​បក្សប្រឆាំង​ថា ការ​ចាយ​លុយ​​មិន​អស់​​បញ្ជាក់​​ថា​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​​មិន​​អាច​​ធ្វើ​កា​រ​ដោយ​​ឯករាជ្យ​​

ដោយ៖​ ថោ ស៊ីណា​​ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 06:03 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មន្ត្រី​បក្សប្រឆាំង​លើកឡើងថា ការ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រើប្រាស់​ថវិកា​ជាតិ​នៅ​សល់​ជិត​៤០​ភាគ រយនៃ​ថវិកា​សរុប​ប្រចាំឆ្នាំ​២០១៣ ដោយសារ​តែ​អង្គភាព​នេះ​ស្ថិត​ក្រោម​គ្រប់គ្រង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ហេតុ​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​អាច​ធ្វើការ​ដោយ​ឯករាជ្យ​បាន ។

​យោងតាម​របាយការណ៍​ឆ្នាំ​២០១៣ ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យដឹងថារដ្ឋាភិបាល​បាន​ប្រគល់​ថវិកា​ប្រមាណ​ជិត​៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​​​ចាត់ចែង​ថវិកា​នោះ​តាម​ផែនការ​របស់​អង្គភាព​នេះ។ ប៉ុន្តែ​របាយការណ៍​បញ្ជាក់ថាអង្គភាព​នេះ​បាន​ចាយ​លុយ​​​នៅសល់​ប្រមាណ​២​លាន​៥​សែន​ដុល្លារលើ​ថវិកា​សរុប​នោះ ។ 

​ទាក់ទង​នឹង​ករណី​នេះ អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនា​គារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថារាល់​គម្រោង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សុន ឆ័យ បន្តថាអង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ មិនអាច​ប្រើប្រាស់​ថវិកា​តាម​គម្រោង​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​ឯករាជ្យ​បាន​ទេ​ទើបបាន​ជា​សល់ថ​វិកា​ច្រើន​ដូច្នេះ ។

​លោក សុន ឆ័យ បន្ថែមថាតាម​ការស្រាវជ្រាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រកឃើញថា ការប្រើប្រាស់​ថវិកាជាតិ​ស្ទើរ​តែ​គ្រប់​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់ មិន​បាន​ប្រើប្រាស់​ដោយ​តម្លាភាព និង​ស្រប​តាម​គោលការណ៍​រដ្ឋា​ភិបាល​បាន​ដាក់​ជូន​នោះទេ ។ លោក​អះអាង​ថាក្រសួង និង​ស្ថាប័ន​ទាំងនោះ មិន​បាន​បង្ហាញ​ការចាត់ចែង​ថវិកា​​តាម​គម្រោង​ប្រចាំឆ្នាំ​របស់​ខ្លួន​ទេ ហើយ​លើសពីនេះ​ទៅទៀត លោក សុន ឆ័យ ​ថា​រដ្ឋាភិបាល​មិនបាន​ធ្វើ​ការទូទាត់​​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួង និង​ស្ថាប័ន​នានា​ដែល​រដ្ឋ​បាន​ប្រគល់ជូន​នោះ​ទេ ។

​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក អ៊ីវ ភារម្យ ប្រាប់​VOD​យ៉ាងខ្លី​ថាលោក​មិន​បានដឹង​អំពី​ការប្រើប្រាស់​​ថវិកា​របស់​អង្គភាព​ទេ ដោយ​លោក​អះអាងថា លោក​មិនមែន​ជា​អ្នក​កាន់​ថវិកា​ទាំងនោះ។ យ៉ាងណាក៏​ដោយ លោក អ៊ីវ ភារម្យ ឲ្យដឹងទៀតថាការ​ចាយ​លុយ​តិច ប្រសើរ​ជាង​ចាយ​លុយ​ច្រើន ។ 

​បើតាម​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣ ថវិកា​សរុប​ដែល​ត្រូវ​ចំណាយ​មាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ក្រសួង​សុខាភិបាល​មាន​ចំនួន​ប្រមាណ​២២៥​លាន​ដុល្លារ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ចំនួន​ប្រមាណ​២៨០​លាន​ដុល្លារ ហើយ​ក្រសួង​ទាំងនោះ​បាន​ប្រើប្រាស់​អស់​ជាង៩០​ភាគរយ​នៃ​ថវិកា​ទាំងអស់ ដែល​រដ្ឋាភិបាល​បាន​ដាក់ជូន ដោយ​មាន​តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ប្រើប្រាស់​ថវិកា​ជាតិ​អស់​៦៤​ភាគរយ​នៃ​ថវិកា​សរុប ដែល​រដ្ឋាភិបាល​បាន​ដាក់ជូន ៕

សូម​សរសេរ​មក​លោក ថោ ស៊ីណា​ តាម​រយៈ sina@vodhotnews.com

What Next?

Recent Articles