ដោយ៖ ឈុន វួចលាង | ថ្ងៃអង្គារ ទី21 កក្កដា 2015, 04:48 PM
http://vodhotnews.com
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំអន្តរាគមន៍ចំពោះករណីប្រាក់ម៉ោងបន្ថែម និងប្រាក់បង្រៀននៅថ្ងៃព្រហស្បតិ៍ ដល់គ្រូបង្រៀននៅខេត្តដាច់ស្រយាល។
លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ញើជូនលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកក្កដាលើកឡើងថា នៅខេត្តព្រះវិហារមានករណីពីរផ្សេងគ្នាគឺប្រាក់ម៉ោងបន្ថែម និងប្រាក់ថ្ងៃព្រហស្បតិ៍ ដែលមិនទាន់បានបើក។
លិខិតបន្តទៀតថា ករណីប្រាក់ម៉ោងបន្ថែមនៅវិទ្យាល័យគូលែន ក្នុងខេត្តព្រះវិហារ គ្រូបង្រៀនបានលើកឡើងថា រយៈពេលមួយឆ្នាំហើយដែលពួកគេមិនទាន់បានទទួលប្រាក់ម៉ោងបន្ថែម ហើយពេលនេះទើបលោកនាយកវិទ្យាល័យប្រាប់ថា វិទ្យាល័យនេះពុំមាននិយាមទេ។ ប៉ុន្តែក្រុមគ្រូបង្រៀនបន្ទោសចំពោះការគ្រប់គ្រងរបស់លោកនាយក ថាពុំមានការទទួលខុសត្រូវលើបុគ្គលិក។
លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានបន្ថែម ករណីមួយផ្សេងទៀត គឺនៅគ្រប់សាលាបឋមសិក្សាទូទាំងខេត្តព្រះវិហារ គ្រូបង្រៀនមិនទាន់បានទទួលប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍រយៈពេល៣ត្រីមាសមកហើយ ដោយមិនដឹងមូលហេតុ។
វីអូឌី(VOD)មិនអាចសុំការអត្ថាធិប្បាយពីលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បាននៅឡើយទេ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល៕
សូមសរសេរមកកញ្ញា ឈុន វួចលាង តាមរយៈ chhun.vouchleang@yahoo.com