ដោយ អ៊ុង សេរីវុទ្ធ
2015-07-22
RFA

ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងក្នុងវេទិកាបក្សសង្គ្រោះជាតិ នៅខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី១៨ មករា ២០១៥។ RFA/Morm Moniroth
ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក គង់ គាំ អះអាងថា លោកនិងសមាជិកដទៃទៀត នឹងពហិការមិនចូលរួមពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់អង្គការ សមាគម ជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។
លោក គង់ គាំ បង្ហាញជំហរបែបនេះ ដោយលោកអះអាងថា ច្បាប់នេះនៅមិនទាន់បានពិភាក្សាល្អិតល្អន់ពីភាគីពាក់ព័ន្ធ និងមិនផ្ដល់ផលប្រយោជន៍ដល់អង្គការ សមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញឡើយ៖ «ជាការមិនល្អទេ ដែលអនុម័តនិងប្រើប្រាស់ច្បាប់នេះ ដូច្នេះយើងរួមគ្នាចង់ឲ្យច្បាប់នេះមានការផ្ទៀងផ្ទាត់ឲ្យល្អិតល្អន់បន្ថែមទៀត មុនដាក់ឲ្យប្រើប្រាស់»។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ចុះថ្ងៃទី២២ កក្កដា ឲ្យដឹងថា ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់អង្គការ សមាគម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។
សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាចអនុម័តដោយឯកច្ឆន្ទ ដោយបក្សប្រឆាំងពហិការមិនចូលរួម ស្របពេលដែលមន្ត្រីអង្គការ សមាគម សហជីពសកម្មជនដីធ្លី និងពលរដ្ឋមួយចំនួន បានតវ៉ាប្រឆាំងទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះតែម្ដង។
កាលពីថ្ងៃទី១៦ កក្កដា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ទទូចឲ្យព្រឹទ្ធសភាបដិសេធសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយអ្នកជំនាញច្បាប់អង្គការអន្តរជាតិមួយនេះយល់ឃើញថា សេចក្ដីព្រាងច្បាប់នេះផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ សម្រាប់គ្រប់គ្រងសេរីភាពនៃការបង្កើតសមាគម។ ជាពិសេសច្បាប់នេះ ប្រាសចាកពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលកម្ពុជាទទួលយកជាច្បាប់ជាតិនៅឆ្នាំ១៩៩២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការជាតិ-អន្តរជាតិរិះគន់លើការកាត់ទោសសកម្មជនបក្សប្រឆាំង១១នាក់
- អង្គការនិងសហគមន៍នៅតាមខេត្តមួយចំនួនទាមទារឲ្យព្រឹទ្ធសភាទម្លាក់ចោលច្បាប់អង្គការ
- លីកាដូខេត្តកំពង់ធំនិងពលរដ្ឋខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការប្រឆាំងច្បាប់អង្គការសមាគម
- សង្គមស៊ីវិល៨ស្ថាប័នស្នើឲ្យគ.ជ.បផ្ដល់ឲ្យមានការចូលរួមពីស្ត្រីលើដំណើរការបោះឆ្នោត
- នារីដែលចោទថាអធិការស្រុកនៅកំពង់ឆ្នាំងចាប់រំលោភរកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស
- អ្នកច្បាប់រដ្ឋសភាថាលោក អ៊ុំ សំអាន ប្រឈមនឹងវិន័យរដ្ឋបាលនិងប្ដឹងទៅតុលាការ
- ពលរដ្ឋជាង៧០នាក់លើកបដាតវ៉ាមុខតុលាការខេត្តរតនគិរីទាមទារដោះលែងអ្នកភូមិម្នាក់
- សាលាក្រុងពិចារណាចេញច្បាប់បិទហាងកម្សាន្តត្រឹមម៉ោង១២យប់
- តំណាងរាស្ត្របក្សទាំងពីរនៅខេត្តបាត់ដំបងជំរុញឲ្យអាជ្ញាធរមូលដ្ឋានរក្សាវប្បធម៌សន្ទនា