ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com
អ្នកវិភាគនយោបាយលើកឡើងថាការដែលតុលាការចាប់កាត់ទោសសកម្មជននិងមន្រ្តីគណបក្សប្រឆាំងទាំង១១នាក់ ជាការរំលោភលើវប្បធម៌សន្ទនា ដោយផ្ទុយពីអ្វីដែលបក្សទាំងពីរបានសន្យាបញ្ឈប់ការរុកគួនគ្នានោះ។
ការលើកឡើងនេះបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ និងលោក ឃិត ជំរឿន ឲ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំពីបទដឹកនាំកុបកម្ម។ ចំណែកសកម្មជន៨នាក់ផ្សេងទៀតត្រូវជាប់ទោសម្នាក់៧ឆ្នាំពីបទចូលរួមក្នុងចលនាកុបកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ហិង្សាទៅលើក្រុមសន្តិសុខនោះ គឺកើតក្រោយពេលដែលក្រុមមន្រ្តីសិទ្ធិមនុស្សកត់សម្គាល់ថាក្រុមនេះតែងតែវាយបង្រ្កាបទៅលើអ្នកតវ៉ាឲ្យបើកទីលានប្រជាធិបតេយ្យ ប៉ុន្តែមកពេលនេះក្រុមសន្តិសុខនិងអ្នកបញ្ជាឲ្យវាយទៅលើអ្នកតវ៉ានោះមិនត្រូវបានចាប់មកផ្តន្ទាទោសដូចអ្នកគាំទ្រគណបក្សប្រឆាំងឡើយ។
ក្រោយការផ្តន្ទាទោសនេះ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍ចោទដាក់គ្នាទៅវិញទៅមក។ គណបក្សកាន់អំណាចអះអាងថាការផ្តន្ទាទោសនោះជាចំណាត់ការរបស់តុលាការ មិនពាក់ព័ន្ធជាមួយគណបក្សរបស់ខ្លួនឡើយ។ ប៉ុន្តែគណបក្សប្រឆាំងវិញអះអាងថាការផ្តន្ទាទោសនេះជាការរំលោភកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។ យ៉ាងណាក៏ដោយគណបក្សទាំងពីរអះអាងថានឹងបន្តវប្បធម៌សន្ទនាតទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាជាតិ។
សាស្រាចារ្យនយោបាយ លោក សូ ចន្ថា យល់ថាចំណាត់ការរបស់តុលាការលើសកម្មជនលើគណបក្សប្រឆាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាវប្បធម៌សន្ទនានឹងត្រូវបំផ្លាញចោលនៅពេលពេលខាងមុខ។ លោកថ្លែងថាចំណាត់ការរបស់តុលាការនានេះធ្វើឡើងទៅតាមការចង់បានរបស់អ្នកមានអំណាច។ លោកមានប្រសាសន៍ថា៖”វាអាស្រ័យទៅលើឆន្ទៈរបស់មេដឹកនាំគណបក្សដែលឈ្នះឆ្នោតក្នុងសភាដែលចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍រួមក្នុងការបង្កើតវប្បធម៌សន្ទនា។ ទោះជាមេដឹកនាំនៃគណបក្សដែលឈ្នះឆ្នោតទាំងពីរ ដែលចុះហត្ថលេខាលើវប្បធម៌សន្ទនាមិនមានឆន្ទៈរួមក្នុងការបន្តវប្បធម៌សន្ទនានោះទេ ខ្ញុំថាវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិច្រើនមែនទែន។ អ្វីដែលប៉ះខ្លាំងគឺបក្សប្រឆាំងប្រឈមការដាក់គំនាប ហើយនិងការរឹតត្បិតសេរីភាពបន្ថែមទៀត ជាពិសេសប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង និងបិទមាត់បក្សប្រឆាំងថែមទៀត”។
បើតាមអ្នកវិភាគរូបនេះ ការបង្កើតវប្បេធម៌សន្ទនាជាការល្អមួយសម្រាប់ដោះស្រាយរាល់បញ្ហាជាតិ ប៉ុន្តែលោកកត់សម្គាល់ថាវធ្បធម៌សន្ទនានេះហាក់បីដូចជាមិនមានភាពស្មោះត្រង់រវាងដៃគូរនោះទេ។
ចំណែកអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មើលឃើញថាចំណាត់ការរបស់តុលាការនេះពិតជាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។ លោកសង្កត់ធ្ងន់ថាប្រសិនបើគណបក្សកាន់អំណាចនៅតែប្រើកម្លាំងសន្តិសុខនិងប្រើប្រព័ន្ធតុលាការដាក់សម្ពាធលើគណបក្សប្រឆាំងនៅថ្ងៃខាងមុខ នោះគណបក្សទាំងពីរមិនអាចរក្សាវប្បធម៌សន្ទនានោះបានទេ។ លោកមានប្រសាសន៍ថា៖”វាប៉ះពាល់ដោយសាររឿងហ្នឹងជារឿងនយោបាយទាំងស្រង់តែម្តង កាលគណបក្សកាន់អំណាច កាលនោះលោកហ៊ុន សែន គាត់ដោះលែងសកម្មជន ហើយនិងអ្នកដែលជាប់ឆ្នោតតំណាងរាស្រ្តហ្នឹង ក៏គាត់បាននិយាយច្បាស់លាស់ហើយទាក់ទងវប្បធម៌សន្ទនាហ្នឹង យល់ព្រមទៅគាត់ដោះលែងទៅ ប៉ុន្តែគាត់ទុកករណីហ្នឹងនៅបន្តចឹងដើម្បីជាចំណាត់ខ្មាំង។ តែដល់ពេលឥឡូវនេះ យើងឃើញថ្មីៗដោយសារការតវ៉ារឿងព្រំដែន ការចាប់ខ្លួននោះក៏បន្តទៅទៀតទៅ។ ចឹងយើងដឹងថាតុលាការមិនឯករាជ្យពីរដ្ឋាភិបាលទេ ដោយសារចឹងហើយ ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋមិនអាចជឿទៅហ្នឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនោះទេបាទ”។
សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥ សរសេរថា៖”គោលការណ៍វប្បធម៌សន្ទនាគឺត្រូវស្ថិតនៅក្រោមឆ័ត្រនៃរដ្ឋធម្មនុញ្ញនិងច្បាប់នានា ពិសេសមិនអាចគ្របដណ្តប់លើវិស័យតុលាការទេ ព្រោះអំណាចតុលាការជាអំណាចឯករាជ្យដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ”។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ លើកឡើងថា៖”គណបក្សនេះមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងដែលតុលាការរាជធានីភ្នំពេញបានសម្រេចដាក់ពន្ធនាគារសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១១រូប កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥ គឺជាការធ្វើឲ្យភាពតានតឹងខាងនយោបាយឡើងវិញ ដែលផ្ទុយនឹងស្មារតីកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤កន្លងមក”៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com