ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃអង្គារ ទី23 មិថុនា 2015, 08:43 AM
http://vodhotnews.com
លោក សាវិន ហ្វីលីព និងដូនចាស់នៅមុខសំណង់បង្គន់ និងបន្ទប់ទឹកអនាម័យ (រូបពីហ្វេសប៊ុកលោក សាវិន ហ្វីលីព)
បន្ថែមពីលើគម្រោងសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យជូនដល់ដូនចាស់វ័យ១១៦ឆ្នាំ នៅខេត្តកំពង់ស្ពឺ លោក សាវិន ហ្វីលីព ម្ចាស់មូលនិធិកុមារសាវិនកម្ពុជា និងជាតារាភាពយន្តមួយរូប ក៏ប្រកាសពីគម្រោងធ្វើបុណ្យជូនដល់ដូនចាស់រូបនោះក្នុងពេលខាងមុខផងដែរ ។ លោកចាត់ទុកថា លោកយាយគឺជាស្ត្រីទុរគតដែលចាស់ជាងគេតែម្នាក់គត់ ដែលលោកបានជួបនៅកម្ពុជា ដែលគួរតែមានពិធីបុណ្យចម្រើនព្រះជន្មធំមួយ នៅមុនដង្ហើមចុងក្រោយ ។
លោក សាវិន ហ្វីលីព មានប្រសាសន៍ថា លោកយាយវ័យ១១៦ឆ្នាំ ដែលលោកផ្ដោតការយកចិត្តទុកដាក់នេះ មានឈ្មោះថា ប៉ែន រី រស់នៅក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកយាយមានតែកូនប្រុសម្នាក់វ័យ៧០ឆ្នាំ និងចៅ២នាក់ ជាអ្នកផ្ដល់ការទំនុកបម្រុងប៉ុណ្ណោះ ខណៈដែលស្ថានភាពរស់នៅទោះមិនយ៉ាប់យ៉ឺនពេក ក៏គួរឲ្យសង្វេគណាស់ដែរ ។ ការពិបាកជាងគេ គឺលោកយាយត្រូវកាន់ឈើច្រត់ដើរយ៉ាងហោចពី៥០ទៅ១០០ម៉ែត្រ ទៅបន្ទោរបង់ក្នុងព្រៃក្រោយផ្ទះ ដោយសារតែនៅក្បែរផ្ទះ មិនមានបង្គន់ប្រើប្រាស់ ។
លោក សាវិន ហ្វីលីព បន្តថា «គាត់ឆ្នាំហ្នឹង១១៦ហើយ ប៉ុន្តែនៅមាំ ដើរបាន ហើយនៅដឹងទាំងអស់ គ្រាន់តែគាត់អស់ធ្មេញពិសារអីមិនសូវកើតប៉ុណ្ណោះ អញ្ចឹងហើយទើបខ្ញុំអាណិតគាត់ដែលចាស់ហើយត្រូវដើរទៅបន្ទោរបង់ឆ្ងាយផ្ទះ សុខចិត្តរកលុយមកធ្វើបង្គន់ឲ្យគាត់»។ មកទល់ពេលនេះ បង្គន់អនាម័យទំហំ៣ម៉ែត្របួនជ្រុង ដែលមានកន្លែងងូតទឹកផង សាងសង់បានជាង៦០ភាគរយហើយ បើទោះជាប្រាក់ជំនួយដែលត្រូវប្រើចំណាយតិចជាងតម្រូវការជាក់ស្ដែង ។
អត្ថបទកំសាន្តផ្សេងទៀត
យ៉ាងណាក៏ដោយ លោកថា បង្គន់ និងបន្ទប់ទឹកអនាម័យនេះមិនបានប្រគល់ឲ្យផ្ដាច់មុខជាកម្មសិទ្ធិរបស់លោកយាយ និងក្រុមគ្រួសារនោះទេ បើទោះជាត្រូវសាងសង់នៅលើដីកម្មសិទ្ធិរបស់លោកយាយ ។ លោកសាវិន ហ្វីលីព ឲ្យដឹងថា «បង្គន់ហ្នឹងខ្ញុំសង់តែ៥ម៉ែត្រទេពីកន្លែងសម្រាករបស់គាត់ ហើយបើអស់ពីគាត់ទៅ បង្គន់ហ្នឹងខ្ញុំប្រាប់មេភូមិថានឹងឲ្យស្ត្រីៗ និងអ្នកភូមិដែលខ្វះខាតបង្គន់ប្រើប្រាស់អាចប្រើរួមនៅក្នុងសហគន៍បាន ដោយសារតែនៅហ្នឹងក៏មិនមានលទ្ធភាពសង់បង្គន់ប្រើឲ្យសមរម្យដែរ ។ បញ្ហានេះ លោកយាយ និងកូនចៅគាត់បានយល់ព្រមរួចហើយ ដោយសារលោកយាយក៏ចង់ធ្វើបុណ្យ ដើម្បីឲ្យបង្គន់បានក្លាយជាប្រយោជន៍ ក្រោយពេលអត់ពីគាត់»។
ក្រៅពីសប្បាយចិត្តនឹងទទួលបានបង្គន់ លោកយាយគឺមានបំណងធំមួយទៀត គឺចង់ធ្វើបុណ្យ មុនពេលដែលខ្លួនស្លាប់ទៅ អញ្ចឹងហើយទើបលោកប្រកាសពីគម្រោងកៀរគររកជំនួយ ដើម្បីសម្រេចបំណងនេះរបស់លោកយាយ ។ លោក សាវិន ហ្វីលីព រៀបរាប់ថា «ការពិតគាត់ចង់ត្រឹមតែសូត្រមន្តសង្ឃទានអីទេ ហើយត្រឹមប៉ុណ្ណឹងខ្ញុំក៏អាចចេញលុយខ្ញុំធ្វើឲ្យគាត់បានដែរ ប៉ុន្តែមកពីខ្ញុំគិតថាគាត់អាយុ១១៦ឆ្នាំគឺច្រើនជាងគេ ទើបខ្ញុំចង់ធ្វើបុណ្យចម្រើនអាយុឲ្យគាត់តែម្ដង ដើម្បីឲ្យគាត់កាន់តែមានអាយុវែង និងដើម្បីឲ្យគាត់សប្បាយចិត្ត»។

លោកអំពាវនាវឲ្យមានវប្បធម៌ចែករំលែកតាមតែអាចធ្វើទៅបាន ដើម្បីផ្ដល់ឱកាសឲ្យលោកយាយវ័យ១១៦ឆ្នាំ មានឱកាសធ្វើបុណ្យនៅមុនដង្ហើមចុងក្រោយ ។ លោកបន្តថា «សម្រាប់ខ្ញុំ ចង់តែធ្វើបុណ្យហ្នឹង(ចម្រើនព្រះជន្ម)ឲ្យគាត់ទេ ប៉ុន្តែបើរកជំនួយមិនបាន ខ្ញុំនឹងបង្វែរជាសង្ឃទានសូត្រមន្តឲ្យគាត់វិញ ព្រោះគាត់ចាស់ហើយ មិនអាចទៅចាំយូរពេកទេ គឺចង់ធ្វើបុណ្យឲ្យគាត់ឆាប់ៗ»។
លោក សាវិន ហ្វីលីព នៅតែរំពឹងថាមូលនិធិដែលខ្លួនស្វះស្វែងទទួលបានការសហការរហូតអាចធ្វើបុណ្យធំដុំ គឺបុណ្យចម្រើនព្រះជន្មឲ្យលោកយាយ ប៉ែន រី តាមការគ្រោងទុក ដោយសារតែលោកយាយក៏ជាចាស់ជរាដែលមានអាយុច្រើន និងទទួលការចាប់អារម្មណ៍បន្ទាប់ពីមានការដឹងឮ ។ នាពេលថ្មីៗ លោកយាយត្រូវគេឃើញទទួលបានជំនួយជាថវិកា និងជាគ្រឿងឧបភោគបរិភោគពីតារាសិល្បៈ និងសប្បុរសជនផ្សេងទៀតផងដែរ បន្ថែមពីលើជំនួយរបស់លោក សាវិន ហ្វីលីព ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
បើគាត់អាយុ១១៦ឆ្នាំពិតមែន គួរតែស្នើទៅអង្គការ ទទួលបន្ទុកកំណត់ត្រាពិភពលោកអោយដាក់
គាត់ទៅក្នុងសៀវភៅកំណត់ត្រាពិភពលោកទៅ។