ភាពយន្ត​ខ្មែរ​-​ហ្វីលីពីន​រឿង «​សង្គ្រាម​បងប្អូន​» ប្រើ​៣​ភាសា ពិបាក​សម្រាប់​តារា​ខ្មែរ​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃសៅរ៍ ទី8 សីហា 2015, 09:39 AM
http://vodhotnews.com


តារា​ខ្មែរ​និង​ហ្វីលីពីន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង «​សង្គ្រាម​បងប្អូន​» កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា (រូបភាព​៖ វង្ស សុម៉ាលីន​)


​ភាពយន្ត​រឿង «​សង្គ្រាម​បងប្អូន​» ដែល​ត្រូវ​គេ​ដឹង​យូរ​មក​ហើយ​ថា ជា​ខ្សែភាពយន្ត​ខ្មែរ និង​ហ្វីលីពីន​សម្ដែង​រួម​គ្នា​ត្រូវ​បាន​ដាក់​សម្ពោធ​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​នៅ​ក្នុង​រឿង​នេះ សាច់​រឿង​ទាំងមូល​និយាយ​៣​ភាសា​ប្រើប្រាស់​សំឡេង​តួ​សម្ដែង​ផ្ទាល់ មិន​មាន​បញ្ចូល​សំឡេង​បកប្រែ​នោះឡើយ​។ ភាគី​តារា​សម្ដែង​ខ្មែរ​បាន​បង្ហាញ​ពី​ការ លំបាក និង​ចំណុច​ខ្វះខាត​ក្នុង​ការសម្ដែង​ដែល​ត្រូវ​និយាយ​ភាសាបរទេស​។​

​ចាងហ្វាង​ផលិតកម្ម​ភូមិ​ពេជ្រ និង​ជា​អ្នកសម្របសម្រួល​ការដឹក​នាំ​ក្នុង​រឿង​របស់​ភាគី​កម្ពុជា លោក ដើង ពុទ្ធ​ពណ៌ បាន​អះអាង​ថា នៅក្នុង​រឿង «​សង្គ្រាម​បងប្អូន​» គឺ​តម្រូវ​ឲ្យ​តួអង្គ​ទាំងអស់​ប្រើ​សំឡេង​ផ្ទាល់ និង​និយាយ​៣​ភាសា​រួមគ្នា​គឺ​ភាសា​ខ្មែរ ហ្វីលីពីន និង​អង់គ្លេស​បញ្ចូល​គ្នា​។ លោក​ថា ខ្សែ​រឿងនេះ​មិន​តម្រូវឲ្យ​មាន​ការបក​ប្រែ​នោះទេ ដោយ​គ្រាន់តែ​ពេល​និយាយ​ហ្វីលីពីន និង​និយាយ​ភាសា​ខ្មែរ គឺ​ប្រើ​អក្សរ​បកប្រែ​(subtitle)​ជា​ភាសា​អង់គ្លេស​នៅលើ​អេក្រង់​។​

​លោក ដើង ពុទ្ធ​ពណ៌ បញ្ជាក់ថា៖ "​ម៉ា​រឿង​ហ្នឹង និយាយ​អង់គ្លេស​៣៥%  ហ្វីលីពីន​១៥% និង​និយាយ​ភាសារ​ខ្មែរ​៥០% ហើយ​បើ​ទោះ​ជា​យក​ទៅ​ស្រុក​គេ  ក៏​យើង​រក្សា​ភាសា​ទាំង​៣​ហ្នឹង​ដែរ អត់​មាន​បកប្រែ​អី​ទេ ដើម្បី​ឲ្យស្រប​នឹង​បរិបទ​នៃ​ដំណើររឿង"​។ លោក​បង្ហាញ​ពី​ក្ដីសង្ឃឹម​ថា រឿងនេះ​នឹង​ជោគជ័យ បើទោះជា​ភាពយន្ត​នេះ ប្រើ​ភាសា​ខ្មែរ​តែ​៥០% ដោយ​លោក​យល់ថា ពិតជា​អាច​ធ្វើឲ្យ​អ្នក​ទស្សនាជាជន​ជាតិខ្មែរ​យល់​បាន​ស៊ីជម្រៅ​ខ្លឹមសារ​រឿង​។

​លោក ដើង ពុទ្ធ​ពណ៌ បន្ថែមថា​៖ “​ក្នុង​រឿង​ហ្នឹង​អ្នកនិពន្ធ​ឲ្យ​អត់ឲ្យ​បកប្រែ​ទេ ព្រោះ​យើង​ចង់បង្ហាញ​តថភាព​ពិតប្រាកដ​មួយ គឺ​ហ្វីលីពីន​ជួប​ហ្វីលីពីន ត្រូវតែ​និយាយ​ហ្វីលីពីន ខ្មែរ​ជួប​ខ្មែរ​ត្រូវតែ​និយាយ​ខ្មែរ ហើយ​បើ​ខ្មែរ​ជជែក​ជាមួយ​ហ្វីលីពីន​ត្រូវតែ​និយាយ​អង់គ្លេស ហើយ​យុទ្ធសាស្ត្រ​នេះ ខ្ញុំ​ថា​វា​ប្លែក និង​មិន​ពិបាក​ជោគជ័យ​នោះ​ទេ ពិសេស​នៅ​ពេល​យក​ទៅ​បញ្ចាំង​នៅក្រៅ​ស្រុក​”​។ លោក​ថា ខ្សែ​រឿងនេះ​នឹង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ សីហា និង​កំណត់​យក​ទៅ​បញ្ចាំង​នៅ​ហ្វីលីពីន និង​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត នៅ​អំឡុង​ចុង​ខែ​ខាងមុខ​។​

ពី​ឆ្វេង​ទៅ​ស្ដាំ​៖ តារា​សម្ដែង​ហ្វីលីពី​​កញ្ញា Andrea Torres លោក Mikael Daez កញ្ញា ​​​​ថន ស្រីណៃ និង​លោក ទេព រិន្ទដារ៉ូ (រូបភាព៖ វង្ស សុម៉ាលីន​)


​តារា​សម្ដែង​ជើងចាស់​ល្បី​ឈ្មោះ​លោក ទេព រិន្ទ​ដា​រ៉ូ ដែល​ជា​តួអង្គ​ត្រូវ​ប្រើ​ភាសា​អង់គ្លេស​ច្រើនជាងគេ​នៅក្នុង​សាច់រឿង បាន​បង្ហាញ​ពី​ការលំបាក​ក្នុង​ការថត ដោយសារ​តែ​ប៉ា​រ៉ូល (​សម្ដី​ត្រូវ​និយាយ​) របស់លោក ត្រូវ​គេ​ឲ្យ​និយាយ​ច្រើន​ជាមួយ​កូន​ប្រុស​គឺ​លោក មី​កា​អែល (Mikael Daez) និង​ជនជាតិ​ហ្វីលីពីន មុន​ដំណើរ​សាច់រឿង​ចុះ​មកដល់​ស្រុក​ខ្មែរ​។ ទោះជា​ការនិយាយស្ដី​របស់​លោក​អាច​ទទួលយកបាន ប៉ុន្តែ​លោក​ថា​រឹង​មាត់ និង​ពិបាក​ដាក់​អារម្មណ៍​ជាង​ការប្រើ​ភាសា​ខ្មែរ​ក្នុង​ការសន្ទនា​។​

​មិន​ខុស​គ្នា​ដែរ  កញ្ញា ថន ស្រីណៃ និង លោក ខាត់ វ៉ៃ​ហាំង ដែល​ជា​តួអង្គ​ធំ​នៅក្នុង​រឿង​នេះ​ក៏​បង្ហាញ​ពី​ការលំបាក​បែប​នេះ​ផងដែរ ជាពិសេស​គ្រប់​ឈុត​ដែល​ត្រូវ​សម្ដែង​ជាមួយ​តារា​ហ្វីលីពីន គឺ​លោក Mikael Daez (​មី​កា​អែល​) និង​កញ្ញា Andrea Torres ដែល​ជនជាតិខ្មែរ ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ក្នុង​រឿង ​«​បាត់​ស្នេហ៍​នឹង​មុខ​» នៅ​CTN នោះ​។ អ្នក​ទាំង​ពីរ​និយាយ​ថា ក្រៅ​ពី​ការលំបាក​រឿង​និយាយ​ប៉ា​រ៉ូល​ជា​ភាសា​អង់គ្លេស ការដាក់​អារម្មណ៍ឲ្យ​ត្រូវ​នឹង​ប៉ា​រ៉ូ​ល​និយាយ​ក៏​មិនសូវ​បាន​ល្អ​មួយរយ​ភាគរយ​ផងដែរ ខណៈ​ដែល​តុង​ក្នុង​ការលើកដាក់​ក៏​បង្ហាញ​ពី​ចំណុច​ខ្វះខាត មិន​ដូច​ជនជាតិ​ហ្វីលីពីន ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​។ យ៉ាងណាក៏ដោយ តារា​ខ្មែរ​ដែល​បាន​ចូលរួម​សម្ដែង​សុទ្ធតែ​មើលឃើញ​ថា​នេះ​ជា​បទពិសោធន៍​ល្អ​មួយ ហើយ​យ៉ាងហោចណាស់​ក៏​ជា​ការបោះ​ជំហាន​ទៅ​កាន់​ទីផ្សារ​ភាពយន្ត​ជា​អន្តរជាតិ ដែល​មិន​ធ្លាប់​មាន​សម្រាប់​ការសម្ដែង​របស់​តារា​ខ្មែរ​ផង​ដែរ​។​

​យោង​តាម​ដំណើររឿង លោក​ទេព រិន្ទ​ដា​រ៉ូ ជា​ជនជាតិ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ទៅ​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ហ្វីលីពីន ហើយ​លោក​បាន​រៀបការ​ជាមួយ​នារី​ជនជាតិ​ហ្វីលីពីន​ម្នាក់ បង្កើត​បាន​កូន​ប្រុស​គឺ​លោក​មី​កា​អែល​។ ប៉ុន្តែ​មុន​ចាកចេញ​ពី​កម្ពុជា លោក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នារី​ខ្មែរ​ម្នាក់​ដែល​ជា​សង្សារ​កាល​នៅ​រៀន បង្កើត​បាន​កូនប្រុស​ម្នាក់​ដែរ​ដែល​សម្ដែង​ដោយ​លោក ខាត់ វ៉ៃ​ហាំង​។ ក្មេងប្រុស​ទាំង​ពីរ បន្ទាប់​ពី​ពេញវ័យ​ទៅ​សុទ្ធតែ​មាន​ចំណូលចិត្ត​ហាត់​ល្បុក្កតោ​របស់​ខ្មែរ​ដូចគ្នា ដោយ​លោក​មី​កា​អែល បាន​ទាំង​ជិះ​យន្ត​មក​ហាត់រៀន​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​។ បន្តបន្ទាប់​មក​បងប្អូន​ទាំងពីរ ក៏​បាន​ប្រកួត​គ្នា​ហើយ​ដោយ​មាន​ការ​បញ្ឆេះ​កំហឹង​ពី​សំណាក់​អ្នក​រកស៊ី​ចាក់​ភ្នាល់​កីឡា​ម្នាក់ ពួកគេ​ក៏​ក្លាយ​ជា​គូសត្រូវ​នៅក្រៅ​សង្វៀន​ជាមួយគ្នា​។  លោក​ទេព រិន្ទ​ដា​រ៉ូ និង​តារា​ហ្វីលីពីន នាង​Andrea Torres ក៏​ត្រូវ​សាច់​រឿង​តម្រូវឲ្យ​មក​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ក្នុង​បុព្វហេតុ​ផ្សេងគ្នា ហើយក៏​បាន​បង្កើត​សាច់រឿង​ជាមួយ​តួអង្គ​ខ្មែរ និង​ធ្វើ​ជា​អ្នក​ឃាត់ឃាំង​មិន​ឲ្យ​លោក ខាត៉ វ៉ៃ​ហាំង និង​លោក​មី​កា​អែល បន្ត​ធ្វើ​ជា​គូសត្រូវ​គ្នា​ព្រោះ​តែ​ចង់​ចាញ់ឈ្នះ​។​

នៅក្នុង​រឿង​នេះ ក្រៅពី​មាន​ចំណុច​ឆ្គាំឆ្គង​រឿង​តុង​ភាសា​អង់គ្លេស​របស់​តារា​ខ្មែរ  ទំនាស់​បញ្ហា​ដែល​បណ្ដាល​ឲ្យ​តួអង្គ​បងប្អូន​ទាំងពីរ​ឈ្លោះ​គ្នា​ក៏​ត្រូវ​គេ​រិះគន់ថា​មិនសូវ​ទំនង​នឹង​ឲ្យ​បងប្អូន​ទាំងពីរ​ប្រែក្លាយ​ការប្រកួត​ល្បុក្កតោ​មិត្តភាព​ទៅ​ជា​គូសត្រូវ​ស្លាប់​រស់​នោះដែរ​។ អ្នក​ដែល​បាន​ទស្សនា​សាច់រឿង​សុទ្ធតែ​លើកឡើងថា  បញ្ហា​ដែល​ធ្វើឲ្យ​តួអង្គ​ទាំង​ពីរយ​ល់​ច្រ​លំ​គ្នា​ហាក់​នៅ​ស្រាល​និង​ធ្វើឲ្យ​ពួកគេ​ឈាន​ដល់​ជម្លោះ​ស៊ីសាច់​ហុតឈាម​។ ទោះយ៉ាងណា  តារាភាពយន្ត​ខ្មែរ​ពិសេស​គឺ​លោក ទេព រិន្ទ​ដា​រ៉ូ និង​អ្នក​ផលិត​ទាំង​ខ្មែរ​ទាំង​បរទេស សុទ្ធតែ​បាន​បង្ហាញ​ពី​ការជឿជាក់​ថា​ជោគជ័យ មិន​ថា​ដាក់​បញ្ចាំង​នៅ​កម្ពុជា និង​បរទេស​៕​

សូម​សរសេរ​មក​លោក វង្ស សុ​ម៉ា​លីន តាម​រយៈ vongsomalin@yahoo.com

What Next?

Recent Articles