ដោយ ប្រាជ្ញ ចេវ
2015-07-21
RFA

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងនៅខាងមុខនៃបរិវេណរបងរដ្ឋសភា ក្រោយបញ្ចប់ជំនួបជាមួយគណៈកម្មការរបស់រដ្ឋសភា ទាំងពីរគណបក្សនយោបាយ ពាក់ព័ន្ធប្រាក់ឈ្នួលសមរម្យ របស់កម្មករនិយោជិក រូបថតថ្ងៃទី ១៣ តុលា ២០១៤។ RFA/Morm Moniroth
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ថ្កោលទោសមេដឹកនាំសហជីពមួយចំនួន ដោយចោទថាដឹកនាំកម្មករធ្វើកូដកម្មមិនគោរពតាមនីតិវិធីច្បាប់។ ផ្ទុយពីការចោទប្រកាន់នេះ តំណាងសហជីពឆ្លើយតបថា ការចោទប្រកាន់នេះខុសពីការពិតទាំងស្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២០ ខែកក្កដា ជីម៉ាក់ ចោទថា មេដឹកនាំសហជីពមួយចំនួនធ្វើការទាមទារផ្លាស់ប្ដូរកិច្ចសន្យាការងាររបស់កម្មករពីរយៈពេលវែងទៅរយៈពេលខ្លី ដែលសកម្មភាពនេះបង្ហាញពីការមិនដឹងផ្នែកច្បាប់ និងបំផ្លាញផលប្រយោជន៍កម្មករនិយោជកក្នុងរយៈពេលវែង។
លិខិតដដែលលើកករណីជាក់ស្តែងនៅរោងចក្រ អេឃីនថិច (Akeentex Pte) ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដឹកនាំកម្មករធ្វើកូដកម្មតាំងពីដើមខែកក្កដា មកទល់សព្វថ្ងៃ ទាមទារប្ដូរកិច្ចសន្យាការងារ និងទាមទារឲ្យនិយោជកធ្វើសំណង។
ទោះបែបនេះក្តី ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឆ្លើយតបថា លោកមិនបានដឹកនាំឲ្យតវ៉ាប្ដូរប្រភេទកិច្ចសន្យាពីរយៈពេលវែងមកខ្លីទេ ប៉ុន្តែកម្មករគ្រាន់តែទាមទារបើកប្រាក់ឈ្នួល។ លោកបន្តថា សេចក្តីថ្លែងការណ៍នេះគ្រាន់តែបំភ្លៃការពិត និងចង់ឲ្យសាធារណជនយល់ខុសពីទង្វើរបស់លោក៖ «អ្វីដែល ជីម៉ាក់ ចេញសេចក្តីថ្លែងការណ៍វាហាក់ដូចជាខុសពីការពិត។ ខ្ញុំមើលឃើញថា ការទាមទាររបស់កម្មករមិនមានអ្វីខុសច្បាប់ទេ ព្រោះជាសិទ្ធិរបស់គាត់»។
ទោះយ៉ាងណាក៏ដោយចុះ លោក ប៉ាវ ស៊ីណា គ្មានគម្រោងធ្វើលិខិតឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នោះទេ ប៉ុន្តែនៅថ្ងៃទី២១ ខែកក្កដា លោកនឹងដឹកនាំកម្មករជាង ៦០០នាក់ ទៅឆ្លើយបំភ្លឺនៅក្រសួងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រអេឃីនថិចជាង៥០០នាក់តវ៉ាជាថ្មីទៀតនៅមុខក្រសួងការងារ
- លោក ជា មុនី ប្រកាសឈប់ធ្វើជាមេដឹកនាំសហជីពសេរីកម្មករកម្ពុជានៅអាណត្តិក្រោយ
- ពលករនៅខេត្តកំពង់ធំទាមទារសំណងពីក្រុមហ៊ុននាំពលករទៅធ្វើការនៅថៃ
- កម្មកររោងចក្រអេឃីនថិចស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍រឿងវិវាទការងារ
- ILO ថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅតែបន្តកើនឡើង
- កម្មកររោងចក្រអេឃីនថិចប្រកាសបន្តធ្វើកូដកម្មក្រោយការចរចាមិនត្រូវគ្នា
- កម្មករម្នាក់ស្លាប់និង២នាក់របួសធ្ងន់ដោយសារបាក់អគារផ្សារត្រពាំងថ្លឹងសង្កត់
- ផលប៉ះពាល់បណ្ដាលមកពីល្បិចឆបោកនាំពលករទៅធ្វើការនៅក្រៅប្រទេស
- កម្មកររោងចក្រចំនួនពីរតវ៉ានៅមុខក្រសួងការងារទាមទារដោះស្រាយលក្ខខណ្ឌការងារ