ដោយ ប្រាជ្ញ ចេវ
2015-06-02
RFA

ក្រុមពលរដ្ឋ ៧៥គ្រួសារនៅស្រុកឆ្លូង ខេត្តក្រចេះ ឲ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ បានដឹកនាំគ្រឿងចក្រចូលឈូសឆាយដីដំណាំរបស់ពួកគាត់ ដើម្បីផ្តល់ដីឲ្យពលរដ្ឋមួយផ្សេងទៀតដែលទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។
សង្គមស៊ីវិល និងតំណាងរាស្ត្របក្សប្រឆាំង រិះគន់ចំណាត់ការបែបនេះ និងស្នើកុំប្រើវិធីសាស្ត្របណ្ដេញពលរដ្ឋមួយក្រុមចេញ ហើយយកពលរដ្ឋមួយក្រុមផ្សេងទៅរស់នៅលើដីដដែលនោះ។
ម្តងជាពីរដង អាជ្ញាធរខេត្តក្រចេះ នៅតែប្រើវិធានការដដែលៗដោយបណ្ដេញពលរដ្ឋមួយក្រុមចេញ ក្រោមហេតុផលថាជាក្រុមអនាធិបតេយ្យ ចូលទន្ទ្រានយកដីរដ្ឋ និងយកពលរដ្ឋមួយក្រុមផ្សេងទៀត ឲ្យទៅរស់នៅលើដីដដែលនោះ ព្រោះអ្នកទាំងនោះទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋ នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ពលរដ្ឋម្នាក់ដែលដំណាំគាត់រងការឈូសឆាយ លោកស្រី ស៊ាង លីនស្ហៀង ឲ្យដឹងថ្ងៃទី១ ខែឧសភា ថា ដីលោកស្រីប្រមាណ ១០ហិកតារមានទាំងដើមស្វាយចន្ទី និងដំឡូង ត្រូវគ្រឿងចក្រឈូសបំផ្លាញដោយចោទប្រកាន់ថា លោកស្រីរស់នៅលើដីនោះខុសច្បាប់។ លោកស្រីស្នើឲ្យស្ថាប័ននានា អន្តរាគមន៍ជួយទប់ស្កាត់ជាបន្ទាន់៖ «គេដេញខ្ញុំចេញយកដីឲ្យអ្នកផ្សេង ព្រោះគេអំណាច គេថាខ្ញុំអត់ច្បាប់។ ខ្ញុំរស់នៅលើដីនោះជាង ១០ឆ្នាំមកហើយ»។
អនុក្រឹត្យលេខ៥៤ របស់រដ្ឋាភិបាល សម្រេចផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៣.៦៧១ហិកតារ ឲ្យទៅក្រុមពលរដ្ឋ ៩៩៨គ្រួសារ នៅឃុំកំពង់ដំរី ស្រុកឆ្លូង។
ទាក់ទងករណីនេះ មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ យល់ថា ការផ្តល់ដីដោយមិនបានសិក្សាពីទីតាំងច្បាស់លាស់នេះ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ដីធ្លីពលរដ្ឋដែលប្រើប្រាស់អាស្រ័យផល។ លោកបន្តថា សមាគមអាដហុក នឹងស៊ើបអង្កេតបន្ត ហើយនឹងធ្វើអន្តរាគមន៍ផ្លូវច្បាប់ទៅស្ថាប័នថ្នាក់ជាតិ ឲ្យជួយដោះស្រាយ៖ «ប្រជាពលរដ្ឋដែលអាជ្ញាធរយល់ថាស្របច្បាប់ យកទៅដាក់លើដីពលរដ្ឋមួយក្រុមទៀតនេះ គឺធ្វើឲ្យប៉ះពាល់ដីផ្ទះពួកគាត់ នេះជាការរំលោភបំពានសិទ្ធិ។ សមាគមអាដហុក នឹងបន្តតាមដានរឿងទៀត»។
ករណីដូចនេះកើតឡើងម្តងរួចហើយកាលពីខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ ដោយអាជ្ញាធរខេត្តក្រចេះ បណ្ដេញពលរដ្ឋមួយក្រុមចេញ ហើយយកពលរដ្ឋមួយក្រុមថ្មីទៀតចូលរស់នៅ ធ្វើឲ្យមានករណីពលរដ្ឋដុតផ្ទះពលរដ្ឋ រហូតធ្វើឲ្យគណៈកម្មការទី១ នៃរដ្ឋសភា កោះអញ្ជើញលោកអភិបាលខេត្តទៅឆ្លើយបំភ្លឺនៅរដ្ឋសភា កាលពីខែឧសភា។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី ដែលជាអាណាព្យាបាលអាជ្ញាធរខេត្ត ពុំអនុញ្ញាតឲ្យទៅបំភ្លឺជុំវិញករណីនេះទៅវិញ។
ឆ្លើយតបករណីនេះ អភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង ឲ្យដឹងថា អាជ្ញាធរមិនបានឈូសដីពលរដ្ឋណារស់នៅលើដីស្របច្បាប់នោះទេ។ លោកចោទប្រកាន់ថា ក្រុមពលរដ្ឋទាំងនោះចូលមករស់នៅដោយអនាធិបតេយ្យលើដីរដ្ឋ ដោយមានអ្នកញុះញង់នៅពីក្រោយ៖ «ចេះតែថាគេដេញគាត់ចូលមកនៅស្រេចតែចិត្ត មានអ្នករុញគូថពីក្រោយ ចឹងពិបាកដោះស្រាយណាស់»។
លោកអភិបាលខេត្តមិនអាចពន្យល់លម្អិតពីចំណាត់ការរបស់អាជ្ញាធរខេត្ត ក្នុងការផ្តល់ឲ្យក្រុមពលរដ្ឋ ៩៩៨គ្រួសារ ដោយរុញទៅអភិបាលខេត្ត លោក ខ័ណ្ឌ ចំណាន ដែលទទួលបន្ទុករឿងនេះ។ ប៉ុន្តែវិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺពី លោក ខ័ណ្ឌ ចំណាន បាននៅឡើយទេ ដោយទូរស័ព្ទលោករោទ៍គ្មានអ្នកទទួល។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកអង្កេត សិទ្ធិមនុស្ស និងពាក្យបណ្ដឹង លោក អេង ឆៃអ៊ាង ថ្កោលទោសសកម្មភាពរបស់អាជ្ញាធរខេត្ត។ លោកប្រាប់ឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹងមកសភា ហើយលោកអះអាងថា គណៈកម្មការទី១របស់លោក នឹងអង្កេតរឿងនេះ ក្នុងករណីចាំបាច់ លោកនឹងអញ្ជើញរដ្ឋមន្ត្រីពាក់ព័ន្ធឲ្យមកឆ្លើយបំភ្លឺបន្ថែម៖ «ខ្ញុំយល់ឃើញថា វាមិនត្រឹមត្រូវ អាជ្ញាធរដោះស្រាយបែបហ្នឹងព្រោះខេត្តក្រចេះ មានដីច្រើនណាស់ ហេតុអីចាំបាច់ដេញពលរដ្ឋមួយក្រុមចេញ យកពលរដ្ឋមួយក្រុមទៀតមកដាក់ជំនួសដូចនេះ»។
ការឈូសឆាយដីដំណាំក្រុមពលរដ្ឋ ៧៥គ្រួសារ បានចាប់ផ្ដើមកាលពីថ្ងៃទី២៥ ខែឧសភា នៅពេលប្រតិបត្តិការនេះ ក្រុមពលរដ្ឋរងផលប៉ះពាល់តែងចេញមកប្រឆាំងតវ៉ា។ សមាគមអាដហុក បានផ្តល់ចំណាត់ថ្នាក់ខ្ពស់ទៅអាជ្ញាធរខេត្តក្រចេះ ថាមានជំនាញដុតផ្ទះ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមានជម្លោះដីមកពីខេត្តកោះកុងនិងក្រចេះដាក់ញត្តិនៅរដ្ឋសភា
- ពលរដ្ឋជាង២០គ្រួសារនៅខេត្តស្វាយរៀងបារម្ភរដ្ឋាភិបាលដកហូតដីស្រែ
- ពលរដ្ឋភូមិព្រៃជីសាក់សង្កាត់ចោមចៅទាមទារសំណងប៉ះពាល់ពីការពង្រីកផ្លូវវ៉េងស្រេង
- មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
- ពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងខេត្តកំពង់ឆ្នាំងរិះគន់អាជ្ញាធររឿងលក់ដីព្រៃសហគមន៍
- ពលរដ្ឋខេត្តត្បូងឃ្មុំគ្រោងដាក់ពាក្យបណ្ដឹងជុំវិញបញ្ហាជម្លោះដីធ្លីទៅរដ្ឋសភា
- អាជ្ញាធរឃុំជាំខេត្តត្បូងឃ្មុំស្នើអាជ្ញាធរស្រុកចាត់វិធានការចំពោះវៀតណាមឃាត់ខ្លួនពលរដ្ឋខ្មែរ
- សហគមន៍មានទំនាស់ដីធ្លីនៅព្រះវិហារចោទអាជ្ញាធរថារារាំងមិនឲ្យធ្វើវេទិកាសាធារណៈ
- ពលរដ្ឋនៅខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាព