ដោយ យ៉ង ចាន់តារា
2015-07-23
RFA

មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និងសកម្មជនដទៃទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តយកទៅឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥។ RFA/Morm Moniroth
អង្គការសង្គមស៊ីវិលចំនួន ១៣ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ថ្កោលទោសចំពោះការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ១១រូប ដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ និង ២០ឆ្នាំ។
អង្គការសង្គមស៊ីវិលទាំង ១៣ បានរិះគន់សវនាការតុលាការក្រុងភ្នំពេញ ថាមានលក្ខណៈមិនយុត្តិធម៌ ប្រញាប់ប្រញាល់ និងរំលោភលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌របស់ចុងចោទ។ ក្រៅពីនេះ អង្គការទាំងនោះក៏បានរិះគន់ថា ការកាត់សេចក្តីមិនផ្អែកលើការពិត និងស្ថិតក្រោមឥទ្ធិពលនយោបាយ។
អង្គការសង្គមស៊ីវិលទាំង ១៣ នោះរួមមាន សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា សហភាពការងារកម្ពុជា អង្គការខុមហ្វ្រែល (Comfrel) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការសមធម៌កម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសីលការ អង្គការស្ត្រីខ្មែរ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ និងលោក ឃិន ជំរឿន ឲ្យជាប់ពន្ធនាគារម្នាក់ ២០ឆ្នាំ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម។ ចំណែកសកម្មជនបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀត ដែលរួមមាន លោក ស៊ុំ ពុទ្ធី លោក នាង សុឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង និងលោក កែ ឃីម ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៧ឆ្នាំ ពីបទចូលរួមក្នុងចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ទាក់ទងនឹងបញ្ហានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានរិះគន់អង្គការលីកាដូ (Licadho) ថា បានបាត់បង់អព្យាក្រឹតភាព និងមិនបំពេញតួនាទីរបស់ខ្លួនតាមវិជ្ជាជីវៈ បន្ទាប់ពីអង្គការនេះបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការផ្ដន្ទាទោសសកម្មជនបក្សសង្គ្រោះជាតិ ទាំង ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋសភាសម្រេចដាក់ពិន័យរដ្ឋបាលដោយព្យួរការងារនិងកាត់ប្រាក់ខែលោក អ៊ុំ សំអាន
- អង្គការជាតិ-អន្តរជាតិស្នើដាក់បញ្ចូលបញ្ហាចំណាកស្រុកក្នុងផែនការសហស្សវត្សថ្មីអ.ស.ប
- ព្រឹទ្ធសមាជិកបក្សកាន់អំណាចបានអនុម័តសេចក្ដីព្រាងច្បាប់អង្គការដោយឯកច្ឆន្ទ
- រដ្ឋាភិបាលជំរុញឲ្យមេបក្សប្រឆាំងយកផែនទីមកផ្ទៀងផ្ទាត់
- លោក សម រង្ស៊ី បកស្រាយមន្ទិលដែលថាលោកមិនខ្វល់ពីការកាត់ទោសសកម្មជន
- ក្រុមអង្គការមិនមែនរដ្ឋាភិបាលនឹងតវ៉ាជំទាស់ការអនុម័តច្បាប់នៅមុខព្រឹទ្ធសភា
- ពលរដ្ឋថៃបន្តចូលធ្វើស្រែក្នុងទឹកដីខ្មែរតំបន់បង្គោលឡាក់៤៣នៅខេត្តបន្ទាយមានជ័យ
- លោក ហ៊ុន សែន ដាក់បទបញ្ជាកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា
- ក្រសួងការបរទេសកំពុងជួយសង្គ្រោះស្ត្រីខ្មែរ៣នាក់ដែលមេខ្យល់បោកទៅរៀបការនៅចិន