​រដ្ឋាភិបាល​សម្រេច​ឲ្យ​ខ្មែរឥស្លា​មអាច​ពាក់​កាតឹប ឬ​ទទូរ​ក្បាល​បាន​ពេល​ថតរូប​ធ្វើ​លិខិតឆ្លងដែន​​

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​ខ្មែរ​ឥស្លាមនៅ​វិហារ​អាល់សារកាលភ្នំពេញ​កាលពី​ថ្ងៃ​ល្ងាច​ពុធ (រូប​ពី​ហ្វេសប៊ុក​)


​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​អាច​ពាក់​កាតឹប ឬ​ទទូរ​ក្បាល​បាន​នៅពេល​ពួកគាត់​ថតរូប​សម្រាប់​ធ្វើ​លិខិត​ឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬ​ថតរូប​សម្រាប់​ឯកសារ​រដ្ឋបាល​ផ្សេងៗ​បាន បើសិនជា​ពួកគាត់​ចង់​ធ្វើ​ដូច្នេះ​។​

​លិខិត​ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សា​នា​ឥស្លាម​កម្ពុជា និង​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លី​មក​ម្ពុ​ជា ថា​គណៈរដ្ឋមន្ត្រី​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម បុរស​អាច​ពាក់​កាតឹប និង​ស្ត្រី​អាច​ទទូរ​ក្បាល​បាន​នៅពេល​ធ្វើ​លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬ​ថតរូប​ធ្វើ​ឯកសារ​រដ្ឋបាល​ផ្សេងៗ​។ សេចក្តីសម្រេច​នោះ​បាន​ប្រគល់​តួនាទី​អនុវត្ត​កិច្ចការ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ចំណែក​លិខិត​ដាច់ដោយឡែក​មួយ​ទៀត​ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​ដូចគ្នា ផ្ញើ​ជូន​ក្រ​សូង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ ថា​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចូល​គ្រូបង្រៀន​ខ្មែរឥស្លាម​ប្រមាណ​១៥០០​នាក់​ចូល​ទៅក្នុង​ក្រប​ខណ្ឌ​គ្រូបង្រៀន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លិខិ​តឲ្យដឹងថា សេចក្តីសម្រេច​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៥ តទៅ​។​

​លិខិត​ដដែល​នោះ​បាន​បង្គាប់​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ​ចូលរួម​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យបាន​ល្អ​៕

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles