បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ទទួលយក​អ្នកបើករថយន្ត​៥​នាក់​ចូល​ធ្វើការ​វិញ​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃពុធ ទី22 កក្កដា 2015, 11:30 AM
http://vodhotnews.com


បុគ្គលិក​ក្រុមហ៊ុន​កាពីតូល​តវ៉ា​នៅព្រឹក​ថ្ងៃពុធ​នេះ​ (រូបភាព​៖ ទេព សូនី​)


​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល​ប្រមាណ​ជិត​៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​អ្នកបើកបរ​រថយន្ត​៥​នាក់​ឲ្យចូល​ធ្វើការ​វិញ ដោយ​ពួកគេ​អះអាងថា អ្នក​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយសារ​ពួក​គេ​ចង់​បង្កើត​ជា​សហជីព​។​

​អ្នក​តវ៉ា​ម្នាក់​ដែល​ជា​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​លោក វ៉ាន់ រ៉ង ឲ្យដឹងថា លោក​និង​អ្នកបើករថយន្ត​៤​នាក់​ទៀត​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ដោយ​លោក​អះអាងថា ដោយសារ​ពួក​លោក​ប្រមូលគ្នា​ចង់​បង្កើត​ជា​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ការពារ​អត្ថប្រយោជន៍​ឲ្យ​បុគ្គលិក​។​

​លោក វ៉ាន់ រ៉ង មានប្រសាសន៍ថា​៖ “​ពួក​ខ្ញុំ​បង្កើត​សហជីព​ដើម្បី​ទាមទារ​ច្បាប់​ការងារ​នៅក្នុង​ក្រុមហ៊ុន ហើយ​ដល់​គេ​(​ម្ចាស់​ក្រុមហ៊ុន​)​ដឹង​ថា​ពួក​ខ្ញុំ​បង្កើត​សហជីព គេ​ក៏​បញ្ឈប់​ពួក​សហជីព​នោះ​៥​រូប​នោះ​តែម្ដង​…​ខ្ញុំ​គិតថា​ក្រុមហ៊ុន​គឺ​គេ​មិន​ចង់ឲ្យ​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុ​ន​របស់​គេ ពួក​ខ្ញុំ​បង្កើត​សហជីព​នេះ​ដើម្បីឲ្យ​មាន​តំណាង​នៅក្នុង​តៃកុង​ឡាន ឲ្យមាន​ជា​សហជីព​សហគមន៍​ទៅ​ដើម្បី​មាន​ការតវ៉ា​ណាមួយ គឺ​មាន​តំណាង​ទៅ​និយាយ​សុំ​ដូចជា​ច្បាប់​ការងារ ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​អី​ជាដើម ខ្ញុំ​គិតថា​មាន​សហជីព​ថ្ងៃក្រោយ​ទៅ​នឹង​មាន​ការដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​វា​នឹងមាន [​ដំណោះស្រាយ​]”​។​

​លោក វ៉ាន់ រ៉ង ឲ្យដឹង​ទៀត​ថា​ក្រុម​បុគ្គលិក​ដែល​ចង់​បង្កើត​ជា​សហជីព​បាន​ទាមទា​រ​លក្ខខណ្ឌ​១៥​ចំណុច​ពី​ក្រុមហ៊ុន តែ​ភាគី​ក្រុមហ៊ុន​យល់ព្រម​ទទួល​យក​តែ​៨​ចំណុច​ប៉ុណ្ណោះ ហើយ​បដិសេធ​មិន​ព្រម​ទទួល​យក​អ្នក​ទាំង​៥​ឲ្យចូល​ធ្វើការ​វិញ​នោះទេ​។ លោក​ថា ពួកលោក​នឹង​បន្ត​តវ៉ា​រហូត​ទទួលបាន​ដំណោះស្រាយ​សមរម្យ​ពី​ក្រុមហ៊ុន​។​

​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុនកា​ពី​តូ​លលោក ផាន់ សុភាព អះអាងថា ក្រុមហ៊ុន​បញ្ឈប់​អ្នកបើក​រថយន្ត​ទាំង​៥​នាក់​ដោយសារ​ពួកគាត់​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមហ៊ុន​ដូចជា ដាក់​ភ្ញៀវ​តាមផ្លូវ ឈ្លោះប្រកែក​ជា​មួយ​អ្នក​លក់​សំបុត្រ​តាម​សាខា និង​មិន​ឈប់​ដាក់​ភ្ញៀវ​តាម​សាខា​ជាដើម​។ លោក​ថា ក្រុមហ៊ុន​បាន​ព្រមាន​ពួកគាត់​ពី​៣​ទៅ​៤​លើក​រួចមកហើយ តែ​ពួក​នៅតែ​មិន​ស្ដាប់​។​

​លោក ផាន់ សុភាព មានប្រសាសន៍ថា​៖ “​រឿង​(​បញ្ឈប់​)​នេះ​មិនមែន​អញ្ចឹងទេ​។ រឿង​សហជីព​ខាង​ខ្ញុំ​អត់​ដឹង​ឮ​ទេ​ថា​គេ​បង្កើត​អី​អាហ្នឹង​វា​ជា​សិទ្ធិ​របស់​កម្មករ ប៉ុន្ដែ​រឿង​ទាំង​៥​នាក់​ហ្នឹង​យើង​បាន​ហាម​ពីរ​បី​ដង​ហើយ​ប៉ុន្ដែ​វា​រំលោភ​លើ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន (​ដូចជា​)​ដាក់​ភ្ញៀវ​តាមផ្លូវ ទៅ​ឈ្លោះ​គ្នា​ជាមួយ​សាខា ជួនកាល​សាខា​គេ​មាន​ភ្ញៀវ​យក​មក​ដាក់​គេ​កាត់ វា​មិន​ឈប់​ឲ្យគេ​អញ្ចឹង​ណា វា​ច្រើន​រឿង​ណាស់​"​។​

​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​ដែល​ក្រុម​បុគ្គលិក​ទាមទារ លោក ផាន់ សុភាព លើកឡើងថា ក្រុមហ៊ុន​អាច​ផ្ដល់​ឲ្យបាន​តែ​៨​ចំណុច​ប៉ុណ្ណោះ ចំណែក​៧​ចំណុច​ទៀត​លោក​ថា​ក្រុម​បុគ្គលិក​ទាមទារ​ហួស​ពី​ច្បាប់​កា​ងារ​។ លោក​ថា មេធាវី​និង​តំណាង​របស់​ក្រុមហ៊ុន​កំពុង​ធ្វើ​ការដោះស្រាយ​ជាមួយ​បុគ្គលិក​ដែល​ធ្វើ​ការតវ៉ា​។​

​មេធាវី​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើ​រលោក ខៀវ វ៉ាន ឲ្យ​ដឹង​ថា ក្រោយ​ការចរចា​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​នា​ព្រឹក​នេះ ដោយ​មាន​ការសម្របសម្រួល​ពី​មន្ត្រី​មកពី​ក្រសួង​ការងារ​លោក​ថា​ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា​ដោយ​បញ្ឈប់​ការតវ៉ា​រង់ចាំ​ក្រសួង​ការងារ​ធ្វើការ​ដោះស្រាយ​នៅ​ថ្ងៃស្អែក​។ លោក​បន្ថែមថា ក្រសួង​ការងារ​បាន​ទទួលយក​សំណើ​ពី​ភាគី​អ្នកបើករថយន្ដ​ចំនួន​ពីរ​ចំណុច​ដើម្បី​ពិភាក្សា​គ្នា​នៅ​ថ្ងៃស្អែក​គឺ​សំណើ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ និង​សំណើសុំ​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រថយន្ដ​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​អាច​ចូល​មក​ធ្វើការ​វិញ​៕


សូម​សរសេរ​មក​លោក យ៉ា រសាត់ តាម​រយៈ rorsart@vodhotnews.com

What Next?

Recent Articles