ដោយ ប្រាជ្ញ ចេវ
2015-08-08
RFA

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាបិទផ្លូវចេញចូលទៅកំពង់ផែសង់ថ្មីមួយកន្លែងរបស់ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) ដើម្បីឆ្លើយតប និងទាមទារឲ្យក្រុមហ៊ុននេះឈូសដីចេញពីផ្លូវចូលទៅភូមិវិញ នាឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។ Photo Licadho
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី បានចុះជួបប្រជាពលរដ្ឋមានបញ្ហាដីធ្លីប្រមាណ ៣០០នាក់ នៅស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា។ ការជួបជុំនោះ មន្ត្រីរដ្ឋាភិបាលបើកឱកាសឲ្យពលរដ្ឋ រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ក្រោយមកទើបក្រុមមន្ត្រីផ្តល់ការសន្យាទៅពលរដ្ឋ។ យ៉ាងណាមិញ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ លោក វ៉ា សំអឿន សន្យាថានឹងយករឿងរ៉ាវទាំងនេះទៅប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក ប្រាក់ ថន ប្រាប់ឲ្យដឹងថា លោក វ៉ា សំអឿន សន្យាថានឹងលើកយកសំណើកាត់ដីភូមិពយជប៉ុន ចេញពីដីក្រុមហ៊ុន ផ្តល់ឲ្យពលរដ្ឋវិញ ដែលមានទំហំ ៣៥ហិកតារ។ តំណាងពលរដ្ឋដដែលឲ្យដឹងថា ពួកគេមិនអាចចាកចេញពីភូមិនេះបានទេ ត្បិតនៅកន្លែងនោះជាសាលារៀន និងវត្តអារាម៖ «យើងខ្ញុំក៏អបអរសាទរចំពោះការសន្យាដែលថា នឹងដោះស្រាយឲ្យពួកយើងក្នុងពេលឆាប់ៗនេះ»។
ក្រុមពលរដ្ឋនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) កាលពីឆ្នាំ២០១០ សព្វថ្ងៃប្រជាពលរដ្ឋចំនួន ២៣គ្រួសារ មិនព្រមទទួលសំណងចាកចេញពីភូមិ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកោះកុង រំពឹងថា វត្តមានមន្ត្រីរដ្ឋាភិបាលនៅពេលនេះ នឹងអាចដោះស្រាយជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុនបាន ប្រសិនរដ្ឋាភិបាលមានចេតនាចង់ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថាឈូសឆាយដីប៉ះពាល់ដំណាំអ្នកភូមិ
- គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាជាមួយពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង
- ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចនៅខេត្តកោះកុង
- ពលរដ្ឋខណ្ឌដង្កោប្រមាណ៣០០គ្រួសារមិនព្រមលក់ដីឲ្យក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង
- ពលរដ្ឋក្រុម១៣នៃភូមិតារាបដូនសខេត្តកណ្ដាលចោទមេភូមិថាលក់ដីពួកគាត់
- ពលរដ្ឋចោទមន្ត្រីក្រុមប្រឹក្សាស្រុកម្នាក់នៅបន្ទាយមានជ័យថាបន្លំឯកសារយកដីពលរដ្ឋលក់
- អ្នកភូមិនៅព្រះវិហារលើកគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច
- នាយសេនាធិការរងខេត្តស្ទឹងត្រែងរងការចោទថាប្រើអាវុធគំរាមពលរដ្ឋរឿងទំនាស់ដី