ដោយ ហង្ស សាវយុត
2015-06-22
RFA

ទូ អេ.ធី.អឹម (ATM) របស់ធនាគារកាណាឌីយ៉ា (Canadia) និងធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (AZN Royal) ដែលដាក់បម្រើសេវានៅក្នុងផ្សារទំនើបឡាក់គីម៉ល (Lucky Mall) នាភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ កណ្ដាលទីក្រុងសៀមរាប។ រូបថតថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ (RFA/Hang Savyouth)
ប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប ឲ្យដឹងថា ជនមិនស្គាល់មុខបានលួចគាស់ប្រអប់ អេ.ធី.អឹម (ATM) របស់ធនាគារកាណាឌីយ៉ា (Canadia) និងធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (AZN Royal) ដែលដាក់បម្រើសេវានៅក្នុងផ្សារទំនើបឡាក់គីម៉ល (Lucky Mall) នាភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ កណ្ដាលទីក្រុងសៀមរាប។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ គឺលោក ថង សាគុណ។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃច័ន្ទ ទី២២ ខែមិថុនា ថា សកម្មភាពលួចគាស់ទូលុយ អេ.ធី.អឹម របស់ធនាគារនេះ បានកើតឡើងកាលពីរំលងអាធ្រាត្រថ្ងៃអាទិត្យ ទី២១ ចូលមកថ្ងៃទី២២ ខែមិថុនា។ លោក ថង សាគុណ បញ្ជាក់ទៀតថា ទូលុយ អេ.ធី.អឹម ដែលដាក់បម្រើសេវានៅក្នុងផ្សារទំនើបនោះ មានទាំងអស់ចំនួន៦ ក៏ប៉ុន្តែទូចំនួន២ ត្រូវជនមិនស្គាល់មុខលួចគាស់យកបានប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក និងជាច្រើនលានរៀល៖ «យើងបានទទួលផ្លូវការពីខាងធនាគារកាណាឌីយ៉ា គេដាក់ប្ដឹងទារសំណងពីម្ចាស់ផ្សារឡាក់គីម៉ល គឺលុយដុល្លារជាង ៦ម៉ឺន និងលុយខ្មែរជាង ៩លានរៀល ចំណែ អេ.អិន.ហ្សិត រ៉ូយ៉ាល់ មិនទាន់ឃើញដាក់ពាក្យបណ្ដឹងនៅឡើយ»។
ប៉ូលិសសន្និដ្ឋានថា ជនដែលលួចគាស់ទូ អេ.ធី.អឹម យកលុយនេះ ទំនងជាស្ថិតនៅក្នុងចំណោមបុគ្គលិកបម្រើការនៅក្នុងផ្សារ ពីព្រោះតែគេមានបច្ចេកទេសច្បាស់លាស់មិនឲ្យកាមេរ៉ាសុវត្ថិភាពចាប់រូបភាពនៃសកម្មភាពទាំងនោះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកំពង់ធំបញ្ជាក់ថារូបដំរីជាន់ខ្លាតំណាងឲ្យខេត្តមិនបាត់ទេ
- ពលរដ្ឋស្នើអាជ្ញាធរខេត្តស្ទឹងត្រែងពិនិត្យប៉ុស្តិ៍កុងត្រូលជំរិតទារលុយខុសច្បាប់
- មន្ត្រីសង្គមស៊ីវិលបារម្ភពីសុវត្ថិភាពស្ពានសេកុងខេត្តស្ទឹងត្រែង
- តុលាការដាក់ទោសលោក ថោង សារ៉ាត់ និងឪពុកម្ដាយពីបទរក្សាទុកអាវុធខុសច្បាប់
- ពលរដ្ឋខេត្តកំពង់ឆ្នាំងជាង២០០នាក់ផ្ដិតមេដៃសុំដកព្រះចៅអធិការវត្តឧទុម្ពរ
- ពលរដ្ឋនៅប៉ោយប៉ែតបារម្ភខ្លាចខ្វះខាតទឹកស្អាតនៅសប្ដាហ៍ក្រោយ
- ប៉ូលិសខេត្តសៀមរាបចាប់បុគ្គលិកមីក្រូហិរញ្ញវត្ថុ EBC ៧នាក់ចោទពីបទដើរបោកប្រាស់
- មន្ត្រីសិទ្ធិមនុស្សសាទរការបង្ក្រាបក្រុមជួញដូរស្ត្រីឆ្លងដែនទៅប្រទេសចិន
- អង្គការអន្តរជាតិជំរុញឲ្យកម្ពុជាផ្ដន្ទាទោសអ្នករំលោភសិទ្ធិមនុស្សចាប់ពីឆ្នាំ២០១២