ដោយ អ៊ុំ រង្សី
2015-08-08
RFA

ក្រុមយុវជនសម្ដែងសិល្បៈនៅក្នុងព្រឹត្តិការណ៍ យើងរួមគ្នាតែមួយ ដើម្បីស្វែងរកមូលនិធិជួយសិល្បករចាស់ៗ ដែលរៀបចំនៅសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥។ RFA/Um Rainsey
ក្រុមមូលនិធិកេរដំណែលខ្មែរ លើកឡើងថា ព្រឹត្តិការណ៍ “យើងរួមគ្នាតែមួយ” គឺជាព្រឹត្តិការណ៍វប្បធម៌ អប់រំ និងសិល្បៈ ដែលរៀបចំឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់វីរៈសិល្បករចាស់ៗដែលបាត់បង់សមត្ថភាព និងកំពុងមានជំងឺ។ ទន្ទឹមគ្នា ព្រឹត្តិការណ៍នេះក៏ចង់លើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សរស់ផងដែរ។
ក្រុមមូលនិធិកេរដំណែលខ្មែរ ចាត់ទុកថា ចាស់ព្រឹទ្ធាចារ្យវីរៈសិល្បករចាស់ៗ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សរស់ ដែលជួយបណ្ដុះធនធានមនុស្សជំនាន់ក្រោយ ឲ្យស្គាល់តម្លៃសិល្បៈវប្បធម៌ជាតិ។ ការលើកឡើងរបស់ក្រុមមូលនិធិកេរដំណែលខ្មែរនៅពេលនេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ “យើងរួមគ្នាតែមួយ” ដែលរៀបចំឡើងនៅថ្ងៃទី៨ សីហា។
ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ ប្រធានក្រុមស្ថាបនាមូលនិធិកេរដំណែលខ្មែរ លោក ចិន្ត ច័ន្ទរតនា បានឲ្យដឹងថា ដោយមើលឃើញថា សិល្បករដែលមានវ័យចំណាស់នៅកម្ពុជា ភាគច្រើនខ្វះខាតក្នុងជីវភាព និងខ្វះការយកចិត្តទុកដាក់ពីសង្គម ហេតុនេះទើបបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង។
ប្រធានក្រុមស្ថាបនាមូលនិធិកេរដំណែលខ្មែររូបនេះ លើកឡើងទៀតថា ភាគច្រើនពលរដ្ឋកម្ពុជា ស្រឡាញ់វប្បធម៌សិល្បៈខ្មែរ តែមិនសូវមានអ្នកធ្វើសកម្មភាពដើម្បីជួយថែរក្សាធនធានមនុស្ស ដែលជាសិល្បករចាស់ៗនោះទេ។ លោកបានលើកឡើងបន្តថា ព្រឹត្តិការណ៍នេះ គឺជាការបើកសម្ពោធពីជំហានដំបូង ដើម្បីស្វែងរកមូលនិធិជួយដល់វីរៈសិល្បករចាស់ៗនៅកម្ពុជា បន្តទៀត៖ «ដោយមើលឃើញកង្វះខាត និងការលំបាកជាច្រើនដែលកើតឡើងចំពោះសិល្បករចាស់ៗ ហើយនៅពេលដែលគាត់ចាស់ទៅៗ គាត់មិនមានកម្លាំងកំហែងដើម្បីប្រើប្រាស់ជំនាញរបស់គាត់ ដើម្បីប្រកបរបរទទួលទានចិញ្ចឹមជីវិតនោះទេ ដូច្នេះហើយ យើងមូលនិធិនេះ នឹងជួយគាំទ្រដល់ពួកគាត់ទាំងនោះ»។
យុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ កញ្ញា ថា ស្រីណុច និស្សិតនៅសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) បាននិយាយថា បើទោះជាដឹងថា សិល្បករចាស់ៗជាអ្នកដែលមានបទពិសោធន៍ច្រើន និងជាធនធានមនុស្សដ៏មានសារសំខាន់ ដែលអាចជួយផ្ទេរចំណេះដឹងខាងផ្នែកវប្បធម៌ ដល់យុវជនជំនាន់ក្រោយក្តី តែការយកចិត្តទុកដាក់របស់សង្គមចំពោះពួកគាត់ នៅតិចតួចនៅឡើយ។ កញ្ញាអំពាវនាវឲ្យយុវជនកម្ពុជា ទាំងអស់ នាំគ្នាធ្វើសកម្មភាពផ្សេងៗ ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សរស់ទាំងអស់នោះ៖ «សិល្បករចាស់ៗ គឺគាត់បានបម្រើផលប្រយោជន៍ដល់ប្រទេសជាតិរបស់យើងជាយូរមកហើយ ដូច្នេះហើយយើងទាំងអស់គ្នាមានកាតព្វកិច្ចជួយគាំទ្រ និងជ្រោមជ្រែងដល់វីរៈសិល្បករចាស់បន្តទៀត»។
ចំណែកឯប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា លោកគាំទ្រព្រឹត្តិការណ៍នេះ ព្រោះជាសកម្មភាពមួយដែលសបញ្ជាក់ថា សង្គមកំពុងតែគាំទ្រដល់វីរៈសិល្បករចាស់ៗ។ លោកឲ្យដឹងដែរថា សិល្បករចាស់ៗដែលបាត់បង់សមត្ថភាព និងកំពុងមានជំងឺ ចង់បានការគាំទ្រពីសង្គមកម្ពុជា ឲ្យគិតគូរ និងយកចិត្តទុកដាក់លើពួកគាត់។ លោកថា ផ្នែកមួយដែលនឹងជួយមិនឲ្យសិល្បៈ វប្បធម៌ខ្មែរធ្លាក់ចុះ គឺសង្គមត្រូវតែគិតគូរដល់សិល្បករចាស់ៗទាំងនោះ៖ «សង្ឃឹមថា ពេលដែលមានមូលនិធិច្រើនគ្រប់ច្រកល្ហក់ យើងនឹងអាចជួយជីវភាពពួកគាត់ឲ្យមានជីវភាពប្រសើរឡើង»។
ព្រឹត្តិការណ៍ “យើងរួមគ្នាតែមួយ” មិនទាន់បញ្ជាក់ច្បាស់នៅឡើយថា នាពេលបច្ចុប្បន្ន មានវីរៈសិល្បករចាស់ៗចំនួនប៉ុន្មាននាក់នៅឡើយនោះទេ។ ក្រុមមូលនិធិកេរដំណែលខ្មែរអះអាងថា ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ ក្រុមមូលនិធិកេរដំណែលខ្មែរ នឹងខិតខំស្វែងរកជំនួយជួយដល់វីរៈសិល្បករចាស់ៗទាំងនោះ។ ជាងនេះទៀត មូលនិធិនឹងស្រាវជ្រាវ និងស្វែងរកសិល្បករចាស់ៗ ស្នើទៅរដ្ឋាភិបាលដើម្បីដាក់បញ្ចូលវីរៈសិល្បករចាស់ៗទាំងនោះទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សរស់ នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញសិល្បៈស្នើក្រសួងវប្បធម៌ជួយអភិវឌ្ឍថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈ
- សាលាសិល្បៈនឹងបង្ហាញល្ខោនយីកេដ៏កម្រមួយទាក់ទងនឹងសម័យព្រះបាទជ័យវរ្ម័នទី៧
- “ការប្រឡងបច្ចេកទេសនៃសាលាមធ្យមវិចិត្រសិល្បៈមានការវិវឌ្ឍន៍”
- ជីវិតជនពិការភ្នែកប្រកបរបរម៉ាស្សាឬសម្រួលសរសៃ
- អ្នកជំនាញព្យាយាមរំឭកអំពីសិល្បៈនិងវប្បធម៌របស់ជនជាតិចាមឡើងវិញ
- “ការកសាងទីសក្ការបូជាអនាធិបតេយ្យអាចប៉ះពាល់ដល់សុខដុមនីយកម្មសាសនា”
- ស្ត្រីវ័យក្មេងម្នាក់នៅខេត្តសៀមរាបស្នងមរតកចារសាស្ត្រាស្លឹករឹតបន្តពីឪពុក
- ចាស់ព្រឹទ្ធាចារ្យខេត្តស្ទឹងត្រែងអំពាវនាវរដ្ឋាភិបាលឲ្យជួយអភិរក្សប្រាសាទបុរាណ
- ឧបករណ៍តន្ត្រីខ្មែរប្រឈមនឹងការបាត់បង់