ដោយ រដ្ឋា វិសាល
2015-07-23
RFA

ផែនទីខេត្តរតនគិរី។ Photo: RFA
ប្រជាសហគមន៍រស់នៅតំបន់អូរខាំផា ជាប់នឹងតំបន់ឧទ្យានជាតិវីរជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី អះអាងថា មានពលរដ្ឋវៀតណាម ជាក្រុមៗបានចូលមកក្នុងឧទ្យានជាតិ ស្វែងកាប់ឈើគ្រញូង និងដាក់អន្ទាក់សត្វព្រៃ។ ក្រុមពលរដ្ឋវៀតណាម ដែលចូលមកប្រព្រឹត្តបទល្មើសទាំងនោះអះអាងប្រាប់ប្រជាពលរដ្ឋដែលបានប្រទះឃើញពួកគេថា បានបង់ប្រាក់ប្រចាំខែទៅឲ្យមន្ត្រីឧទ្យានុរក្សប្រចាំតំបន់នោះ។
ប្រជាសហគមន៍អូរខាំផា អំពាវនាវឲ្យសមត្ថកិច្ចគ្រប់គ្រងឧទ្យានជាតិវីរជ័យ ស៊ើបអង្កេតអំពើពុករលួយរបស់មន្ត្រីអនុរក្សដែនឧទ្យានជាតិស្រុកតាវែង ឃុបឃិតឲ្យជនជាតិវៀតណាម ចូលព្រៃកាប់ឈើគ្រញូង និងដាក់អន្ទាក់សត្វព្រៃក្នុងឧទ្យានជាតិ។
សមាជិកសហគមន៍អូរខាំផា សុំមិនឲ្យបញ្ចេញឈ្មោះរៀបរាប់ថា ប្រមាណមួយខែកន្លងទៅនេះ សហគមន៍បានប្រទះឃើញពលរដ្ឋវៀតណាម ជាក្រុមៗមានគ្នាប្រមាណ ៥០នាក់ បានឆ្លងកាត់តំបន់ព្រំដែនចំណុចសេ១ (C1) ជាប់ព្រំប្រទល់ព្រៃសហគមន៍អូរខាំផា និងឧទ្យានជាតិវីរជ័យ។ ក្រុមពលរដ្ឋវៀតណាម អ្នកដើរព្រៃនោះប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិតូចៗ មានអន្ទាក់សត្វព្រៃ បំណងស្វែងរកឈើគ្រញូង នៅតំបន់ភ្នំ និងដាក់អន្ទាក់យកសត្វព្រៃស្ពាយឆ្លងដែនទៅប្រទេសវៀតណាម ដើម្បីធ្វើអាជីវកម្ម។
សហគមន៍ដដែលឲ្យដឹងថា បុរសជនជាតិវៀតណាម ម្នាក់ឈ្មោះ ផាន់ ជាអតីតមេការក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះចិន ហ្វុង ទៀន នៅតំបន់នោះ គឺជាអ្នករត់ការបង់ប្រាក់ទៅឲ្យឆ្មាំការពារឧទ្យានប្រចាំខែ ហើយអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូលព្រៃដោយគ្មានការទប់ស្កាត់៖ «កម្លាំងមកវាមកម្តងមិនតិចទេពីហាសិបទៅហុកសិបនាក់។ វាចូលល្បាក់មួយខែនេះហើយ ទើបខ្ញុំដឹងប្រជាពលរដ្ឋគេចូលព្រៃកាប់ឫស្សី គេបានជួបដែរ ខ្ញុំបានជួបផ្ទាល់ ខ្ញុំចេះនិយាយវៀតណាម តិចតួច។ ខ្ញុំសួរគេ គេបានរាយការណ៍ប្រាប់ខ្ញុំអស់។ វាបង់ខែ ព្រោះវាច្រើនក្រុម។ ឆ្នាំទៅវាបង់មួយខែតែ ១០លានដុងទេ ឆ្នាំនេះវាបង់ ២៥លានដុង»។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានឧទ្យានុរក្សប្រចាំស្រុកតាវែង លោក មោង ពិសិដ្ឋ បដិសេធថា មិនមានមន្ត្រីអនុរក្សណាមួយពាក់ព័ន្ធទទួលប្រាក់សំណូកឲ្យពលរដ្ឋវៀតណាម ចូលប្រព្រឹត្តបទល្មើសក្នុងឧទ្យានជាតិនោះឡើយ។ លោកថា ឆ្មាំឧទ្យានត្រូវបានចាត់ឲ្យដើរល្បាតនៅតំបន់អូរខាំផា អូរកាយ៉ាក និងអូរដំបូក ក៏ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការប្រទះឃើញពលរដ្ឋវៀតណាម ចូលមកប្រព្រឹត្តបទល្មើសនោះទេ៖ «អត់ដឹងដែរ មិនដែលបានចាយទេ។ ម្សិលម្ង៉ៃចុះទៅដែរ អត់ឃើញស្អីតាមកាយ៉ាកតាមស្អីហ្នឹង។ ស្អែកចុះទៅទៀត ចុះផ្ទាល់ខ្លួនឯងទៀតចង់ដឹងមើល»។
ឧទ្យានជាតិវីរជ័យ មានផ្ទៃដីជាង ៣៥ម៉ឺនហិកតារ។ សេចក្ដីរាយការណ៍របស់សហគមន៍ឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះសកម្មភាពកាប់ឈើប្រណិតអនាធិបតេយ្យ និងការប្រមាញ់សត្វព្រៃកើតមានច្រើនករណី បើទោះបីឆ្មាំការពារឧទ្យានល្បាត ឬដាក់ប៉ុស្តិ៍ទប់ស្កាត់ការចរាចរឈើប្រណិតចេញពីឧទ្យានជាតិយ៉ាងណាក្តី។
កត់សំគាល់ទៅនឹងការអះអាងរបស់សហគមន៍នេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ទទួលស្គាល់ថា សហគមន៍ធ្លាប់បានផ្ដល់ព័ត៌មាននេះមកសមាគមលោកដូចគ្នា។ ក្នុងនោះសហគមន៍អះអាងថា ពលរដ្ឋវៀតណាម ខ្លះជាអ្នកប្រើប្រាស់គ្រឿងញៀនជួយបង្កើនកម្លាំងលីឈើ ឬសត្វព្រៃត្រឡប់ទៅវិញ៖ «គឺមានការប្រើប្រាស់គ្រឿងញៀនទៀត អាចមានលទ្ធភាពឡើងភ្នំដើម្បីលីឈើគ្រញូងចុះមកវិញ»។
ចំណែកប្រធានឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី លោក ព្រិន សំបូរ អះអាងថា លោកនឹងស្រាវជ្រាវករណីបន្ថែមទៀត ពីព្រោះលោកក៏ទទួលបានព័ត៌មាននេះដូចគ្នា ក៏ប៉ុន្តែពេលចុះស្រាវជ្រាវមិនឃើញមានករណីនេះទេ។ លោកបន្តថា ច្រករបៀងនៅតំបន់នោះមានច្រើន ហេតុនេះក្រុមអនុរក្សមានការលំបាកដើរល្បាត ជាពិសេសនារដូវភ្លៀងនេះ៖ «ខ្ញុំអត់ជឿ ព្រោះខ្ញុំបានបង្កើតក្រុមការងារ ពិសេសចុះស្រាវជ្រាវរឿងហ្នឹងដែរ។ ឥឡូវខ្ញុំបានចាត់តាំងកម្លាំងហ្នឹងឲ្យតាមដានស្រាវជ្រាវរឿងហ្នឹង បើចុះជួបត្រូវចាប់ទាំងអស់»។
ទោះជាយ៉ាងនេះក៏ដោយ ជាប្រជាសហគមន៍អូរខាំផា អះអាងដែរថា នៅតំបន់អូរដំបូក ក៏មានសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីឧទ្យានជាតិ និងដឹកជញ្ជូនតាមកាណូតមកកាន់ស្រុកតាវែង ដោយគ្មានការទប់ស្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ខេត្តរតនគិរីអះអាងថាជនជាតិវៀតណាមបន្តលួចកាប់ឈើក្នុងព្រៃសហគមន៍
- បក្សប្រឆាំងស្នើរដ្ឋាភិបាលពិនិត្យភាពមិនប្រក្រតីនៃតំបន់សេដ្ឋកិច្ចរបស់ឧកញ៉ា ទ្រី ភាព
- មេឃុំនៅស្ទឹងត្រែងលាលែងពីតួនាទីបន្ទាប់ពីរងការចោទជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ
- បទសម្ភាសន៍៖ ឧកញ៉ា ទ្រី ភាព បំភ្លឺការចោទប្រកាន់រឿងបទល្មើសព្រៃឈើ
- លោក ទ្រី ភាព ទាមទារដោះស្រាយតាមច្បាប់ករណីចោទក្រុមហ៊ុនលោកកាប់បំផ្លាញឈើ
- មន្ត្រីបក្សប្រឆាំងជំរុញឲ្យសភាបញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មឈើរបស់ឧកញ៉ាពីររូប
- ធម្មយាត្រាព្រះសង្ឃដើម្បីការពារព្រៃឡង់
- អាជ្ញាធរខេត្តរតនគិរីជំរុញឲ្យមន្ត្រីពាក់ព័ន្ធដាំកូនឈើឡើងវិញនៅក្រុងបានលុង
- ទាហានឡាវដោះលែងពលរដ្ឋខ្មែរ១១នាក់ដែលឆ្លងដែនចូលកាប់ឈើក្នុងដីឡាវ