ដោយ អ៊ុំ រង្សី
2015-07-21
RFA

អ្នកជំងឺកំពុងរង់ចាំលេខពិនិត្យជំងឺទូទៅ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។ RFA/Oung Sereyvuth
មន្ទីរពេទ្យកាល់ម៉ែត នឹងបើកយុទ្ធនាការពិនិត្យសុខភាពមាត់ស្បូននិងសុដន់ ដល់ស្ត្រីដោយឥតគិតថ្លៃរយៈពេលមួយខែគឺចាប់ នៅថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី២២ សីហា។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង និងជំងឺមហារីក បង្កើនចំណេះដឹងពីការពារជំងឺមហារីកមាត់ស្បូន និងសុដន់។
ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែត លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន បានឱ្យដឹងនៅថ្ងៃទី២១ កក្កដាថា នេះជាលើកទី៧ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
លោកស្រីបន្តថា ក្នុងចំណោមមហារីកទាំងអស់ដែលកើតឡើងលើស្ត្រីកម្ពុជា មហារីកមាត់ស្បូនឈរនៅលំដាប់លេខ១ និងមហារីកសុដន់លេខ២ ហើយអត្រាអ្នកកើត និងអ្នកស្លាប់លើស្ត្រីកម្ពុជា ដោយសារជំងឺទាំងពីរនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែត រូបនេះ ឲ្យដឹងទៀតថា ស្ថិតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូនច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយក្នុងនោះ ចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូន មានប្រមាណជាង១៥០០ នាក់ក្នុងមួយឆ្នាំ ហើយស្ត្រីប្រមាណ៦០ភាគរយ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារជំងឺនេះ។ អ្នកស្រីសង្ឃឹមថាយុទ្ធនាការនេះ នឹងជាចំណែកផ្សព្វផ្សាយ ចូលរួមប្រឆាំងការរីករាលដាលនៃជំងឺទាំងពីរនេះ។«»
យុទ្ធនាការពិនិត្យសុខភាពមាត់ស្បូន និងសុដន់ដល់ស្ត្រីនៅកម្ពុជាមានរយៈពេល១ខែនេះ នឹងផ្ដល់នូវសេវាពិនិត្យសុខភាពមាត់ស្បូន ជូនដល់ស្ត្រីក្រីក្រចំនួន៣០០នាក់ និងពិនិត្យសុដន់ចំនួន២០០ នាក់ ដោយឥតគិតថ្លៃ។ លក្ខខ័ណ្ឌនៃការចូលរួមពិនិត្យសុខភាព សម្រាប់ការពិនិត្យសុខភាពមាត់ស្បូន គឺសម្រាប់ស្ត្រីដែលរៀបការរួចមានអាយុចន្លោះពី៣០ ដល់ ៥០ឆ្នាំ។ ហើយចំពោះការពិនិត្យសុដន់វិញ គឺស្ត្រីគ្រប់វ័យអាចចូលរួមពិនិត្យបាន ពិសេសអ្នកមានរោគសញ្ញានៅនឹងសុដន់ ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- វិស័យសុខាភិបាលរងការរិះគន់ថាគុណភាពព្យាបាលជំងឺស្ថិតលើបបូរមាត់
- ពលរដ្ឋខេត្តកំពង់ឆ្នាំងបារម្ភពីសុខភាពបង្កដោយសិប្បកម្មផលិតទូកស្មាច់
- នាយកអង្គការស្នាមញញឹមកម្ពុជាអំពាវនាវឲ្យពលរដ្ឋនាំកុមារមាត់ឆែបមកព្យាបាល
- កម្ពុជាត្រៀមដាក់រូបភាពនិងសារព្រមានអំពីគ្រោះថ្នាក់សុខភាពយ៉ាងតិច៥០%នៅលើកញ្ចប់បារី
- គ្រូពេទ្យមណ្ឌលសុខភាពមួយនៅបន្ទាយមានជ័យរងការចោទថាមិនប្រចាំការព្យាបាល
- អង្គការស្នាមញញឹមកម្ពុជាផ្ដល់ការវះកាត់មាត់ឆែបដល់កុមារដោយឥតគិតថ្លៃ
- អ្នកភូមិក្រាំងឡងខេត្តកំពង់ស្ពឺខ្វះទឹកស្អាតប្រើប្រាស់
- ពលរដ្ឋនៅក្រោមតំបន់ទំនប់សេសានក្រោម២នៅស្ទឹងត្រែងកើតមានជំងឺរមាស់ខុសធម្មតា
- កុមារកម្ពុជាប្ដេជ្ញាចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម