អង្គការ​និង​សហគមន៍​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទាមទារ​ឲ្យ​ព្រឹទ្ធសភា​ទម្លាក់​ចោល​ច្បាប់​អង្គការ

ដោយ ហង្ស សាវយុត និង រដ្ឋា វិសាល
2015-07-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តវ៉ា​ច្បាប់​អង្គការ សៀមរាប ៦២០
សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី លើក​បដា​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព និង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Hang Savyouth


សហគមន៍​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រម​ទាំង​សង្គម​ស៊ីវិល​ជាច្រើន​ទៀត នៅ​តែ​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សហជីព និង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​សភា​ទើប​បាន​អនុម័ត​រួច​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​មួយ​កំពុង​មាន​ទំនាស់​ដីធ្លី ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចងក្រង​ជា​សហគមន៍​ច្រើន​កន្លែង ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សហជីព និង​ច្បាប់​សមាគម និង​អង្គការ​នេះ​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់​មក​ពី​សហគមន៍​ទំនាស់​ដីធ្លី​ចំនួន ១១​កន្លែង បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​សហជីព និង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​កក្កដា។ ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​ទាំង​នោះ បាន​លើក​គ្នា​មក​ពី​ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប។

តំណាង​កសិករ​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​ជា​សហគមន៍​ទំនាស់​ដីធ្លី​មួយ​ក្នុង​ចំណោម​សហគមន៍​ជាច្រើន​ទៀត គឺ​លោក ចាន់ រិទ្ធិ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​កក្កដា នៅ​មុន​ពេល​ដែល​នាំ​គ្នា​ដង្ហែ​ក្បួន​ប្រឆាំង​ច្បាប់​គ្រប់គ្រង​អង្គការ​នោះ​ថា រូប​លោក និង​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​ទៀត មិន​ត្រូវ​ការ​ច្បាប់​នេះ​ទេ។ លោក ចាន់ រិទ្ធិ ទាមទារ​ឲ្យ​ស្ថាប័ន​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​មាន​តួនាទី​ពិនិត្យ​មើល​ឡើង​វិញ ឬ​គួរ​តែ​ទម្លាក់​ចោល​នូវ​ច្បាប់​នេះ៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ក្នុង​ខេត្ត​សៀមរាប មាន ២០​សហគមន៍​ជាង​ហ្នឹង អត់​ទទួល​យក​ទេ​ច្បាប់​ហ្នឹង ព្រោះ​អី​វា​មាន​ផល​ប៉ះពាល់ និង​ដាក់​គំនាប​មក​លើ​សហគមន៍​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ច្រើន​ពេក»

កាល​ពី​វេលា​ម៉ោង​ជាង ៨​ព្រឹក ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​បាន​នាំ​គ្នា​ចង​បដា​ពាក្យ​ស្លោក ដែល​និយាយ​ថា “ទេ” ចំពោះ​ច្បាប់​សហជីព សមាគម និង​អង្គការ​នៅ​តាម​រ៉ឺម៉ក និង​ម៉ូតូ ហើយ​នាំ​គ្នា​ជិះ​ដង្ហែ​តាម​ដង​ផ្លូវ​ខ្លះ​ក្នុង​ទីក្រុង​សៀមរាប។ បន្ថែម​លើ​នេះ ក្រុម​សហគមន៍​បាន​ធ្វើ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ ដែល​ប្រឆាំង​នឹង​ច្បាប់​អង្គការ​នោះ​ទៅ​ឲ្យ​មហា​ជន​នៅ​តាម​ដង​ផ្លូវ​ទៀត​ផង។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​សៀមរាប លោក ប៊ុន ថាឬទ្ធិ ដើម្បី​សុំ​ការ​អធិប្បាយ​ចំពោះ​សកម្មភាព​សហគមន៍ ដែល​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​បែប​នេះ​នៅ​ឡើយ។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​នេះ ត្រូវ​បាន​សភា​អនុម័ត​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ។ ច្បាប់​នេះ​នឹង​ត្រូវ​ស្ថាប័ន​ព្រឹទ្ធសភា​ពិនិត្យ​មើល​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ខាង​មុខ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ដែល​មាន ៣៩​មាត្រា និង ៩​ជំពូក គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់​តែ​ធ្វើ​ការ​រួម​គ្នា​ជា​ក្រុម។ លោក អំ សំអាត បញ្ជាក់​ថា ចាប់​ពី​មាត្រា​៥ រហូត​ដល់​មាត្រា​៩ នៃ​ច្បាប់​នេះ គឺ​តម្រូវ​ឲ្យ​រាល់​ការ​ប្រមូល​ផ្ដុំ​របស់​ប្រជាពលរដ្ឋ អាច​ធ្វើ​ទៅ​បាន​ត្រូវ​តែ​ទៅ​ចុះ​បញ្ជី៖ «ដូចជា​ក្រុម​យុវជន​ក្រុម​និស្សិត ក្រុម​បញ្ញវ័ន្ត ឬ​ក៏​បណ្ដាញ​ព្រះសង្ឃ ដូចជា​សហគមន៍​ដីធ្លី សហគមន៍​ព្រៃ​ឡង់ សហគមន៍​អារ៉ែង អី​ជាដើម គាត់​ត្រូវ​តែ​ចុះ​បញ្ជី​ហើយ»

តវ៉ា​ច្បាប់​អង្គការ រតនគិរី ៦២០
អង្គការ​លីកាដូ (Licadho) លើក​បដា​តស៊ូ​មតិ​បែប​អហិង្សា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព និង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​មុខ​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Ratha Visal

សហគមន៍​ប្រជាពលរដ្ឋ​ខ្លះ សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ នឹង​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​រារាំង​ពួក​គេ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌។ ច្បាប់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បញ្ឈប់​ពួក​គេ​មិន​ឲ្យ​ប្រមូល​ផ្ដុំ និង​រឹត​បន្តឹង​សេរីភាព​ពួក​គេ ជាដើម។

ទេ​ច្បាប់​សហជីព សមាគម និង​អង្គការ

សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​កោះកុង ធ្វើ​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​សហជីព និង​ច្បាប់​អង្គការ​សមាគម

ដោយ រដ្ឋា វិសាល

អង្គការ​លីកាដូ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ រួម​ទាំង​សហគមន៍​នៅ​មូលដ្ឋាន​មាន​គ្នា​ប្រមាណ ៣០​នាក់ បាន​ធ្វើ​ការ​តស៊ូ​មតិ​បែប​អហិង្សា​នៅ​មុខ​ការិយាល័យ​លីកាដូ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ក្រុម​អ្នក​តវ៉ា​លើក​បដា​ពាក្យ​ស្លាក​មាន​ន័យ​ថា យើង​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព និង​ច្បាប់​សមាគម និង​អង្គការ រួម​ទាំង​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ស្លាក​សញ្ញា​និយាយ​ថា “ទេ​ច្បាប់​សហជីព សមាគម និង​អង្គការ”។

ការ​តស៊ូ​មតិ​នេះ រៀបចំ​ឡើង​ដោយ​អង្គការ​លីកាដូ សាខា​ខេត្ត​រតនគិរី បន្ទាប់​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន បាន​យក​ពង្រាង​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​ពិភាក្សា និង​ចាត់​ទុក​ថា មាត្រា​មួយ​ចំនួន​នៅ​ពង្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍ ដែល​ត្រូវ​ការ​សេវា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ខេត្ត​រតនគិរី លោក ស្រេង វ៉ាន់លី ថ្លែង​ថា នេះ​មិន​មែន​ជា​សកម្មភាព​ប្រឆាំង​ការ​អនុម័ត​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​នោះ​ទេ ក៏ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឲ្យ​មាន​ការ​កែ​ច្បាប់​នេះ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៖ «បើ​មាន​ច្បាប់​នេះ​ក៏​ល្អ​ដែរ ប៉ុន្តែ​យើង​ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​បង្កើត​ច្បាប់​ហ្នឹង​ឲ្យ​សមស្រប និង​ល្អ​សម្រាប់​គ្រប់គ្រង​អង្គការ។បើ​ច្បាប់​ហ្នឹង​ចេញ អ្នក​ដែល​ខាត​ប្រយោជន៍ គឺ​ប្រជាពលរដ្ឋ​ក្រីក្រ ព្រោះ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ដើម្បី​ពួក​គាត់»

ចំណែក​នៅ​ឯ​ខេត្ត​កោះកុង តំបន់​ឆ្នេរ​សមុទ្រ គម្រោង​សកម្មភាព​សហគមន៍​ដីធ្លី​នៅ​ជីខលើ ស្រុក​ស្រែអំបិល ក៏​បាន​ដង្ហែ​ក្បួន និង​កាន់​បដា​ពី​ភូមិ​ផ្សេងៗ​មក​កាន់​ភូមិ​ឈូក ត្រង់​ចំណុច​លើ​ទំនប់ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​ដល់​សាធារណជន ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤៨ ព្រម​ទាំង​សម្ដែង​មតិ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​នេះ​ដែរ ព្រម​ទាំង​អំពាវនាវ​សុំ​ឲ្យ​ព្រឹទ្ធសភា​ទម្លាក់​ចោល ឬ​កុំ​អនុម័ត​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។

អង្គការ​លីកាដូ ចំនួន ១៣​ខេត្ត​ក្រុង បាន​រៀបចំ​ការ​តស៊ូ​មតិ​បែប​អហិង្សា​នេះ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រឹទ្ធសភា​ទម្លាក់​ចោល​ច្បាប់​នេះ ដោយ​ពិចារណា​ឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ទទួល​សេវា​ពី​អង្គការ​សមាគម​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles