​បាន​ទទួលយ​កមាន​ដូចជា គណនា​ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ​ដោយ​យក​មធ្យមភាគ​ នៃ​ប្រាក់​ឈ្នួល​សរុប​រយៈពេល​១២​ខែ​ចុង​ក្រោយ ​ធ្វើជា​មូលដ្ឋាន គណនា​ប្រាក់​ឈ្នួល​ឲ្យ​កម្មការនី​ដែល​ចេញមុន​១​ម៉ោង​ទៅ​បំបៅកូន និង​ផ្ដល់​ប្រាក់​បាយ​ថែម​ម៉ោង​នៅ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​អាទិត្យ​ចំនួន​១០០០​រៀល​បន្ថែម​លើ​ប្រាក់​២០០០​រៀល​ដែល​មាន​ស្រាប់ជាដើម។​

គួរ​បញ្ជាក់​កម្មកររោងចក្រM&V1 និង​M&V3 បាន​ចេញមុខ​តវ៉ា​ជាង​មួយសប្តាហ៍រួចមកហើយ៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles