អង្គការ​ជាតិ-​អន្តរជាតិ​រិះគន់​លើ​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

ដោយ អ៊ុំ រង្សី
2015-07-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ៊ុក ពេជ្រសំណាង ៦២០
នគរបាល​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth


ការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទទួល​រង​ការ​រិះគន់​ខ្លាំងៗ និង​ថ្កោលទោស​ជា​បន្តបន្ទាប់ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ពួកគេ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុងតែ​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បំភ័យ​​គណបក្ស​សង្គ្រោះ​ជាតិ។ បណ្ដា​មជ្ឈដ្ឋាន​ទាំង​នោះ​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​តុលាការ​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​រូប​នោះ​មក​វិញ​ជា​បន្ទាន់។

ទាំង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ជា​រឿង​នយោបាយ​សុទ្ធសាធ។

ការ​រិះគន់ និង​ថ្កោល​ទោស​ជា​បន្តបន្ទាប់​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១​រូប ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ ដល់ ២០​ឆ្នាំ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កុប្បកម្ម​ដែល​នាំ​ឲ្យ​កើត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​មួយ​ថ្ងៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ កក្កដា ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ និង​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ស្មារតី​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ ដែល​គណបក្ស​ទាំង​ពីរ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​បាន​ព្យាយាម​ជំរុញ​ឲ្យ​កម្ពុជា ឈាន​ទៅ​បញ្ចប់​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​នោះ។

​សេចក្ដី​ថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ​គឺ​ជា​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។ ជាង​នេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បន្ត​ព្យាយាម​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ប្រកប​ដោយ​សុឆន្ទៈ ដើម្បី​សហការ​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នានា​ជា​ប្រយោជន៍​ជាតិ។

​ទន្ទឹម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​ឲ្យ​តុលាការ​ខ្មែរ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​រូប​ដោយ​គ្មាន​លក្ខខណ្ឌ។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ថា​ជា​រឿង​អយុត្តិធម៌ ព្រោះ​សកម្មជន​គណបក្ស​ប្រឆាំង ១១​រូប​នោះ មិន​បាន​ញុះញង់ ឬ​ចូល​រួម​ក្នុង​ការ​ប្រើ​ហិង្សា​លើ​កម្លាំង​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ​ឡើយ។ ជាង​នេះ​ទៀត ការ​ផ្ដន្ទាទោស​របស់​តុលាការ​គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង គឺ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជំនួស​ការ​ប្រឈម​មុខ​ដាក់​គ្នា គឺ​គ្មាន​ន័យ​នោះ​ទេ។ លើស​ពី​នេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រក្សា​អំណាច​របស់​លោក។

លើស​ពី​នេះ​ទៀត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ កត់សម្គាល់​ដែរ​ថា ការ​កាត់​ទោស​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​បង្កើត​ច្បាប់​រឹត​បន្តឹង​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ជា​ការ​បង្ហាញ​នូវ​ការ​គាប​សង្កត់​របស់​លោក ហ៊ុន សែន លើ​ក្រុម​មនុស្ស​ដែល​ប្រឆាំង​ទៅ​នឹង​របប​ដឹកនាំ​របស់​លោក។

ទាក់ទង​នឹង​ការ​រិះគន់​លើ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​រូប​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ក៏​បាន​ចាត់​ទុក​ថា ការ​សម្រេច​ភ្លាមៗ​របស់​តុលាការ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សវនាការ​នេះ​គ្រាន់តែ​ជា​ការ​សម្ដែង និង​គិត​ជា​មុន បង្កើត​ឡើង​ដើម្បី​គំរាម​កំហែង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ព្រឹត្តិការណ៍​នៅ​ខេត្ត​ស្វាយរៀង​កាលពី​ចុង​សប្ដាហ៍​មុន ដែល​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​មនុស្ស​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង។

​ទាក់ទង​បញ្ហា​នេះ អ្នក​សម្របសម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ដែរ​ថា ការ​ផ្ដន្ទាទោស​ដ៏​អយុត្តិធម៌​លើ​សកម្មជន​បក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​នាក់ កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​ដែល​បាន​ស្នើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច ដើម្បី​ធ្វើការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

ជាង​នេះ​ទៀត ទាំង​មជ្ឈដ្ឋាន​ជាតិ ទាំង​អន្តរជាតិ និង​បក្ស​ប្រឆាំង ក៏​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​យក​តុលាការ​ធ្វើ​ឧបករណ៍​នយោបាយ ហើយ​និង​ស្នើ​ទៅ​តុលាការ​ត្រូវ​តែ​ដោះលែង​សកម្មជន​ទាំង ១១​រូប​នោះ ដោយ​គ្មាន​លក្ខខណ្ឌ។

ឆ្លើយ​តប​លើ​ការ​រិះគន់​ទាំង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បាន​ប្រតិកម្ម​លើ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា លោក​ចាត់​ទុក​ថា ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់ និង​ជា​ការ​ប្រមាថ​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ទាំង​នោះ​ពិចារណា​ឡើង​វិញ ព្រោះ​ថា តុលាការ​គឺជា​ស្ថាប័ន​ឯករាជ្យ មិន​ពាក់ព័ន្ធ​នយោបាយ​នោះ​ទេ៖ «ការ​ចាប់ និង​ដាក់​ពន្ធនាគារ​លើ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម និង​ជា​អំណាច​ផ្តាច់​មុខ​របស់​តុលាការ មិន​មាន​អំណាច​ណា​មួយ​រារាំង​បាន​ឡើយ ចឹង​ហើយ​ខ្ញុំ​សូម​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ហ្នឹង ត្រូវ​តែ​ពិចារណា​ចំណុច​នេះ​ឡើង​វិញ»

​ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ប្រាប់​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ថា សេចក្ដី​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​អំណាច​ឯករាជ្យ​ពិត​ប្រាកដ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ បើ​ទោះ​បច្ចុប្បន្ន​នេះ​មាន​វប្បធម៌​សន្ទនា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ក៏ដោយ ហើយ​កិច្ចការ​នយោបាយ គឺ​ត្រូវ​ដោះស្រាយ​ដោយ​នយោបាយ រី​ឯ​សំណុំរឿង​ព្រហ្មទណ្ឌ​គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ស្ថាប័ន​ឯករាជ្យ គឺ​តុលាការ​ជា​អ្នក​សម្រេច។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ២​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុបកម្ម ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ។ ឯ​សកម្មជន ៨​នាក់​ទៀត ក្នុង​នោះ​មាន​លោក អ៊ុក ពេជ្រសំណាង និង​សកម្មជន ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ហើយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា អ្នក​ទាំង​នោះ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ម១ ភ្លាមៗ​បន្ទាប់ពី​ផ្ដន្ទាទោស​រួច។

​យ៉ាងណា​ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា នឹង​បន្ត​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​នឹង​បញ្ចប់​នូវ​ភាព​តានតឹង​នយោបាយ រួម​ទាំង​សហការ​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "អង្គការ​ជាតិ-​អន្តរជាតិ​រិះគន់​លើ​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់"

  1. :( says:

    រិះគន់យ៉ាងណាក៏មិនអាចជួយពួកគាត់បាន នយោបាយរបស់គេគឺត្រូវធ្វើយ៉ាងនេះ តបស្នងទៅនឹង
    គណបក្សសង្គ្រោះជាតិដែលបានបុករុកគណបក្សប្រជាជនឡើងរង្គើរទប់លែងចង់ជាប់ សូមកុំរាថយ
    មួយជំហាននេះអ្នកបានពន្ទុរច្រើនណាស់ បើអ្នកថយក្រោយឈាមអ្នកលះបង់ លះបង់ឥតប្រយោជន៍
    ហើយ

  2. VV says:

    Everyone know very well, it is a political issue. To all the 11 conscioused prisoners, you sacrify will be remember by million Cambodian people. You have to be strong, because many people in this country need people like you all to motivate them to stand up against injustice in this country.

  3. សែន សម្បូរ says:

    នាក់មានទោសឧក្រិត្តត្រូវតែទទួលទោស រឿងនេះបានកើត១ឆ្នាំមកហើយ ទោះបីនាយ ខា នាយ សុី ទាំងពីររួមទាំងបក្សប្រឆាំងខំយំឡាំបា៉ស្រែកតវា៉ឬក៏រកឡេះស្អីមកនិយាយគឹទៅលែងកើតហើយ ពួកអង្គការសិទ្រិតអោះនេះខំនាំចេញមករិះគន់យូៗទៅចង់ឲពួកមានទោសឧក្រិត្តរួចខ្លួន ចំណែកអាម្សៀ ប្រ៊ែដ នរគអវជ័យ អាដាម វិញលើកយករឿងម៉ែវាស្អីមក បើប្រទេសអាគាំងវានូវប្រកាន់ពូជសាសន៍នូវឡើយអាមេរិកស្បែកសរសម្លាប់ អាគាំងសប្បែកខ្មៅ ជាពិសេសគឹប៉ូលីសស្បែកសរនិងតែម្តង ដូចសិងតែរាល់ថ្ងៃម្តេចខ្លួនវាជាអាមេរិកស្បែកសរហើយក៏ជាប្រធានអង្គការសិទ្ធមនុស្សនូវប្រទេសខ្លួនស្រាបម្តេចក៏មិហា៊នអើតក្បាលចេញមុខតវា៉និងរដ្ឋាភិបាលអាមេរិកផង មកពីមិនហា៊នៗបានតែប្រទេសតូចៗដូចប្រទេសខ្មែរ ?

  4. Anonymous says:

    សារជាតិ វៀតណាម វា ពូកែ អាចធ្វើអោយខ្មែរ ធ្វើបាប សម្លាប់ ខ្មែរ ខ្លួនអែង ដោយមិនដឹងខ្លួន រួច

    យកទឹកដីខ្មែរ បានជាបន្តបន្ទាប់ យ៉ាងស្រួល ដោយនយោបាយ ច្រេះស៊ីដែក ដោយ ជោគជ័យ !

  5. meta says:

    ជាការពិតវាមិនអាចដល់ថ្នាក់នេះទេបើប្រៀបធៀបទៅនិងអំពើអ្នកមួយចំនួនដូចជា
    ឈូក​​ បណ្ឌិត ថោង សារ៉ាត់  ។ល។ ???????????????????

  6. :( says:

    អោយគេឈ្នះទៅអ្នកមាន អ្នកមានលុយមានអំណាចសុទ្ធតែជាគ្នាគេទាំងអស់ សូម្បីតែជីវ​ កេង ប្រធាន
    តុលាការកំពូលក៏គ្នាគេដែរ ប្រជារាស្រ្តក្រីក្រយកអ្វីទៅតតាំងជាមួយគេ រាស្រ្តមានតែសង្ឃឹមសន្លឹកឆ្នោត
    នៅអាណត្តិក្រោយតែប៉ុណ្ណោះ ហើយប្រសិនបើឈ្នះក៏មិនសង្ឃឹមថាគេព្រមដែរ​ តែបើពួកមិនបោះឆ្នោត
    ទេ មេចអាចនឹងបង្ហាញពីធាតុពិតរបស់រដ្ឋាភិបាលសព្វថ្ងៃនេះទៅ

  7. KonKor5 says:

    Traitor hun sen jailed 11 national activist for admire his boss at Hanoi, going forward hun sen
    have to build more prison for keeping nationalist as not only 11person but also million person will resist for khmer territorail integrity.