អភិបាល​ក្រុង​និង​អភិបាល​រង​ខេត្ត​ថ្មី​ប្ដេជ្ញា​ជំរុញ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សន្តិសុខ

ដោយ ដែន អយុធ្យា
2015-08-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជិន សារិន អ៊ី សុខឡេង ៦២០
អតីត​អភិបាល​ក្រុង​ព្រះសីហនុ លោក ជិន សារិន (កណ្ដាល) និង​អភិបាល​ក្រុង​ថ្មី លោក អ៊ី សុខឡេង (ស្ដាំ) ក្នុង​ពិធី​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Den Ayuthyea


អភិបាល​ក្រុង និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ ដែល​ទើប​តែង​តាំង​ថ្មី បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ជំរុញ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សន្តិសុខ និង​ឆ្នេរ​មាន​សោភណភាព ដើម្បី​ចូលរួម​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ។

ការ​ប្ដេជ្ញា​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​បាន​ស្នើ​ឲ្យ​ការ​ប្ដេជ្ញា​របស់​ថ្នាក់​ដឹក​នាំ​ទាំង​នេះ មាន​ការ​អនុវត្ត ហើយ​មាន​ប្រសិទ្ធភាព។

ពិធី​ផ្ទេរ​តំណែង​អភិបាល​ក្រុង​ព្រះសីហនុ លោក ជិន សារិន ជំនួស​ថ្មី​ដោយ លោក អ៊ី សុខឡេង អតីត​អភិបាល​រង​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ អ្នកស្រី ប្រាក់ ចន្ទសុខា ត្រូវ​ចូល​និវត្តន៍ និង​ដាក់​ជំនួស​ដោយ អ្នកស្រី ហៀក ហ៊ីមុល្លី អតីត​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រៃនប់ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា។

ពិធី​ផ្លាស់ប្ដូរ​នេះ​មាន លោក អ៊ុង សាម៉ី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត​បាន​ចូលរួម។ ពិធី​ផ្លាស់ប្ដូរ​តួនាទី​នេះ ក៏​មាន​មន្ត្រី​ខ្លះ​សប្បាយ​ចិត្ត និង​មាន​ខ្លះ​ទៀត​បាន​បង្ហាញ​ទឹក​មុខ​ស្រងូតស្រងាត់ ហើយ​អ្នក​ខ្លះ​ទៀត ទំនង​ជា​ចង់​បាន​តួនាទី ឬ​តំណែង​ទាំង​នេះ​ដែរ ប៉ុន្តែ​ត្រូវ​ខកខាន​ក៏​បាន​អាក់អន់​ចិត្ត ហើយ​បាន​ទូរស័ព្ទ​ខ្សឹបខ្សៀវ​គ្នា​និយាយ​ពី​នេះ​ពី​នោះ ឬ​អ្នក​នេះ​ខ្សែ​ថ្នាក់​ដឹក​នាំ​នេះ ឬ​ថ្នាក់​ដឹក​នាំ​នោះ​ជាដើម ជា​ហូរហែ​ទាក់ទង​ការ​ផ្លាស់ប្ដូរ​តំណែង​នេះ។

ងាក​មក​ពិធី​ផ្ទេរ​តំណែង ឬ​តួនាទី​អភិបាល​ក្រុង និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ វិញ លោក អ៊ុង សាម៉ី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ផ្តល់​ដំបូន្មាន ឬ​ផ្តាំ​ផ្ញើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ ដែល​ទទួល​បាន​មុខ​តំណែង​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់ និង​អនុវត្ត​ទៅ​តាម​ការ​ដឹក​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​ចេញ។ ជាង​នេះ បាន​ស្នើ​ឲ្យ​សហការ​រួម​គ្នា​លុប​បំបាត់​នូវ​រាល់​ភាព​អសកម្ម​ទាំងឡាយ ដែល​មាន​សេសសល់​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ប្រសើរ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នា​ថ្ងៃ​អនាគត។

បន្ទាប់​ពី លោក អ៊ុង សាម៉ី បាន​ផ្តាំផ្ញើ និង​ផ្ទេរ​ភារកិច្ច​ទទួល​ខុស​ត្រូវ​ជូន​ថ្នាក់​អភិបាល​ក្រុង និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ ទាំង​ពីរ​រួច​មក អ្នកស្រី ហៀក ហ៊ីមុល្លី បាន​ឡើង​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​ភ្ញៀវ​ចូលរួម ដោយ​អះអាង​ថា នឹង​ខិតខំ​ធ្វើ​ការងារ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​ស្រប​តាម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

មិន​ខុស​គ្នា​ទេ​សម្រាប់ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ថ្មី​នៃ​ក្រុង​ព្រះសីហនុ ក៏​បាន​ប្ដេជ្ញា​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ហូរហែ​ថា នឹង​ខិតខំ​បំពេញ​ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​នា​ពេល​ខាង​មុខ។ ជាង​នេះ លោក​ក៏​ប្ដេជ្ញា​ថា នឹង​សហការ​ជំរុញ​ឲ្យ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​អនាម័យ និង​មាន​សោភណភាព ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត។

ចំពោះ​ការ​ឡើង​ថ្លែង​ប្ដេជ្ញា​ចិត្ត​របស់ អ្នកស្រី ហៀក ហ៊ីមុល្លី អភិបាល​រង​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ និង​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ថ្មី​នៃ​ក្រុង​ព្រះសីហនុ ពេល​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​អាណាព្យាបាល ពិសេស​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ មាន​ប្រសាសន៍​ថា ទន្ទឹម​គ្នា​នឹង​ការ​ប្ដេជ្ញា​ចិត្ត​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​របស់ អ្នកស្រី ហៀក ហ៊ីមុល្លី និង​លោក អ៊ី សុខឡេង ពេល​នេះ ក៏​ស្នើ​ឲ្យ​ការ​ប្ដេជ្ញា​ចិត្ត​ក្លាយ​ជា​ការ​ពិត ឬ​មាន​ការ​អនុវត្ត។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​នេះ កង្វល់ ឬ​ក្តី​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ អ្នក​រក​ស៊ី និង​អាណាព្យាបាល​ជាដើម គឺ​បញ្ហា​បទល្មើស​គ្រឿង​ញៀន បញ្ហា​ចោរកម្ម​លួច ឆក់ ប្លន់ និង​ល្បែង​ស៊ី​សង​មាន​កន្ទុយ​លេខ ល្បែង​ភ្នាល់​បាល់ ឬ​ជល់​មាន់​ជាដើម បាន​បន្ត​កើត​មាន​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​បង្ក្រាប​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ៖ «សំណូមពរ​ដល់​អភិបាល​ក្រុង​ព្រះសីហនុ ថ្មី មេត្តា​ជួយ​ពិនិត្យ​មើល​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំងអស់ និង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​មាន​អំណាច ឬ​ឈ្មួញ​ហ៊ុមព័ទ្ធ​របង​បិទ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ជា​បន្ត​ទៀត។ ជាង​នេះ ត្រូវ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ រាល់​ថ្ងៃ​នេះ ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ទស្សនា​ជា​សាធារណៈ​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​តាម​សមត្ថភាព​រៀងៗ​ខ្លួន»

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ សង្កត់​ធ្ងន់​ថា បទល្មើស​ទាំង​នេះ ទោះ​បី​កន្លង​មក​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​នគរបាល ឬ​កង​រាជ​អាវុធហត្ថ​ជាដើម ខិតខំ​ប្រឹងប្រែង និង​ចាប់​បាន​ជនល្មើស​មួយ​ចំនួន​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស និង​ឃុំ​ខ្លួន​បែប​ណា​ក្តី ក៏ប៉ុន្តែ​តាម​ការ​សម្គាល់ បទល្មើស​ទាំង​នោះ​បាន​បន្ត​កើត​មាន និង​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ទោះ​យ៉ាង​ណា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ទទួល​ស្គាល់​ថា ចាប់​តាំង​ពី​ខេត្ត​ព្រះសីហនុ មាន​ការ​ផ្លាស់ប្ដូរ​តួនាទី​អភិបាល​ខេត្ត និង​ស្នងការ​នគរបាល​ក្នុង​អាណត្តិ​ទី​៥ រួច​មក ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​សកម្មភាព​ដឹក​នាំ និង​មាន​ការ​សាទរ​ច្រើន​ពី​ប្រជាពលរដ្ឋ។

ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ព្រះសីហនុ ក៏​បាន​កត់​សម្គាល់​ថា ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​សកម្មភាព​ការងារ​ដឹក​នាំ មាន​ភាព​រីក​ចម្រើន​ខ្លះៗ​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ ប៉ុន្តែ​ភាព​អសកម្ម​ដែល​បន្សល់​ទុក​ពី ៤​អាណត្តិ​មុនៗ មាន​ទំនាស់​ដីធ្លី​ជាដើម ថ្នាក់​ដឹក​នាំ​ខេត្ត​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​ច្រើន​ទេ។

បញ្ហា​នេះ អ្នកស្រី​អះអាង​ថា ប៉ុន្មាន​អាណត្តិ​នៃ​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​មុនៗ​នៃ​ខេត្ត​ព្រះសីហនុ គឺ​បាន​បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​កើត​មាន​ច្រើន​ករណី ហើយ​ស្ថាប័ន​សមត្ថកិច្ច តែង​ប្រើ​ហិង្សា​គំរាម​បង្ក្រាប​ចាប់​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​លើ​ទំនាស់​ដីធ្លី ដាក់​គុក​ច្រវាក់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​បន្តបន្ទាប់។

យ៉ាង​ណា អ្នកស្រី ជៀប សុធារី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ មាន​ក្តី​រំពឹង​ថា នា​ថ្ងៃ​អនាគត ខេត្ត​នេះ​នឹង​មាន​ថ្នាក់​ដឹក​នាំ​ដែល​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី និង​យក​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ស្មើ​ភាព​រវាង​អ្នក​មាន​ទ្រព្យ​ធន អ្នក​មាន​អំណាច និង​អ្នក​ក្រ​ខ្សត់​ជា​មិន​ខាន ព្រោះ​កន្លង​មក​នេះ ទង្វើ​ឃុបឃិត​រំលោភ​ប្លន់​ដី​ប្រជាពលរដ្ឋ​ក្រីក្រ​ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ធន ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខ្លះ​នា​ខេត្ត​ព្រះសីហនុ បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មិន​ទាន់​ដោះស្រាយ​រួច​ជិត ២០​សហគមន៍៖ «ខ្ញុំ​មិន​ទាន់​ទុក​ចិត្ត​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ប៉ុន្មាន​ទេ ព្រោះ​កន្លង​មក​នៅ​ខេត្ត​ព្រះសីហនុ នេះ​ជា​ខេត្ត​ទេសចរណ៍ ហើយ​ក៏​កើត​មាន​បញ្ហា​អសន្តិសុខ និង​គ្រឿង​ញៀន​កើត​ឡើង​ច្រើន​កន្លង​មក ជាពិសេស​បទល្មើស​នេសាទ ក៏​កំពុង​កើត​មាន​ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ណា​មួយ​ទប់ស្កាត់​ទេ»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៥ បាន​បង្ហាញ​ស្នាដៃ​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវ​ទេសចរ​មាន​ភាព​ប្រសើរ​ឡើង។

ទាក់ទិន​បញ្ហា​នេះ អាណាព្យាបាល​មួយ​ចំនួន​រស់នៅ​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា ក្រោយ​មាន​ការ​ផ្លាស់ប្ដូរ​តំណែង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ មន្ត្រី​ទាំង​នោះ​តែង​បាន​អួត​អាង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​តែ​រៀងៗ​ខ្លួន ប៉ុន្តែ​ការ​អះអាង​នោះ មាន​តែ​នៅ​លើ​បបូរ​មាត់​ទេ ហើយ​ភាព​អសកម្ម​មាន​ដូចជា បញ្ហា​គ្រឿង​ញៀន ចោរកម្ម និង​ល្បែង​ស៊ី​សង​ជាដើម គឺ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​ទេ ហើយ​បទល្មើស​ទាំង​នោះ​នៅ​តែ​បន្ត​កើត​មាន និង​កើត​មាន​ក្បែរៗ​ច្រមុះ​សមត្ថកិច្ច​ជំនាញ​ថែម​ទៀត។ អាណាព្យាបាល​ទាំង​នេះ បាន​រិះគន់​ថា កង្វល់ ឬ​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ ក្រុម​អាជីវករ ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន គឺ​បញ្ហា​ចោរ​ឆក់ ចោរ​លួច​កាច់​ក​ម៉ូតូ គាស់​ផ្ទះ ប្លន់ បញ្ហា​ប្រើប្រាស់ ឬ​ជួញ​ដូរ​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ។

ទោះ​ជា​បែប​នេះ​ក្តី លោក ហេង ប៊ុនទី មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុន​ពិធី​ផ្លាស់ប្ដូរ​តួនាទី​អភិបាល​ក្រុង និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ ថា​ចាប់​ពី​ចុង​ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា កម្លាំង​ខ្លួន​បាន​កំណត់​មុខ​សញ្ញា និង​ចាប់​បាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន ពិសេស​ជន​សង្ស័យ​បាញ់​ប្លន់​កក្រើក​ខេត្ត​ព្រះសីហនុ នា​ពេល​កន្លង​មក​ចំនួន ៥​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ លោក​សង្កត់​ធ្ងន់​ថា មុខ​សញ្ញា​មេខ្លោង​នៃ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ និង​មេខ្លោង​ចរាចរ​គ្រឿង​ញៀន​ដែល​តែង​ធ្វើ​សកម្មភាព​នា​ខេត្ត​ព្រះសីហនុ នឹង​ឈាន​ដល់​បំបែក​សំណុំ​រឿង​នេះ​ក្នុង​ពេល​ដ៏​ឆាប់។

លោក ហេង ប៊ុនទី បន្ថែម​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ជំនាញ​របស់​លោក​កំពុង​បន្ត​នីតិវិធី និង​កំណត់​មុខ​សញ្ញា​ជនល្មើស​ក្នុង​បទល្មើស​គ្រឿង​ញៀន និង​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា នឹង​រង់ចាំ​មើល​ស្នាដៃ​របស់​អភិបាល​ក្រុង​ថ្មី និង​អភិបាល​រង​ថ្មី​ខេត្ត​ព្រះសីហនុ និង​ការ​បង្ហាញ​ស្នាដៃ​របស់​ថ្នាក់​ដឹក​នាំ​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ អាច​អនុវត្ត​រក្សា​សន្តិសុខ ឬ​ជួយ​ជំរុញ​ឲ្យ​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ​មាន​ការ​រីក​ចម្រើន និង​មាន​ការ​ផ្លាស់ប្ដូរ​ត្រឹម​កម្រិត​ណា​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អភិបាល​ក្រុង​និង​អភិបាល​រង​ខេត្ត​ថ្មី​ប្ដេជ្ញា​ជំរុញ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សន្តិសុខ"

  1. ទាហ៊ានអត់ ប្រម៉ូ says:

    ល្អណាស់ដែលលោកៗស្រីដែលទើបទទួលតំណែងថ្មីក្នុងខេត្តព្រះសីហនុនេះ តែសុំឪ្យការប្តេជ្ញាចិត្តទាំងនោះក្លាយជាការពិត បើថាយ៉ាងម៉េច យើងត្រូវធ្វើយ៉ាងនោះឲ្យបាន កុំបានតែមាត់ឲ្យគេសរសើរ តែគ្មានសម្មតភាពក្នុងការបំពេញភារះកិច្ច ព្រោះកន្លងមកមិនដឹងជាប៉ុន្មានជំនាន់ហើយទេ ការងារនូវតែខ្ស៊ុយដដែល អាល្បែងនៅតែមានបង្អួតភ្ញៀវតាមចិញ្ចើមថ្នល់ ជល់មាន់ក៏នៅតែមាន ហើយជាពិសេសរឿងល្បែងកន្ទុយលេខ ដូចជាអនាធិប្បតេយ្យពេកហើយ សូមអស់លោកជួយបំបាត់ផង ។

  2. ទាហ៊ានអត់ ប្រម៉ូ says:

    ល្អណាស់ដែលលោកៗស្រីដែលទើបទទួលតំណែងថ្មីក្នុងខេត្តព្រះសីហនុនេះ តែសុំឪ្យការប្តេជ្ញាចិត្តទាំងនោះក្លាយជាការពិត បើថាយ៉ាងម៉េច យើងត្រូវធ្វើយ៉ាងនោះឲ្យបាន កុំបានតែមាត់ឲ្យគេសរសើរ តែគ្មានសម្មតភាពក្នុងការបំពេញភារះកិច្ច ព្រោះកន្លងមកមិនដឹងជាប៉ុន្មានជំនាន់ហើយទេ ការងារនូវតែខ្ស៊ុយដដែល អាល្បែងនៅតែមានបង្អួតភ្ញៀវតាមចិញ្ចើមថ្នល់ ជល់មាន់ក៏នៅតែមាន ហើយជាពិសេសរឿងល្បែងកន្ទុយលេខ ដូចជាអនាធិប្បតេយ្យពេកហើយ សូមអស់លោកជួយបំបាត់ផង ។