​គណបក្ស​កាន់​អំណាច​ស្នើ​សុំ​ផែនទី​ពី​លោក សម រង្ស៊ី ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើសុំ​ផែនទី​ខ្នាត​១/១០០ ០០០(​មួយ​លើ​មួយ​រយ​ពាន់​)​ពី​ប្រធាន​បក្ស​ប្រឆាំង ដោយ​អះអាង​ថា ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋា​ប្រើប្រាស់​បច្ចុប្បន្ន ក្នុង​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​

​លិខិត​ចុះ​ហត្ថលេខា​ដោយ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ផ្ញើ​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ​នេះ បាន​ស្នើ​សុំ​ជា​ផ្លូវការ​ចំពោះ​ឯកសារ​ផែនទី​ចម្លង​ខ្នាត​១/១០០០០០ ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​បញ្ជាក់​ថា ប្រធាន​បក្ស​នេះ​បាន​ទិញ​ក្នុងតម្លៃ ១៥៣,៩១​អឺរ៉ូ ស្មើនឹង​១៦៨​ដុល្លារ​។ លិខិត​បន្តថា ការស្នើសុំ​នេះ​ដើម្បី​ធ្វើការ​ដាក់តាំង​បង្ហាញ និង​ប្រៀបធៀប​ជាមួយ​ផែនទី​ខ្នាត​១/១០០០០០​របស់​រាជរដ្ឋាភិបាល ដែល​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ចរចា​ក្នុង​ការកំណត់ និង​បោះបង្គោល​ព្រំដែន​កន្លងមក ជាពិសេស​ផែនទី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​។ 

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ារ៉ា ប្រាប់​វី​អូ​ឌី​(VOD)​បន្ថែមថា ការស្នើសុំ​នេះ​ដើម្បី​យក​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល មុន​នឹង​ប្រទេស​មហាអំណាច ឬ​អង្គការ​សហប្រជាជាតិ​ផ្តល់​ឯកសារ និង​ផែនទី​មក​កម្ពុជា​។ បែប​នេះ​ក្តី​លោកថា ការស្នើសុំ​នេះ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​រវាង​គ្នា​នឹង​គ្នា និង​រក្សា​វប្បធម៌​សន្ទនា​។ លោក​ថា​៖ “​អ៊ីចឹង​ដើម្បី​រក្សា​វប្បធម៌​សន្ទនា គឺ​យើង​មិន​ត្រូវធ្វើ​កិច្ចការ​ណា​ដែល​យើង​ទៅ​ឆ្ងាយ​ហួស​ពី​ព្រំដែន​របស់​យើង​ពេក​។ អ៊ីចឹង​បើសិន​ខ្មែរ​អាច​នឹង​យល់​ខ្មែរ​គ្នា​ឯង​បាន ហើយ​បើ​ឯកឧត្តម សម រង្ស៊ី គាត់​មាន​ផែនទី​របស់គាត់​ដែល​យល់ថា​អាច​ជឿ​បាន អ៊ីចឹង​គួរ​យកមក​ប្រើប្រាស់​សិន ក្នុង​កម្រិត​ណាមួយ​ដែល​យើង​រង់ចាំ​នូវ​ប្រទេស​មហាអំណាច និង​ប្រគល់​នូវ Copy(​ផែនទី​ចម្លង​) របស់គាត់ ឬ​មួយ​ក៏​ប្រគល់​ផែនទី​ឲ្យ​យើង​ខ្ចី​របៀប​ម៉េច អា​ហ្នឹង​រឿង​របស់​មហាអំណាច​ជាមួយ​ប្រទេស​យើង​។ ប៉ុន្តែ​ផ្ទៃក្នុង​ខ្មែរ​និង​ខ្មែរ ប្រសិន​ជា​មាន​យើង យើង​ត្រូវ​ដាក់​ចូល​គ្នា​ព្រោះ​វប្បធម៌​សន្ទនា ត្រូវ​យក​មក​បង្ហាញ​ទាំងអស់គ្នា ដើម្បី​ឲ្យមាន​តម្លាភាព​”​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី និង​អ្នកនាំពាក្យ​គណបក្ស​នេះ​បានទេ​។​

ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​ស្វាយរៀង លោក រៀល ខេ​មរិ​ន្ទ្រ មានប្រសាសន៍ថា លោក​មិន​បានដឹង​ពី​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្នើ​សុំ​ផែនទី​ពី​លោក សម រង្ស៊ី នោះទេ​។ តែ​លោក​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រាប់​មន្ត្រី​របស់​ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ឯកសារ​នានា និង​ផែនទី​ជាដើម​។ លោក​បញ្ជាក់ថា​៖ “​ខ្ញុំ​ថា​ជា​ការ​ល្អ​ហើយ ព្រោះថា​ហ្នឹង​ជា​កិច្ចការ​ដែល​យើង​គិត​រឿង​ជាតិ​ទាំងអស់គ្នា ព្រោះ​ថា​បើសិនជា​យើង​ម្នាក់ៗ​ថា​ផែនទី​នេះ​ក្លែងក្លាយ ឬ​ផែនទី​មិន​ក្លែងក្លាយ អ៊ីចឹង​យើង​យក​មក​នាំ​គ្នា​ប្រមូល​ឯកសារ​អស់ហ្នឹង​មក​ដាក់​ទៅ​ថា​មួយណា​ក្លែងក្លាយ មួយ​ណា​មិន​ក្លែងក្លាយ ហើយ​បើសិនជា​យើង​ដឹង​ថា អាហ្នឹង​ពិតប្រាកដ ហើយ​រួមគ្នា​ធ្វើ​កិច្ចការ​ទាំងអស់​គ្នា ដើម្បី​ជាតិ​របស់​យើង​ទាំងអស់​គ្នា​ទៅ ខ្ញុំ​គាំទ្រ​ការ​ដែល​គណបក្ស​ប្រជាជន​សុំឲ្យ​មាន​ការចូលរួម ជាពិសេស​សុំឲ្យ​លោក​ប្រធាន សម រង្ស៊ី បញ្ចេញ​ឯកសារ​នៅ​នឹង​ដៃ យក​មក​មើល​ទាំងអស់​គ្នា​ទៅ​ថា​អ្នកណា​ខុស អ្នក​ណា​ត្រូវ​”​។​

គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​៖ “​ផែនទី​បារាំង មុន​ឆ្នាំ ១៩៥៣ ខ្នាត ១/១០០០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង​២៦​ផ្ទាំង ដែល​ទាំងអស់​គ្នា​ចង់បាន​ពេលនេះ មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង ក្នុងតម្លៃ ១៥៣,៩១ Euros ស្មើនឹង​១៦៨ ដុល្លារ​អាមេរិក“ ។  លោក សម រង្ស៊ី បន្តថា​៖ “​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ទាំង​២៦​ផ្ទាំង (​វិក័យ​ប​ត្រ​ភ្ជាប់​មក​ជាមួយ​នេះ​) យក​មក​បង្ហាញ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ។ ច្បាប់ដើម​នៃ​ផែនទី​នេះ មានតែ​មួយ​ច្បាប់​គត់ ដែល​តម្កល់​ទុក នៅ​ប្រទេស​បារាំង​។ អ្វី​ដែល​គេ​ដាក់​លក់​នោះ គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ដាក់​បញ្ជូល​ក្នុង DVD (​រូបថត​ភ្ជាប់​មក​ជាមួយ​នេះ​)” ។​

ការទាមទារ​យក​ផែនទី​មក​ផ្ទៀងផ្ទាត់​គ្នា​នេះ គឺ​បន្ទាប់ពី​គណបក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​យ​ប្រទេស​វៀតណាម ដែល​ធ្វើឲ្យ​កម្ពុជា​បាន​បង់​ដី​មួយ​ចំនួន​តាម​ព្រំដែន​៕ 

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​គណបក្ស​កាន់​អំណាច​ស្នើ​សុំ​ផែនទី​ពី​លោក សម រង្ស៊ី ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​​"

  1. តាតា says:

    ម៉េច​មិន​ទៅ​ទិញដែរ​ទៅ ? ដើសុំគេ​ ធ្វើ​មើ​តែ​អត់​លុយ។

  2. sa sa says:

    I agree this all party must to show the map at the same time to compare each other .

  3. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    ការ​ស្នើ​សុំ​ផែនទី​ពី​លោក សម រង្ស៊ី ទៅ​ផ្ទៀងផ្ទាត់ វាជារឿងល្អសម្រាប់ជាប្រយោជន៍ជាតិខ្មែរទាំងមូល
    ប៉ុន្តែកូនមីឆ្កែចុយម៉ែវាមន្រ្តីគណបក្សប្រជាជនខ្លះ បានបើកមាត់ស្អុយរិះគន់ថាយកផែនទីលោក សម រង្ស៊ី
    ទិញ ទៅផ្ទៀងផ្ទាត់ក្រែងនាំឱ្យអាប់ឱនកិត្តិយសជាតិហ្អី ?ឥឡូវធ្វើមុខឆ្កែមកស្នើរសុំកណ្ដួយម៉ែវាអី ?
    លោក សម រង្ស៊ីពុំគួរឱ្យផែនទីទៅពួកកូនមីឆ្កែគណបក្សប្រជាជនទេ ក្រែងវាលេងល្បិចមួលបង្កាច់យក
    ពូស៊ីឯងឡើងតុលាការឆ្កែវារបស់ពួកវា ។