ដោយ ខែ សុណង
2015-07-23
RFA

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងសិក្ខាសាលាស្ដីអំពី “ការសិក្សាស្រាវជ្រាវលើការអនុវត្តម៉ោងសិក្សានៅបឋមសិក្សា” នារាជធានីភ្នំពេញ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៥។ RFA/Khe Sonorng
ក្រសួងអប់រំយុវជន និងកីឡា នៅតែចាត់ទុកការរឹតបន្តឹង និងការយកចិត្តទុកដាក់លើការប្រឡងគឺជារឿងសំខាន់ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប ឆ្នាំ១០១៥ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ក្រសួងបានបង្ហាញរក្សាជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល និងមិនអនុញ្ញាតឲ្យមានការប្រឡងលើកទី២ នោះឡើយ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោក ហង់ ជួនណារ៉ុន លើកឡើងថា ការប្រឡងបាក់ឌុប ក្នុងឆ្នាំ២០១៥ ដែលបន្តរឹតបន្តឹងនោះ គឺនឹងនៅតែផ្ដល់ឱកាសអោយអ្នកចេះគឺជាប់។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវលើការអនុវត្តម៉ោងសិក្សានៅបឋមសិក្សា នៅថ្ងៃទី២៣ ខែកក្កដា ថា ការប្រឡងបាក់ឌុប ឆ្នាំ២០១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ក្រសួងបន្តរឹតបន្តឹងទាំងវិន័យរបស់គ្រូ ទាំងវិន័យរបស់សិស្ស និងបន្តអនុវត្តទោសទណ្ឌចំពោះសកម្មភាពមិនប្រក្រតីនានា អំឡុងពេលប្រឡង៖ «ក្រសួងនឹងមានការរឹតបន្តឹងអំឡុងពេលប្រឡង ទាំងវិធានការរដ្ឋបាល ទាំងវិធានការច្បាប់លើជនណាដែលល្មើសបង្កភាពមិនប្រក្រតីនានា ហើយឆ្នាំនេះយើងមិនប្រឡងលើកទី២ នោះទេ»។
ក្រសួងអប់រំយុវជន និងកីឡា ឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៥ នេះ មានបេក្ខជនជាង ៨៣.៤៨០នាក់ មានមណ្ឌលប្រឡងចំនួន ១៤៩ ដែលស្មើនឹង ៣.៥៧៩បន្ទប់។
ដោយសារការប្រឡងបាក់ឌុប ឆ្នាំនេះ មានតែ ១លើក ក្រសួងគ្រោងចំណាយថវិកាប្រមាណ ២,៨លានដុល្លារ សម្រាប់ដំណើរការរៀបចំការប្រឡងបាក់ឌុប ឆ្នាំ២០១៥ ដែលចំនួននេះតិចជាងឆ្នាំមុនដែលចំណាយអស់ជាង ៣លានដុល្លារ ខណៈបេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំនេះតិចជាងឆ្នាំមុន។
កញ្ចប់ថវិការបស់ក្រសួងអប់រំ ប្រមាណ ២,៨លានដុល្លារនេះ ក្រសួងនឹងបែងចែកជាពីរផ្នែកសំខាន់ៗ គឺទៅលើផ្នែកសម្ភារៈរដ្ឋបាលនានា ក្នុងនោះឯកសារប្រឡង សម្ភារៈផ្សេងៗ និងធុងសោដាក់វិញ្ញាសាសម្រាប់ដំណើរការប្រឡង និងផ្នែកទីពីរចំណាយលើបេសកកម្មរបស់មន្ត្រីអប់រំ មុនពេលអំឡុងពេល និងក្រោយថ្ងៃប្រឡង។
ជាងនេះទៀត អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បញ្ជាក់ថា នឹងមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍លើដំណើរការប្រឡងបាក់ឌុប ឆ្នាំនេះ ហើយរហូតមកដល់ពេលនេះ មានអ្នកចុះឈ្មោះសង្កេតការណ៍តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានជាង ៣.០០០នាក់ហើយ។
កាលពីឆ្នាំ២០១៤ ដែលជាឆ្នាំកំណែទម្រង់ការប្រឡងលើកដំបូងនោះ គេឃើញថា ក្រសួងអប់រំ ក៏ធ្លាប់ប្រកាសថា នឹងមិនអនុញ្ញាតឲ្យមានការប្រឡងបាក់ឌុប លើកទី២ដែរ ប៉ុន្តែក្រោយចេញលទ្ធផលមានបេក្ខជនរាប់ម៉ឺននាក់បានប្រឡងធ្លាក់ និងមានការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបេក្ខជនទាំងនោះមានឱកាសបានប្រឡងម្ដងទៀត ពេលនោះគេឃើញថា ក្រសួងបានរៀបចំឲ្យមានការប្រឡងបាក់ឌុប ជាលើកទី២។
កាលឆ្នាំ២០១៤ នោះ គឺមានបេក្ខជនជាង ២ម៉ឺននាក់ប៉ុណ្ណោះដែលប្រលងជាប់ ក្នុងចំណោមបេក្ខជនបានដាក់ពាក្យប្រឡងជិត ៩ម៉ឺននាក់។
ទោះយ៉ាងណា ការប្រកាសបន្តរឹតបន្តឹង និងមិនអនុញ្ញាតឲ្យមានការប្រឡងលើកទី២ ត្រូវរងការរិះគន់ពីមជ្ឈដ្ឋានទូទៅថា ក្រសួងអប់រំ គួរតែប្រើពេលវេលាពង្រឹងគុណភាពអប់រំជាមុនសិន មិនត្រូវអនុវត្តការរឹតបន្តឹងពេលប្រលងឆាប់ៗ ដូចការដែលក្រសួងអប់រំ បានអនុវត្តនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលស្នើឲ្យក្រសួងអប់រំដោះស្រាយបញ្ហាបាត់ម៉ោងបង្រៀននៅថ្នាក់បឋមសិក្សា
- គ្រូបង្រៀននៅវិទ្យាល័យរមាសហែកបន្តប្ដឹងដកនាយកសាលាចោទរឿងពុករលួយ
- អ្នកជំនាញ៖ កម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាធនធានមនុស្សបាននៅឡើយ
- គ្រូបង្រៀននៅខេត្តបាត់ដំបងត្អូញត្អែរមិនបានបើកប្រាក់បង្រៀនពីរពេលចំនួន៩ខែ
- អង្គការរូមធូរីដកម្ពុជាប្រកាសជ្រើសរើសអ្នកចង់ក្លាយជាកវីនិពន្ធរឿងសម្រាប់កុមារ
- គ្រូបង្រៀនវិទ្យាល័យវ៉ារិនខេត្តសៀមរាបរអ៊ូរទាំថាមិនទាន់បានបើកប្រាក់បន្ថែមម៉ោង
- សង្គមស៊ីវិលមួយចំនួននឹងចូលរួមសង្កេតការប្រឡងបាក់ឌុបឆ្នាំ២០១៥
- គ្រូបង្រៀនសាលាបឋមសិក្សានៅតាកែវមិនទាន់បានបើកប្រាក់បន្ថែមថ្ងៃព្រហស្បតិ៍
- ក្រសួងអប់រំរក្សាការរឹតបន្តឹងប្រឡងបាក់ឌុបដោយឈរលើគោលការណ៍៤ចំណុច