ដោយ៖ អុិត សូធឿត | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com
ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម" ដែលច្បាប់នេះនឹងកំណត់ឲ្យមានការបង្កើតក្រុមប្រឹក្សាជាតិគណនេយ្យ (ក.ជ.គ) មានតួនាទីទទួលខុសត្រូវលើវិស័យគណនេយ្យនិងសវនកម្ម។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន សរសេរនៅលើទំព័រហ្វេសប៊ុកលោកថា គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកិច្ចប្រជុំនេះបានពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម"។ បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម" នេះជំនួសឲ្យច្បាប់ស្ដីពី “គណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ” ដែលមានជាធរមាន។
លោក ផៃ ស៊ីផាន ឲ្យដឹងថា មាត្រា២នៃសេចក្ដីព្រាងច្បាប់នេះចែងថា ច្បាប់នេះមានគោលដៅកំណត់ក្របខ័ណ្ឌគគតិយុត្តសម្រាប់ការគ្រប់គ្រងគណនេយ្យនិងសវនកម្ម ពង្រឹងនិងអភិវឌ្ឍសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងគណនេយ្យសវនកម្ម ពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញនិងការទទួលខុសត្រូវរបស់គននេយ្យករនិងសវនករ កំណត់ក្របខ័ណ្ឌគតិយុត្តសម្រាប់ការដាក់ឲ្យអនុវត្តស្ដង់ដាគណនេយ្យ ស្ដង់ដាសវនកម្ម និងការវាយតម្លៃលើការអនុវត្តច្បាប់នេះ និងពង្រឹងនិងអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។
ចំណែកមាត្រា៥ មាត្រា៦ មាត្រា៧ និងមាត្រា៨ ចែងពីការបង្កើត សមាសភាព ភារកិច្ច និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិគណនេយ្យ (ក.ជ.គ) ដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក.ជ.គ មានមុខងារនិងភារកិច្ចរៀបចំ ធ្វើបច្ចុប្បន្នកម្ម និងអនុម័តសេចក្ដីព្រាងច្បាប់ស្តង់ដាគណនេយ្យ សេចក្ដីព្រាងច្បាប់ស្ដង់ដាសវនកម្ម សេចក្ដីព្រាងច្បាប់ស្ដីពីវិធាន និងនីតិវិធីអនុវត្តស្ដង់ដាគណនេយ្យនិងសវនកម្ម។
ក.ជ.គ ក៏មានភារកិច្ចសម្រេចផ្ដល់ ព្យួរ និងដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ពិនិត្យនិងដោះស្រាយបណ្ដឹងឬវិវាទពាក់ព័ន្ធគណនេយ្យនិងសវនកម្ម សម្រេចចាត់វិធានការវិន័យឬទណ្ឌកម្មរដ្ឋបាលចំពោះអំពើបំពានបទប្បញ្ញត្តិពាក់ព័ន្ធគណនេយ្យនិងសវនកម្ម និងតួនាទីមួយចំនួនទៀត។
លោក ផៃ ស៊ីផាន ឲ្យដឹងដែរថា សេចក្ដីប្រាងច្បាប់ស្ដីពី "គណនេយ្យ និងសវនកម្ម" នេះត្រូវបានរៀបចំឡើងដោយមន្ត្រីជំនាញរបស់កម្ពុជាសុទ្ធសាធ ហើយលោកថា ឆ្លើយតបបានទាំងស្រុងទៅនឹងស្តង់ដាគណនេយ្យនិងសវនកម្មអន្តរជាតិនិងតំបន់ និងមានសារៈសំខាន់ផងដែរនៅក្នុងបរិការណ៍សមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក ផៃ ស៊ីផាន អះអាងទៀតថា ច្បាប់នេះនឹងបង្កើនតម្លាភាពនិងសុក្រឹត្យភាពនិងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័នសាធារណៈនិងសហគ្រាស ជំរុញគណនេយ្យភាពនិងអភិបាលកិច្ចល្អនៃស្ថាប័នសាធារណៈនិងសហគ្រាស បង្កើនគុណភាពនិងសមត្ថភាពធនធានមនុស្សជាគណនេយ្យករនិងសវនករ និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ។ លោកបន្តថា ច្បាប់នេះក៏នឹងជំរុញបន្ថែមនិងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធន បង្កលក្ខណៈឲ្យសហគ្រាសធន់តូចនិងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សាមូលធន និងជំរុញប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
