ពលរដ្ឋ​ថៃ​បន្ត​ចូល​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​៤៣​នៅ​ខេត្ត​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន
2015-07-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​ថៃ​ភ្ជួរ​ស្រែ​នៅ​បន្ទាយមានជ័យ ៦២០
សកម្មភាព​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ថៃ ចូល​ភ្ជួរ​ដី​ធ្វើ​ស្រែ​នៅ​តំបន់​បង្គោល​ឡាក់​លេខ​៤៣ ចំណុច​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥។ Photo Provided


ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា នាំ​គ្នា​ទៅ​រារាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ថៃ ដែល​យក​ត្រាក់ទ័រ​ចូល​ទៅ​ភ្ជួរ​ដី​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ក្បែរ​បង្គោល​ឡាក់​លេខ​៤៣ នៅ​ជាយដែន​ខេត្ត​បន្ទាយមានជ័យ។

ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា មាន​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ការ​នៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ពុំ​បាន​ចេញ​មុខ​ទៅ​បញ្ឈប់​សកម្មភាព​របស់​ជនជាតិ​ថៃ ទាំង​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ទឹក​ដី​នៅ​តំបន់​បង្គោល​ឡាក់​លេខ​៤៣ នោះ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ថៃ ពីព្រោះ​ថា ជនជាតិ​ថៃ បាន​នាំ​គ្នា​ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​សមត្ថកិច្ច​ខ្មែរ​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ប៉ូលិស​ការពារ​ព្រំដែន​ថៃ ចំនួន ៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន ប៉ុន្តែ​ពុំ​មាន​អាវុធ​ជាប់​នឹង​ខ្លួន​នោះ​ទេ បាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ការពារ​ប្រជាពលរដ្ឋ​ថៃ ឲ្យ​ភ្ជួរ​ដី​ធ្វើ​ស្រែ​នៅ​តំបន់​បង្គោល​ឡាក់​លេខ​៤៣ នៅ​ចំណុច​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ។ អ្នក​ភូមិ​អះអាង​ទៀត​ថា ប្រជាពលរដ្ឋ​ថៃ ប្រមាណ ៨​នាក់​ប្រដាប់​ដោយ​ឧបករណ៍​ភ្ជួរ​ដី មាន​ត្រាក់ទ័រ​ចំនួន ៣​គ្រឿង និង​គោយន្ត​មួយ​គ្រឿង ធ្វើ​សកម្មភាព​ភ្ជួរ​ដី​អស់​ប្រមាណ ១​ហិកតារ​ក្នុង​រយៈពេល​ប្រមាណ​ជាង​កន្លះ​ម៉ោង ក៏​វិញ​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ។ អ្នក​ភូមិ​បញ្ជាក់​ថា ពលរដ្ឋ​ថៃ វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នេះ ដោយសារ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​រារាំង​បញ្ឈប់​សកម្មភាព​របស់​ពលរដ្ឋ​ថៃ ទាំង​នោះ៖ «ចា៎! វា​មក​ព្រោះ​ស្រូវ ហើយ​គេ​ភ្ជួរ​លុប​តែ​ម្ដង​ទៅ ដល់​ពេល​យើង​នាំ​គ្នា​ទៅ​ឃាត់ គេ​បម្រុង​បើក​ត្រាក់ទ័រ​បុក​យើង​ទៀត។ ដោយឡែក​ជនជាតិ​ថៃ ម្នាក់​ទៀត គេ​និយាយ​គំរាម​ទៅ​យក​បាញ់​ពួក​យើង​ខ្ញុំ​នៅ​ទីនោះ មិន​ឲ្យ​ពួក​ខ្ញុំ​រារាំង​សកម្មភាព​របស់​គេ​ឡើយ»

ប្រជាពលរដ្ឋ​បន្ត​ថា មាន​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ការ​នៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​ពុំ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​មុខ​ទៅ​រារាំង​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​អូរជ្រៅ លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ជុំវិញ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ភ្ជួរ​ដី​ធ្វើ​ស្រែ​នោះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ អាជ្ញាធរ​ស្រុក​អូរជ្រៅ បាន​ប្រជុំ​ពិភាក្សា​នៅ​ក្នុង​ទឹក​ដី​ថៃ ជាមួយ​អាជ្ញាធរ​ស្រុក​គោកធ្យូង របស់​ថៃ បាន​ឯកភាព​គ្នា​ឲ្យ​បញ្ឈប់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ធ្វើ​ស្រែ​នៅ​តំបន់​ដី​ជម្លោះ​នោះ​បណ្ដោះអាសន្ន​រួច​មក​ហើយ។ លោក​បន្ថែម​ថា នឹង​នាំ​រឿង​នេះ​ទៅ​ជម្រាប​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិភាក្សា​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្រះកែវ របស់​ថៃ បន្ត​ទៀត៖ «អាជ្ញាធរ​ថៃ គេ​ទទួល​ស្គាល់​ថា ដី​នៅ​តំបន់​ជម្លោះ​នោះ​ជា​ដី​របស់​ខ្មែរ ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​ថៃ គេ​ចូល​មក​ធ្វើ​ស្រែ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​យើង​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថៃ ថា ដី​នៅ​តំបន់​នោះ​វា​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ក្នុង​ពេល​ឆាប់ៗ ដែល​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ទទួល​បាន​សិទ្ធិ​ធ្វើ​ការ​អភិវឌ្ឍ​នោះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​នេះ​ជា​ករណី​កើត​ឡើង​ដដែលៗ ហើយ​វា​កាន់​តែ​រីក​ធំ​ឡើង​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ប្រសិន​បើ​សមត្ថកិច្ច​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-ថៃ មិន​ប្រញាប់​ដោះស្រាយ​ទាន់​ពេល​ទេ នោះ​វា​អាច​បង្ក​ឲ្យ​កើត​ទៅ​ជា​ជម្លោះ​កាន់​តែ​ធំ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដែល​រស់នៅ​តំបន់​នោះ​នៅ​ពេល​ណា​មួយ​ជា​ពុំ​ខាន៖ «ដោយ​ហេតុ​ថា ការ​ដោះស្រាយ​កន្លង​ទៅ​បាន​ត្រឹម​តែ​ការ​ដោះស្រាយ​រវាង​អាជ្ញាធរ​មូលដ្ឋាន​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​ការ​ដោះស្រាយ​ថ្នាក់​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ពុំ​ទាន់​មាន​នៅ​ឡើយ»

សព្វថ្ងៃ ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តំបន់​បង្គោល​ឡាក់​លេខ​៤៣ នោះ អស់​ប្រមាណ ៥០​ហិកតារ ដែល​កន្លែង​ខ្លះ​ចម្ងាយ​ប្រមាណ​ពី ៣០០​ម៉ែត្រ ទៅ ១​ពាន់​ម៉ែត្រ​ពី​បង្គោល​ឡាក់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ថៃ​បន្ត​ចូល​ធ្វើ​ស្រែ​ក្នុង​ទឹក​ដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​៤៣​នៅ​ខេត្ត​បន្ទាយមានជ័យ"

  1. ម៉េចហើយបងប្អូនសង្រ្គោះជាតិ ទៅទេ ?