កម្មករ​រោងចក្រ​ជាង​២០០​នាក់​នៅ​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម​ទាមទារ​ចូល​ធ្វើ​ការ​វិញ

ដោយ ចេង ម៉េងជូ
2015-07-21
RFA

កម្មករ​កាត់ដេរ​ជាង ២០០​នាក់ នៃ​រោងចក្រ ស៊ិច ផ្លាស (Six Plus) នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា នេះ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ។

រោងចក្រ​បញ្ឈប់​កម្មករ​ជាង ២០០​នាក់​នេះ ក្រោយ​ពេល​មាន​កម្មករ​ចេញ​ធ្វើ​កូដកម្ម​កាន់តែ​ច្រើន​ឡើង ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា មក ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​កម្មករ​ម្នាក់​ឈ្មោះ អឿន ពិសិដ្ឋ ដែល​ខាង​កម្មករ​អះអាង​ថា ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ។ ក្រៅ​ពី​ទាមទារ​ឲ្យ​ខាង​រោងចក្រ​ទទួល​យក​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ខាង​កម្មករ​ក៏​ទាមទារ​ឲ្យ​មាន​ការ​បន្ថែម​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​បាយ ថ្លៃ​ថ្នាំពេទ្យ ជាដើម។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា តុលាការ​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​រក្សា​ការពារ ដែល​តម្រូវ​ឲ្យ​កម្មករ​បញ្ឈប់​ការ​តវ៉ា ហើយ​ចូល​ធ្វើ​ការ​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា នេះ ខាង​រោងចក្រ​បាន​ប្រកាស​បញ្ឈប់​ការងារ​របស់​កម្មករ​ចំនួន ២៣៧​នាក់ ដែល​ពុំ​ព្រម​ចូល​ធ្វើ​ការ។

តំណាង​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា ដែល​ដឹកនាំ​កូដកម្ម​នេះ លោក យន់ សំបូរ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចរចា​ជាមួយ​កម្មករ​លើ​ចំណុច​ដែល​កម្មករ​កំពុង​ទាមទារ។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ទៅ​ភាគី​រោងចក្រ​ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ តែ​ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ បដិសេធ​មិន​ផ្ដល់​ការ​បំភ្លឺ ដោយ​លើក​ឡើង​ថា លោក​កំពុង​ជាប់​រវល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles