លោក​ កឹម សុខា និង លោក ស ខេង នឹង​ជួប​គ្នា​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃសៅរ៍ ទី8 សីហា 2015
http://vodhotnews.com


លោក ស ខេង (ឆ្វេង) និង លោក ​កឹម សុខា (ស្តាំ)


​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​លោក ស ខេង នឹង​ជួប​គ្នា​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ និង​ជជែក​ពី​បញ្ហា​នយោបាយ​នាពេល​បច្ចុប្បន្ន​ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រាប់​វី​អូ​ឌី (VOD)​ថា នៅ​ថ្ងៃ​ចន្ទ​ ទី១០ ខែសីហា ខាងមុខនេះ លោក កឹម សុខា នឹង​ជួប​ជាមួយ​លោក ស ខេង នៅវេលា​ម៉ោង ៥ លា្ង​ច នៅ​វិមាន​រដ្ឋ​សភា​ ។ លោក​បន្តថា ជា​រឿង​ធម្មតា​តំណាងរាស្ត្រ​ក្រុម​ភាគតិច និង​តំណាងរាស្ត្រ​មតិ​ភាគច្រើន​តែងតែ​ជួបគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នា​ពេលកន្លងមក​ ។ យ៉ាងណា​ក៏​ដោយ​លោកបញ្ជាក់ថា ក្នុងជំនួប​នោះ​លោក​កឹម សុខា អាច​នឹង​ជជែក​ពី​ការវិវត្តន៍​នយោបាយ​នាពេល​បច្ចុប្បន្ន​ផង​ដែរ​ ។​

​លោក​ឲ្យដឹងដែរថា ​សមាសភាព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា លោក ប៉ុល ហំ​ម និង​លោក អេង ឆៃអ៊ាង​ ។ 

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ជំនួប​នោះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ តែ​លោក​ថា ការជួប​ពិភាក្សា​នោះ នឹង​ជជែក​ពី​ការពង្រឹង​វប្បធម៌​សន្ទនា​ប៉ុណ្ណោះ គ្មាន​អ្វី​លើសពីនេះ​ទេ​ ។ លោក​ឲ្យដឹង​ដែរថា ភាគី​គណបក្ស​ប្រជាជន​ដឹកនាំ​ដោយ​លោក ស ខេង និង​ជំំនួយការ​ពីររូប តែ​លោក​មិនទាន់​អាច​បញ្ជាក់​ឈ្មោះ​បាន​ទេ​ ។​

​គួរបញ្ជាក់​ថា គម្រោង​ជួប​គ្នា​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់ដូចជា​ឡើង​កម្តៅ​ឡើងវិញ បន្ទាប់ពីតុលាការ​បាន​សើរើ​សំណុំរឿង​ចាស់ ចេញ​ដីកា​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ចោទ​ពី​បទ​ដឹកនាំ​កុបកម្ម​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ ២០១៤​ ។ ការចេញ​ដីកា​នេះ​ផង​ដែរ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តុលាការ​សើរើ​ចាប់​អ្នក​ដែល​បង្ក​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​មក​ផ្តន្ទាទោស​តាមច្បាប់​ ។ យ៉ាងណាក៏ដោយ​ ចំណាត់ការ​តក់ក្រហល់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នកវិភាគ​ន​យោ​បា​យផង​នោះ ចាត់ទុកថា​ជា​រឿង​នយោបាយ​សុទ្ធសាធ ដើម្បី​គំរាម​ដល់​គណបក្ស​ប្រឆាំង​កុំ​ឲ្យ​ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម​ ៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles