អាដហុក​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច

ដោយ សុជីវី
2015-07-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ធន សារាយ ៦២០
លោក ធន សារាយ (ស្ដាំ) ប្រធាន​សមាគម​អាដហុក (Adhoc) ថ្លែង​ក្នុង​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍​ជម្លោះ​ដីធ្លី​ឆ្នាំ​២០១៤-២០១៥ នា​ទីស្នាក់ការ​អាដហុក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Sochivy


សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) រក​ឃើញ​ថា ជម្លោះ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បន្ទាន់ នៅ​ពេល​ដែល​អង្គការ​នេះ​នៅ​តែ​ទទួល​បាន​បណ្ដឹង​បញ្ហា​ពី​ពលរដ្ឋ​ស្ទើរ​ពុំ​មាន​ការ​ថយ​ចុះ។

សមាគម​អាដហុក ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី ដើម្បី​ធានា​យុត្តិធម៌​ក្នុង​សង្គម នៅ​ពេល​បញ្ហា​ដីធ្លី​ភាគ​ច្រើន​ដែល​មិន​អាច​ដោះស្រាយ​ចេញ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច ឬ​អ្នក​មាន​ទ្រព្យ​ធន។

ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ដី​របស់​អ្នក​ណា?” ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា អាដហុក បង្ហាញ​ពី​លទ្ធផល​នៃ​ការ​អង្កេត​បញ្ហា​ដីធ្លី​នៅ​ក្នុង​រយៈពេល ១៨​ខែ ដោយ​គិត​ពី​ដើម​ឆ្នាំ​២០១៤ មក។ ក្នុង​នោះ នៅ​ឆ្នាំ​២០១៤ អាដហុក ទទួល​បណ្ដឹង​ចំនួន ១៤០​ករណី គឺ​បាន​កើន​ឡើង ៥​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣។ ចំណែក​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ មាន​បណ្ដឹង​ចំនួន ៦៦​បណ្ដឹង ដែល​ទទួល​បាន​ពី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី គឺ​មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ប៉ុន្តែ​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ឆ្នាំ​២០១៣។

ប្រធាន​អង្គការ​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​ដែល​ពិបាក​ដោះស្រាយ ហើយ​នៅ​តែ​បន្ត គឺ​ជម្លោះ​រវាង​ពលរដ្ឋ និង​មន្ត្រី​មាន​អំណាច ឬ​អ្នក​មាន​ប្រាក់៖ «ដូចជា​នៅ​មេមត់ នៅ​ឡពាង នៅ​រ៉ាំរ៉ៃ នៅ​មណ្ឌលគិរី រតនគិរី ប៉ះ​នឹង​អ្នក​ដែល​មាន​អំណាច​ខ្លាំងៗ​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​ពិបាក​ដោះ ខេត្ត​ក៏​ពិបាក​ដោះ​ដែរ។ សូម​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​តែ​ម្តង បើ​មិន​មាន​ឆន្ទៈ​របស់​មេ​ដឹក​នាំ​ទេ គឺ​ដោះ​មិន​ចេញ​ទេ»

ក្នុង​រយៈពេល ១៨​ខែ​នេះ បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ៩ពាន់​គ្រួសារ (៩.២៤០​គ្រួសារ) ក្នុង​ទំហំ​ដី​ជាង ៣​ម៉ឺន​ហិកតារ (៣២.៤៦៦,៧៣​ហិកតារ)។

អាដហុក លើក​ឡើង​ដែរ​ថា ការ​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ក្នុង​បញ្ហា​ដីធ្លី​ក្នុង​រយៈពេល ១៨​ខែ​នេះ មាន​ចំនួន ១៣៩​នាក់ ក្នុង​នោះ​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ មាន ១៨​នាក់ ក្នុង​នោះ ៣​នាក់​ត្រូវ​ដោះ​លែង ៩​នាក់​បន្ត​នៅ​ក្នុង​ឃុំ និង ៦​នាក់​ឋិត​ក្រោម​ការ​តាម​ចាប់​ខ្លួន។

បើ​ទោះ​ជា​បាន​បង្ហាញ​ពី​បញ្ហា អាដហុក ក៏​បាន​សាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ដក​ហូត​ដី​មក​វិញ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២៤ ក្នុង​ឆ្នាំ​២០១៤ ក្នុង​នោះ​មាន​ចំនួន ១៤​ក្រុមហ៊ុន ដែល​ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស។ យ៉ាង​ណា ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​ត្រូវ អាដហុក មើល​ឃើញ​ថា ជា​ដី​ដែល​មិន​ត្រូវ​គេ​អភិវឌ្ឍ ឬ​ត្រូវ​ក្រុមហ៊ុន​បោះ​ចោល​រួច​ទៅ​ហើយ។ លើស​ពី​នេះ ដី​ខ្លះ​ទៀត​ត្រូវ​គេ​រាន និង​កាប់​យក​ឈើ​ប្រណិត។

ស្រប​គ្នា​នេះ អាដហុក រក​ឃើញ​ថា មាន​ដី​សម្បទាន​ថ្មី​ចំនួន​២ ត្រូវ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៥ គឺ​នៅ​ក្រោយ​ពេល​ប្រកាស​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក ធន សារាយ លើក​ឡើង​ដែរ​ថា បញ្ហា​ដីធ្លី និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​ឈើ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​ភាគ​ច្រើន​មិន​ទាន់​បាន​ចុះ​បញ្ជី​សមូហភាព​នៅ​ឡើយ៖ «ទាំងអស់​ទូទាំង​ប្រទេស​មាន ១៦៦​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។ ការ​ចុះ​បញ្ជី​សមូហភាព​មក​ដល់​ពេល​នេះ មាន​តែ ៨ ប៉ុណ្ណោះ។ តាម​ផែនការ​ដែល​យើង​ដឹង គឺ​រដ្ឋាភិបាល​គម្រោង​នឹង​ធ្វើ​មួយ​ឆ្នាំ ១០​សហគមន៍។ បើ​យើង​គិត​ពី​ល្បឿន​នៃ​ការ​ចុះ​បញ្ជី និង​ចំនួន​សហគមន៍​សរុប គឺ​ត្រូវ​ការ​ពេល​ជិត ២០​ឆ្នាំ​ទៀត​បាន​ចប់ ពេល​នោះ​ឯង​ប្រហែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នឹង​អស់​មាន​ដី​មក​ចុះ​បញ្ជី​ទៀត​ហើយ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​កសិកម្ម បាន​នៅ​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល​របាយការណ៍​របស់​អាដហុក ដោយ​សំអាង​ករណី​ជម្លោះ​ដីធ្លី​បាន​ថយ​ចុះ​ច្រើន​ហើយ តាម​រយៈ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល និង​ការ​សម្រប​សម្រួល​ដោយ​ការ​បង្កើត​វេទិកា​តាម​មូលដ្ឋាន៖ «ព្រោះ​រដ្ឋាភិបាល​បាន​ចុះ​ដល់​គ្រប់​មូលដ្ឋាន​ទាំងអស់ ហើយ​យើង​កត់ត្រា​ចំនួន​ដីធ្លី ចំនួន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ហ្នឹង យើង​ផ្សព្វផ្សាយ បាន​សេចក្តី​ថា តាម​ខេត្ត​នីមួយៗ​ហ្នឹង​យ៉ាង​ហោច​ណាស់ គឺ​មាន ៥​វេទិកា​ក្នុង ១​ខែ ចុះ​ទៅ​តាម​ស្រុក ដើម្បី​ដោះស្រាយ។ ដូច្នេះ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ការ​លើក​ឡើង (របស់​អាដហុក) ហ្នឹង»

បើ​ទោះ​ជា​មាន​ការ​បារម្ភ​ពី​ភាព​អយុត្តិធម៌ ដែល​កើត​ឡើង​ពី​ការ​អូស​បន្លាយ​បញ្ហា​ដីធ្លី ឬ​ការ​ដោះស្រាយ​មិន​ត្រឹមត្រូវ អាដហុក ក៏​មាន​ក្ដី​រំពឹង​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា និង​ត្រូវ​អ្នក​នយោបាយ​ប្រើប្រាស់​ដើម្បី​បញ្ចប់​ទុក្ខសោក​របស់​ពលរដ្ឋ​ក្នុង​បញ្ហា​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles