ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015, 05:16 PM
http://vodhotnews.com
សង្គមស៊ីវិលក្នុងស្រុក ដែលធ្វើការងារជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ស្នើឲ្យព្រឹទ្ធសភាបដិសេធ ឬពិចារណាកែសម្រួលជាបន្ទាន់ ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយចាត់ទុកថាច្បាប់នោះ នឹងរឹតបន្តឹងធ្ងន់ធ្ងរលើសេរីភាពបង្កើតសមាគម និងសេរីភាពបញ្ចេញមតិ។
ការស្នើនេះ ធ្វើឡើងពេលដែលព្រឹទ្ធសភា គ្រោងពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃស្អែកនេះ បើទោះជាច្បាប់នេះនៅមានភាពចម្រូងចម្រាសក៏ដោយ។
លិខិតចំហចុះហត្ថលេខាដោយនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ផ្ញើជូនប្រធានព្រឹទ្ធសភា លោក សាយ ឈុំ កាលពីម្សិលមិញ បានលើកឡើងថា ប្រសិនបើច្បាប់នោះត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ នឹងបណ្តាលឲ្យមានការរឹតបន្តឹងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពខាងបង្កើតសមាគម សេរីភាពខាងបញ្ចេញមតិ និងជួបប្រជុំ ជាពិសេសផ្ទុយនិងរដ្ឋធម្មនុញ្ញកម្ពុជា ស្តីពីកតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ តាមរយៈលិខិតចំហនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់ប្រធានព្រឹទ្ធសភា កែសម្រួលខ្លឹមសារសំខាន់ៗ ឬក៏បោះឆ្នោតបដិសេធច្បាប់នោះតែម្តង។
លោកស្រី ចក់ សុភាព មានប្រសាសន៍បន្ថែមថា សេចក្តីព្រួយបារម្ភរបស់សង្គមស៊ីវិល គឺថានៅពេលច្បាប់នេះមានលក្ខណៈចន្លោះប្រហោង មិនបានចែងឲ្យច្បាស់ទេនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់សហគមន៍នៅតាមមូលដ្ឋាន។ លោកស្រីបន្តថា ចំណុចព្រួយបារម្ភផ្សេងទៀតត្រង់មាត្រា៤ មាត្រា៦ និងមាត្រា៩ ដែលលោកស្រីចាត់ទុកថា នៅមានចន្លោះប្រហោងច្រើន ដែលទាមទារឲ្យព្រឹទ្ធសភាកែប្រែខ្លឹមសារ ឬបដិសេធច្បាប់នោះតែម្តង។ លោកស្រីបញ្ជាក់ថា៖ “អ្វីដែលយើងបានតស៊ូមតិកន្លងមកនេះ គឺច្រើនមកហើយ ចុងក្រោយអ្វីដែលយើងរំពឹងគឺមានតែខាងស្ថាប័នព្រឹទ្ធសភានេះ គាត់អាចពិចារណាទៅលើ អនុសាសន៍ដែលយើងបានដាក់ស្នើសុំដូចជាលិខិតចំហ ដែលយើងបានដាក់ជូននេះ។ ហើយថ្ងៃនេះខាងអង្គការសង្គមស៊ីវិលជាង ៦០ ក៏យើងបាន ចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលស្នើស្រដៀងគ្នា គឺស្នើឲ្យព្រឹទ្ធសភា ធ្វើការពិចារណាឡើងវិញ ទៅលើការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ហើយធ្វើការកែសម្រួល បើមិនដូច្នេះទេ គាត់គួរតែធ្វើការបដិសេធច្បាប់នេះចោល”។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ប្រាប់វីអូឌី(VOD)ថា ព្រឹទ្ធសភាមិនទាន់បានទទួលលិខិតរបស់សង្គមស៊ីវិលនោះទេ។ តែលោកថា ការដែលក្រសួងមហាផ្ទៃតាក់តែងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ ដើម្បីពង្រឹងនីតិរដ្ឋ និងលើកស្ទួយសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះ។ លោកថា៖ “គិតតែលើកស្ទួយសិទ្ធិសេរីភាព ហើយនឹងផ្តល់ការពារសិទ្ធិ ហើយនឹងឲ្យសិទ្ធិស្របច្បាប់ទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គេយល់ឃើញចឹង បានគេបង្កើតច្បាប់ហ្នឹង មិនមែនឲ្យរឹតបន្តឹងណា នៅចំណុចណាមួយដែលថារឹតបន្តឹងនោះ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា រដ្ឋសភាបានអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយមិនមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួម។ ច្បាប់នេះ ក៏មានការជំទាស់ខ្លាំងពីសង្គមស៊ីវិលជាតិ និងអន្តរជាតិដែរ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
