ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី9 សីហា 2015
http://vodhotnews.com
ក្រុមអង្គការយុវជនចំនួន១០រកឃើញថា បីឆ្នាំចុងក្រោយនេះយុវជនកម្ពុជាជួបបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ដោយសារបញ្ហាបក្ខពួកនិយម និងអំពើពុករលួយ ដែលកំពុងកើតមាននៅក្នុងសង្គម ។
ក្រុមអង្គការទាំងនោះរួមមាន អង្គការស្ម័គ្រចិត្តដើម្បីសង្គម បណ្តាញយុវជនកម្ពុជា សមាគមន៍ យុវជនខ្មែរ អង្គការយុវជនខ្មែរនិងការអភិវឌ្ឍន៍សង្គម និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។
តាមឯកសាររបស់គណៈកម្មការរៀបចំរំឮកខួបទី១៦នៃទិវាយុវជនអន្តរជាតិឆ្នាំ២០១៥ ដែលអង្គការទាំង១០ចូលរួម ហើយបានផ្សព្វផ្សាយនៅថ្ងៃអាទិត្យនេះ មានខ្លឹមសារថា យុវជនកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើពុករលួយ ប្រព័ន្ធបក្សពួកនិយម កង្វះខាតសេរីភាពបញ្ចេញមតិ ការខកខានការសិក្សាដើម្បីអភិវឌ្ឍន៍ជំនាញ និងបញ្ហាផ្សេងទៀត ។
ឯកសារដដែលឲ្យដឹងទៀតថា គណៈកម្មការនេះបានរៀបចំទិវារំឮកខួបទី១៦នៃយុវជនអន្តរជាតិនៅថ្ងៃទី៩ ខែសីហានេះ ដើម្បីបង្កើនការយល់ដឹងដល់យុវជន និងពង្រឹងអំណាចយុវជននៅក្នុងជីវិតនយោបាយ រួមជាមួយជីវិតសាធារណៈ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ។
តាមគម្រោងខួបទី១៦នៃទិវាយុវជនអន្តរជាតិត្រូវប្រារព្ធឡើងនៅថ្ងៃទី១២ ខែសីហានេះ ប៉ុន្តែ គណៈកម្មការរៀបចំទិវាយុវជនអន្តរជាតិ បានរៀបចំទិវារំឮកខួបទី១៦នៃយុវជនអន្តរជាតិមុន៣ថ្ងៃ ដើម្បី ផ្តល់ឱកាសឲ្យយុវជនបានចូលរួមផ្តល់យោបល់ក្នុងសិក្ខាសាលានៅថ្ងៃអាទិត្យទី៩ ខែសីហានេះ ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិដែលធ្វើឡើងដោយសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ នៅក្នុងឆ្នាំ២០១៥នេះ បានបង្ហាញដែរថា យុវជន៤៩ភាគរយបានរាយការណ៍ថា ជួបបញ្ហាអត់ការងារធ្វើ បញ្ហាគុណភាពនៃការអប់រំរបស់កម្ពុជានៅមានកម្រិត ប្រាក់ខែទាប កង្វះជំនាញស្របតាមតម្រូវការទីផ្សារ កង្វះឱកាសការងារសមស្រប និងបញ្ហាបក្សពួកនិយម ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ការស្រាវជ្រាវនេះប្រើពេលពីរខែទៅលើយុវជន៥១០រូបស្ថិតនៅក្នុងតំបន់៥ផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា មានដូចជាតំបន់ឆ្នេរសមុទ្រ តំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប តំបន់ជាយដែន និងតំបន់ប្រជុំជនគឺរាជធានីភ្នំពេញ ។ លោកថា លទ្ធផលនៃការស្រាវជ្រាវនេះនឹងផ្ដល់ភាពងាយស្រួលដល់ស្ថាប័នរដ្ឋ និងសង្គមស៊ីវិលផ្សេងៗក្នុងការជួយដល់យុវជនកម្ពុជា ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com