ដោយ៖ សេង វណ្ណៈ | ថ្ងៃអង្គារ ទី21 កក្កដា 2015
http://vodhotnews.com
កម្មករកាត់ដេរមកពីរោងចក្រអេឃិនថិច(Akeentex Pte Ltd) ១និង២ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះនាំគ្នាតវ៉ាជាថ្មីនៅមុខក្រសួងការងារ ដើម្បីទាមទារឲ្យក្រសួងការងារអន្តរាគមន៍ទៅថៅកែរោងចក្រឲ្យគោរពលក្ខខណ្ឌការងារ។
កម្មការនីផ្នែកដេរម្នាក់កញ្ញា មេន ទុំ មកពីរោងចក្រអេឃិនថិច១ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ប្រាប់វីអូឌី(VOD)ថា កម្មករប្រមាណជាង២០០នាក់នាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដោយសារការតវ៉ាកន្លងមកមិនទាន់ទទួលបានដោះណោះស្រាយ។
បើតាមកញ្ញា មេន ទុំ ឲ្យដឹងថា កម្មករស្នើសុំឲ្យថៅកែរោងចក្រផ្ដល់អត្ថប្រយោជន៍ផ្សេងៗលើអ្វីដែលក្រុមហ៊ុនមានស្រាប់ហើយ ដោយអះអាងថាដើម្បីឲ្យពួកគាត់ទទួលបានប្រាក់សម្រាប់ជីវភាពរស់នៅសមរម្យដូចជា ផ្ដាច់កិច្ចសន្យាទូទាត់សំណង៥ភាគរយ ប្រាក់បន្ថែមពីលើប្រាក់ធ្វើដំណើរដែលមាននៅរោងចក្រ និងបញ្ហាផ្សេងៗទៀតដូចជាថ្លៃសំបុត្រពេទ្យ ការសម្រាកលំហែមាតុភាពជាដើម។
កញ្ញាបន្តថា៖ “វាអត់ទាន់មានដំណោះស្រាយជាក់លាក់ផង ចាំមើលខាងភាគីថៅកែ ដើម្បីចូលរួមដោះស្រាយនៅតុមូល តែគាត់អត់ទាន់មានស្នើខាងអ្នកណាមួយមកដោះស្រាយខាងកម្មករ”។
នៅម៉ោងប្រមាណ១០និង៣០នាទី តំណាងកម្មករ១០នាក់ត្រូវបានអនុញ្ញាតឲ្យចូលពិភាក្សារកដំណោះស្រាយនៅក្នុងក្រសួងការងារ ចំណែកក្រុមកម្មករបានយល់ព្រមបំបែកគ្នា រង់ចាំលទ្ធផលនៃការចរចារកដំណោះស្រាយ។
គួរបញ្ជាក់ថា កាលពីព្រឹកម្សិលម៉ិញ កម្មករមកពីរោងចក្រចំនួនពីរខាងលើបានជួបជុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការលុបចោលដីកាសម្រេចរក្សាការពារដែលតម្រូវឲ្យកម្មករចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង។ ដីកាសម្រេចរក្សាការពារនោះក៏បានចោទកម្មករនិងសហជីពថាបានញុះញង់ឲ្យកម្មករធ្វើបាតុកម្មបិទផ្លូវ និងគំរាមកំហែងមិនឲ្យកម្មករចូលធ្វើការជាដើម តែកម្មករច្រានចោលការចោទប្រកាន់ទាំងនេះ។
កម្មកររោងចក្រអេឃិនថិច១ដែលមានទីតាំងនៅសួនឧស្សាហកម្មវឌ្ឍនៈ និងរោងចក្រអេឃិនថិច២ ដែលមានទីតាំងនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាក្នុងសង្កាត់ចោមចៅ បានចាប់ផ្ដើមតវ៉ាចាប់ពីថ្ងៃទី១០ ខែកក្កដា ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុចដូចជា សុំឲ្យក្រុមហ៊ុនផ្តាច់កិច្ចសន្យាទូទាត់សំណងតាមផ្លូវច្បាប់៥ភាគរយ មិនត្រូវកាត់លុយពេលកម្មករធ្វើកូដកម្មកន្លងមក មិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង សុំបន្ថែមថ្លៃបាយក្នុង១ថ្ងៃចំនួន២០០០រៀល សុំដំឡើងប្រាក់ធ្វើដំណើរ៧ដុល្លារបន្ថែម និងលក្ខខណ្ឌផ្សេងៗទៀត៕
សរសេរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com
