លោក សម រង្ស៊ី ថាស្ថានការណ៍នយោបាយរយៈពេល​១ឆ្នាំ​មានភាពល្អប្រសើរ ក្រោយ​កិច្ច​ព្រម​ព្រៀងរួម​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com


លោក សម រង្ស៊ី និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​


ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុក​ថាស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់”​ក្រោយ​ពីមាន​កិច្ច​ព្រម​ព្រៀងនយោបាយ​រវាង​គណបក្ស​ប្រជាជនកម្ពុជានិ​ង​គណបក្សប្រ​ឆាំ​​ងដែល​មាន​​​​រយៈ​ពេល​មួយ​ឆ្នាំមកហើយ​។​

កាលពីថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជនកម្ពុជានិង​គណបក្ស​សង្រ្គោះជាតិ​បាន​យល់ព្រម​លើ​​ដំណោះស្រាយ​នយោបាយ​រួមគ្នាមួយ​ ក្រោយ​ពី​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​៥៥រូប​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣។​ គណបក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ចំនួន​៧​ចំណុច រួមមាន​៖ ទី​១ ចូលរួម​ធ្វើការ​ជាមួយគ្នា​ក្នុង​រដ្ឋសភា ទី​២ កែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ដែល​មាន​ភាព​ឯករាជ្យ​ពេញលេញ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទី​៣ កំណត់​ឡើងវិញ​នូវ​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខ ទី​៤ រៀបចំ​ឲ្យមាន​ការបែងចែក​អំណា​ចដា​ច់​ពី​គ្នា​វរ​វាង​អំណាចនីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ ទី​៥ រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា ទី​៦ ធ្វើការ​កែទម្រង់និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​ទី​៧ ធ្វើ​ការសិក្សា​ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ គណបក្ស​សង្រ្គោះជាតិ​ក៏​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ទូរទស្សន៍មួយ​ពីក្រសួង​ព័ត៌មាន​ និង​ការ​ដោះលែង​តំណាងរាស្រ្ត​ដែល​រង​ការ​ចោទប្រកាន់​ពាក់​ព័ន្ធ​នឹង​ហិង្សា​នៅ​ទីលានប្រជាធិបតេយ្យ។​

លោក សម រង្ស៊ី បានសរសេរនៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ ថ្ងៃនេះជាខួបទីមួយនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះ​​ជាតិ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថានការណ៍នយោ​បាយនៅប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់”។ លោក​ សម​ រង្ស៊ី បន្ត​ថា​៖ទោះជានៅមានបញ្ហាច្រើនទៀត ដែលគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយក៏ដោយ ហើយទោះជា​មានព្យុះភ្លៀងនិងផ្គរ ម្តងម្កាលក៏ដោយ ក៏គណបក្សសង្រ្គោះ​ជាតិនៅតែខិតខំរក្សានិងពង្រឹងវប្បធម៌សន្ទនា ដែលបានកើតចេញពីកិច្ចព្រមព្រៀងខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជាប្រវត្តិសាស្ត្រ។ យើងទាំងពីរនាក់ យល់ឃើញថា មានតែវប្បធម៌សន្ទនានេះទេ ដែលអាចធានាសន្តិភាព និងសេចក្តីសុខជូនប្រជារាស្ត្រខ្មែរទាំងមូល ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយនាពេលអនាគត”។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា​៖ម្យ៉ាងវិញទៀត វប្បធម៌សន្ទនានេះ ពង្រឹងឯកភាពជាតិ ដើម្បីឲ្យជនជាតិខ្មែរគ្រប់រូបនិងគ្រប់និន្នាការនយោបាយ ចេះពួតដៃគ្នា ដើម្បីការពារទឹកដីប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាឲ្យនៅគង់វង្សជានិរន្តិ៍”

​គួរ​បញ្ជាក់​ថា​ កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ា និង​សកម្ម​ជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​ក​ម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles