ដោយ៖ ថោ ស៊ីណា | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសគាំទ្រឱ្យមេដឹកនាំសហជីព និងកម្មករកាត់ដេរក្នុងការទារប្រាក់ខែគោលឲ្យបាន១៨០ដុល្លារ ដើម្បីឲ្យសមស្របតាមតម្លៃទំនិញនៅលើទីផ្សារ។
លោក សម រង្ស៊ី បានប្រកាសដូចនេះ ខណៈចូលរួមកិច្ចប្រជុំប្រចាំត្រីមាសនៅទីស្នាក់ការសហជីពសេរីកម្មករកម្ពុជារបស់លោក ជា មុនី កាលពីម្សិលមិញ។ លោក សម រង្ស៊ី ថ្លែងថា ប្រាក់ខែគោលអប្បបរមា១២៨ដុល្លារ បច្ចុប្បន្នគឺមិនសមស្របទៅនឹងអតិផរណា ឬការហក់ឡើងថ្លៃនៃទំនិញនៅលើទីផ្សារកម្ពុជានោះទេ។ លោកថា៖ “ពីព្រោះថា ឥឡូវនេះស្រុកខ្មែរយើងប្រាក់ខែកម្មករ១២៨ដុល្លារអត់គ្រប់គ្រាន់ សូមឲ្យក្មួយៗទាមទារឲ្យបាន១៨០ដុល្លារឱ្យទាល់តែបាន។ ខ្ញុំ សម រង្ស៊ី គណបក្សសង្គ្រោះជាតិ និងគាំទ្រក្មួយកម្មករ កម្មការិនី ចលនាពលករទាំងអស់ទាមទារឲ្យបានប្រាក់ខែអប្បបរិមាតិចបំផុត១៨០ដុល្លារជាប្រាក់ខែគោល” ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បញ្ជាក់បន្ថែមថា តម្លៃទំនិញនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នពិតជាឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំរួមមាន អង្ករ តំលៃគ្រឿងទេសនានា និងតម្លៃផ្ទះជួលជាដើម។
VOD មិនទាក់ទងអ្នកនាំពាក្យប្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីបំភ្លឺពីការលើកឡើងរបស់ប្រធានគណបក្សប្រឆាំងរូបនោះបានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
ប៉ុន្តែអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC លោក ខេន លូ (Ken Loo) ប្រាប់វីអូឌី(VOD)តាមទូរស័ព្ទថា ប្រាក់ខែគោលអប្បបរមារបស់កម្មករកម្មការិនីនៅក្នុងឆ្នាំ២០១៦ គឺមិនអាចឡើងដល់១៨០ដុល្លារទេ ដោយលោកអះអាងថា ទាំងអ្នកបញ្ជាទិញ និងនិយោជកមិនអាចមានលទ្ធភាពដំឡើងបានឡើយ។ លោកថា៖ “ទាល់តែអ្នកបញ្ជាទិញ គាត់ព្រមបង់លុយថែមឲ្យយើង ពីព្រោះលុយមិនមែនតម្កល់នៅថៅកែរោងចក្រទេ លុយតម្កល់នៅអ្នកបញ្ជាទិញ បើតម្លៃនៃអ្នកបញ្ជាឲ្យយើងកើនឡើង អ៊ីចឹងបើកប្រាក់ខែកម្មករឲ្យខ្ពស់” ។
ចំណែកមន្ត្រីរបស់អង្គការអន្តរជាតិខាងការងារ ILO លោក ហួត ជា បានឆ្លើយតាមអ៊ីម៉ែលមកកាន់ VOD ថា លោកសុំមិនឆ្លើយ ទាក់ទងនឹងការលើកឡើងមេដឹកនាំគណបក្សប្រឆាំងនោះទេ។
បច្ចុប្បន្នប្រាក់ឈ្នួលគោលកម្មករនិយោជិត ក្នុងឆ្នាំ២០១៥ បានទទួល១២៨ដុល្លារ។ ការដំឡើងបានត្រឹមនេះ ដោយមេដឹកនាំសហជីពដែលធ្លាប់បើកយុទ្ធនាការប្រាក់ឈ្នួល លើកឡើងថា ដោយសារតែមានការតវ៉ាខ្លាំងក្លាពីសំណាក់កម្មករ ក្នុងយុទ្ធនាការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ ដោយមានការគាំទ្រពីគណបក្សសង្គ្រោះជាតិ៕
សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com
