ដោយ ម៉ែន សុធីរ
2015-08-09
RFA

អ្នកភូមិឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាង ៤០០នាក់ លើកគ្នាតវ៉ាសុំឲ្យក្រុមហ៊ុនកូរ៉េ ស៊ី បាយអូថេច (CI-Biotech) ដកបង្គោលព្រំដីចេញពីដីអ្នកភូមិ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ Adhoc Photo
ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ ចោទក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech Co., Ltd.) របស់កូរ៉េថា រំលោភយកដីអ្នកភូមិជាង ៤.០០០ហិកតារ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបោះបង្គោលស៊ីម៉ងត៍ ដើម្បីកំណត់ទីតាំងព្រំដីរបស់ក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែឧសភា។ ចំណែកតំណាងក្រុមហ៊ុនអះអាងថា គោលការណ៍របស់ក្រុមហ៊ុនអនុវត្តទៅតាមក្រសួងកសិកម្ម ដែលបានកំណត់ក្នុងប្លង់ផែនទីផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគប៉ុណ្ណោះ។
ពលរដ្ឋជនជាតិដើមភាគតិចកួយជាង ៤០០គ្រួសារ នៅថ្ងៃទី៨ ខែសីហា អំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ស៊ី បាយអូថេច របស់កូរ៉េ ឬស្ថានីយស្តារព្រៃឈើឡើងវិញ ទាក់ទិនការបោះបង្គោលព្រំដី។ អ្នកភូមិចាត់ទុកការបោះបង្គោលកំណត់ព្រំដីរបស់ក្រុមហ៊ុន ថាជាចេតនាដកហូតដីស្រែចម្ការអាស្រ័យផលអ្នកភូមិតាំងពីដូនតា។
តំណាងពលរដ្ឋជនជាតិដើមភាគតិចកួយ លោក សំ ណូ ចោទប្រកាន់ថា ក្រុមហ៊ុន ស៊ី បាយអូថេច បោះបង្គោលស៊ីម៉ងត៍ទំហំជាង ៣០សង់ទីម៉ែត្របួនជ្រុង កម្ពស់ ១,៦ម៉ែត្រ ដើម្បីកំណត់ព្រំដីសម្រាប់ស្ថានីយស្តារព្រៃឈើឡើងវិញ ចូលដីអាស្រ័យផលគ្រួសារលោកជាង ១៣ហិកតារ និងប៉ះពាល់ដីកសិកម្មពលរដ្ឋចំនួនជាង ៤០០គ្រួសារ ឋិតនៅឃុំកំពង់ចាម។
លោកថា ពលរដ្ឋរស់នៅឃុំបឹងចារ ក៏ត្រូវប៉ះពាល់ដូចគ្នា។ បន្ថែមពីលើនេះ ពលរដ្ឋចំនួន ១៣៥គ្រួសារផ្សេងទៀតដែលនៅចំកណ្ដាលក្រុមហ៊ុនវិនិយោគ ក៏ត្រូវបានក្រុមហ៊ុនហាមឃាត់មិនឲ្យសង់លំនៅឋាន និងខ្ទមចម្ការលើដីដែលអ្នកភូមិធ្លាប់អាស្រ័យកន្លងមក៖ «ការព្រួយបារម្ភរបស់ខ្ញុំ ប្រជាពលរដ្ឋ យើងរស់នៅពឹងពាក់ទៅលើកសិកម្មទាំងគេទាំងខ្ញុំ រាល់ថ្ងៃធ្វើស្រែធ្វើចម្ការ ហើយបោះបង្គោលហើយ ហើយបង្គោលហ្នឹងក្រសួងកសិកម្ម ផ្ដល់ដីឲ្យការព្រួយបារម្ភរបស់ខ្ញុំកាន់តែខ្លាំងមែនទែនហើយ ព្រោះយើងអ្នកកសិករ»។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ស៊ី បាយអូថេច របស់កូរ៉េ លោក សុម៉េង ធា ឲ្យដឹងនៅថ្ងៃទី៨ សីហា ថា ក្រុមហ៊ុនមិនបានបោះបង្គោលចំដីដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។ លោកថា ដីដែលក្រុមហ៊ុនបោះបង្គោល គឺជាដីដែលក្រសួងកសិកម្ម កំណត់ប្លង់ក្នុងផែនទី ដើម្បីអភិវឌ្ឍស្ថានីយស្តារព្រៃឈើឡើងវិញ ដែលជាការវិនិយោគរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ៖ «គោលការណ៍ក្រុមហ៊ុនគឺឆ្វៀលស្បែកខ្លាទុកឲ្យគាត់ គាត់នៅត្រង់ណាក៏ដោយ ក្បែរក្រុមហ៊ុនក៏ដោយ បើកន្លែងកៀកពេកយើងសុំដោះដូរ យើងមិនធ្វើអីត្រូវរំលោភទេ»។
ក្រុមហ៊ុន ស៊ី បាយអូថេច គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េ អភិវឌ្ឍរួមគ្នានឹងរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្ម អាកាស្សា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
អភិបាលស្រុកសំបូរ លោក សូម សាវិត និយាយថា លោកពុំទាន់ទទួលបណ្ដឹងទាក់ទិនករណីនេះនៅឡើយទេ៖ «ហ្នឹងហើយអត់ទាន់មានព័ត៌មានប្ដឹងមកដល់ស្រុក»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តក្រចេះ ដែលចុះអង្កេតករណីនេះ កញ្ញា ហ៊ាន ជាវគុណ រកឃើញថា ក្រុមហ៊ុនពិតជាបានបោះបង្គោលលើព្រំដីចូលដីស្រែចម្ការ អ្នកភូមិពិតមែន ក៏ប៉ុន្តែហេតុផលនៃការបោះបង្គោលនោះ អ្នកភូមិនៅតែមានមន្ទិល និងសង្ស័យថា ក្រុមហ៊ុនមានចេតនាបោះបង្គោលដើម្បីយកដីរបស់ពួកគាត់។
ទោះយ៉ាងណា កញ្ញាបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែអនុវត្តយុទ្ធសាស្ត្រស្បែកខ្លាតាមបទបញ្ជា ០០១ របស់រដ្ឋាភិបាល៖ «ឧទាហរណ៍ពេលដែលប៉ះពាល់មកលើដីប្រជាពលរដ្ឋ ត្រូវកាត់ដីហ្នឹងទៅឲ្យពលរដ្ឋ បន្ទាប់មកសល់ប៉ុន្មានក្រុមហ៊ុនវិនិយោគ»។
កាលពីថ្ងៃទី១០ កក្កដា អ្នកភូមិជាង ៤០០នាក់ បានលើកគ្នាមកតវ៉ានៅវត្តអាជេន ឃុំកំពង់ចាម ទាមទារឲ្យក្រុមហ៊ុនទទួលយកសំណើពលរដ្ឋចំនួន ៣ចំណុច៖ ទី១ សូមឲ្យក្រុមហ៊ុនដកបង្គោលចេញពីដីស្រែពលរដ្ឋ ទី២ សូមឲ្យក្រុមហ៊ុនដកបង្គោលចេញពីដីកប់សពអ្នកភូមិ និងទី២ ទាមទារឲ្យក្រុមហ៊ុនដកបង្គោលចេញពីព្រៃដែលអ្នកភូមិអាស្រ័យផល។ ចំណែកការតវ៉ានោះ ពុំមានអាជ្ញាធរចូលរួមសម្របសម្រួលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តកោះកុងអះអាងថាមន្ត្រីរដ្ឋាភិបាលសន្យាដោះស្រាយដីជម្លោះភូមិពយជប៉ុន
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថាឈូសឆាយដីប៉ះពាល់ដំណាំអ្នកភូមិ
- គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាជាមួយពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង
- ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចនៅខេត្តកោះកុង
- ពលរដ្ឋខណ្ឌដង្កោប្រមាណ៣០០គ្រួសារមិនព្រមលក់ដីឲ្យក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង
- ពលរដ្ឋក្រុម១៣នៃភូមិតារាបដូនសខេត្តកណ្ដាលចោទមេភូមិថាលក់ដីពួកគាត់
- ពលរដ្ឋចោទមន្ត្រីក្រុមប្រឹក្សាស្រុកម្នាក់នៅបន្ទាយមានជ័យថាបន្លំឯកសារយកដីពលរដ្ឋលក់
- អ្នកភូមិនៅព្រះវិហារលើកគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច