ដោយ សូត សុខប្រាថ្នា
2015-08-09
RFA

ផែនទីខេត្តត្បូងឃ្មុំ (Photo: RFA)
គ្រូបង្រៀននៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ទន្ទឹងរង់ចាំប្រាក់ឧបត្ថម្ភដែលជាប្រភេទប្រាក់សម្រាប់លើកទឹកចិត្តដល់គ្រូនៅតាមតំបន់ដាច់ស្រយាល។ ការទន្ទឹងនេះ បន្ទាប់ពីប្រាក់តំបន់របស់លោកគ្រូ អ្នកគ្រូជិតមួយឆ្នាំទៅហើយ ប៉ុន្តែមិនឃើញផ្ដល់ជូនពួកគាត់។ យ៉ាងណាមន្ត្រីការិយាល័យអប់រំថា ពួកគេបានបញ្ជូនឯកសារទៅថ្នាក់លើរួចហើយ ប៉ុន្តែអាចប្រាក់មិនទាន់ធ្លាក់មក។
គ្រូបង្រៀននៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ស្នើឱ្យមន្ត្រីក្រសួងអប់រំ ជួយបញ្ជាក់ឱ្យច្បាស់ជុំវិញបញ្ហាប្រាក់តំបន់យឺតយ៉ាវពេលនេះ។ គ្រូទាំងនោះថា ប្រសិនបើមានការកែទម្រង់ណាមួយ គប្បីជូនដំណឹងដល់ពួកគាត់ឱ្យបានដឹងគ្រប់គ្នា ជៀសវាងធ្វើឱ្យគ្រូបង្រៀនចេះតែទន្ទឹងរង់ចាំដោយគ្មានដំណឹង។ ពួកគាត់លើកឡើងទៀតថា ត្បិតតែប្រាក់ឧបត្ថម្ភនោះវាតិចពិតមែន ប៉ុន្តែក៏ជាផ្នែកមួយដើម្បីជំរុញលើកទឹកចិត្តដល់គ្រូបង្រៀននៅតាមតំបន់ជួបការលំបាក។
គ្រូបង្រៀននៅអនុវិទ្យាល័យមួយនៅក្បែរព្រំដែនកម្ពុជា-វៀតណាម នៅស្រុកមេមត់ សុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា ប្រាក់តំបន់នោះ ជារៀងរាល់ឆ្នាំគឺគេបើកក្នុងមួយត្រីមាសម្តងៗ ដោយក្នុងមួយខែទទួលបាន ៤ម៉ឺនរៀល។ លោកបន្តថា ចម្លែកតែឆ្នាំនេះ គឺតាំងពីចូលកងមក ប្រាក់នោះគឺមិនឃើញឡើយ ស្របពេលវិស្សមកាលធំជិតមកដល់ទៅហើយ។
ប្រភពដដែលចង់ឱ្យមន្ត្រីក្រសួងអប់រំ បំភ្លឺឱ្យបានច្បាស់លាស់ជុំវិញបញ្ហានេះ បើទោះបីជាមានការផ្ដាច់ប្រាក់ទាំងនោះ ឬកែទម្រង់យ៉ាងណាក៏ដោយ៖ «បាទ! បើសិនគេផ្ដាច់ប្រាក់តំបន់ប្រាក់អីហ្នឹង គួរតែមានអនុក្រឹត្យ គួរតែមានអីប្រាប់ដល់លោកគ្រូ អ្នកគ្រូ ដើម្បីកុំឱ្យគាត់ទន្ទឹងរង់ចាំ»។
ស្រដៀងគ្នានេះ គ្រូបង្រៀននៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន សាឡង់២ ស្រុកមេមត់ ម្នាក់ទៀត លោក ហេង លីស៊ុនហួន មានប្រសាសន៍ថា បញ្ហាប្រាក់តំបន់នេះអាចដោយសារបញ្ហាបំពេញការងាររបស់មន្ត្រីក្រោមឱវាទរបស់ក្រសួង ឬមន្ទីរអប់រំ៖ «ខ្ញុំយល់ថា ជាចំណុចមួយអនុវត្តនៅមិនបានពេញលេញរបស់មន្ត្រីក្រោមឱវាទ ដូចជាមន្ទីរ ឬក្រសួងអីហ្នឹង»។
ប្រាក់តំបន់ ឬប្រាក់លើកទឹកចិត្តសម្រាប់គ្រូបង្រៀនតាមសាលានៅតំបន់ដាច់ស្រយាល គឺជាផ្នែកមួយដើម្បីទាក់ទាញលោកគ្រូ អ្នកគ្រូឱ្យបន្តបង្រៀននៅតំបន់ជួបការខ្វះខាតទាំងនោះ ឱ្យបានជាប់លាប់ ជៀសវាងធ្វើឱ្យពួកគាត់ងាយទៅរកមុខរបរទីពីរ ឬផ្លាស់ប្ដូរទីតាំងបង្រៀន។
ចំណែកគ្រូបង្រៀននៅខេត្តកំពង់ចាម វិញ ក៏ជួបបញ្ហាប្រាក់តំបន់ដូចគ្នាដែរ។ គ្រូបង្រៀននៅអនុវិទ្យាល័យ ព្រីង ជ្រុំ នៅស្រុកជើងព្រៃ លោក អោម ងួន មានប្រសាសន៍ថា សាលាលោកបង្រៀន គឺខ្វះខាតស្ទើរសព្វបែបយ៉ាង សូម្បីតែទឹកស្អាតក៏គ្មាន ចំណែកផ្លូវធ្វើដំណើរក៏ពិបាកដែរ។ លោកបន្តថា បង្រៀននៅសាលាដែលជួបការខ្វះខាតហើយ ដល់ពេលទទួលប្រាក់ឧបត្ថម្ភសម្រាប់ពួកគាត់ក៏ត្រូវជួបបញ្ហាទៀត៖ «ខ្ញុំចង់សួរថាតើក្រសួងគិតគូរដែលអត់ហ្នឹង ព្រោះឮនាយកថា គេឲ្យៗ រួចលុយហ្នឹងដល់វ៉ាកងហើយ អត់ឃើញទេ»។
ទាក់ទងបញ្ហានេះ ប្រធានការិយាល័យអប់រំ ស្រុកមេមត់ លោក កែវ គឹមសុន មានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើក្រសួងអប់រំ មានកំណែទម្រង់លើប្រាក់តំបន់នេះ ឬយ៉ាងណាទេ ប៉ុន្តែរាល់ឯកសារខាងលោកបានផ្ញើទៅថ្នាក់លើរួចរាល់ហើយ៖ «ប៉ុន្តែអាចថា គឺរឿងប្រាក់តំបន់ប្រាក់អីហ្នឹង បើទោះបីជាមានការយឺតយ៉ាវក៏ដោយ ប៉ុន្តែវាមិនមែនជាកំហុសខាងការិយាល័យអប់រំទេ ការិយាល័យអប់រំគេធ្វើទៅហើយ»។
បន្ថែមលើនេះ កន្លងទៅមន្ត្រីនៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម ធ្លាប់បញ្ជាក់ថា បញ្ហាប្រាក់តំបន់ គឺដោយសារតែនៅពេលថ្មីៗនេះ ខាងក្រសួងបានកោះហៅគ្រប់ប្រធានមន្ទីរអប់រំតាមបណ្ដាខេត្តទាំងអស់ទៅពិភាក្សាគ្នា ដើម្បីឈានទៅបន្ថែមចំនួនទឹកប្រាក់ពី ៤ម៉ឺន រៀលទៅ ៨ម៉ឺនរៀលនៅតំបន់ខ្លះ ហើយតំបន់ខ្លះទៀត ប្រាក់តំបន់នេះនឹងត្រូវកាត់ផ្ដាច់តែម្ដង ទើបធ្វើឱ្យមានបញ្ហាបែបនេះ។
យ៉ាងណា ប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា បញ្ហាប្រាក់តំបន់គឺកើតមានស្ទើរទូទាំងប្រទេសកម្ពុជា ហើយកន្លងមកខាងអ្នកស្រីក៏បានដាក់លិខិតទៅក្រសួងអប់រំ ជាញឹកញាប់ដើម្បីឱ្យខាងក្រសួងឆ្លើយតបទៅគ្រូបង្រៀនទាំងនោះ ប៉ុន្តែមិនមានប្រសិទ្ធភាពទេ។
អ្នកស្រីមើលឃើញថា កន្លងទៅក្រសួងតែងមានគោលការណ៍ជួយលោកគ្រូអ្នកគ្រូនៅតាមតំបន់ដាច់ស្រយាលទាំងអស់ ប៉ុន្តែការអនុវត្តជាក់ស្ដែង គឺមិនដូចការលើកឡើងទាំងនោះឡើយ៖ «ក្រសួងអប់រំធ្វើការសព្វថ្ងៃនេះ លោកគ្រាន់តែនិយាយឱ្យរួចតែពីមាត់ថា ជាការលើកទឹកចិត្តកុំឱ្យគ្រូតស៊ូបះបោរ បាតុកម្មអីតែប៉ុណ្ណឹងទេ»។
អ្នកស្រីបន្ថែមថា ប្រសិនបើបញ្ហាប្រាក់តំបន់ និងប្រាក់ផ្សេងៗ របស់គ្រូមិនអាចដោះស្រាយបាន ខាងអ្នកស្រីនឹងមានការជួបជុំគ្នានៅមុខក្រសួងអប់រំយុវជន និងកីឡា នៅខែតុលា ដើម្បីទាមទារឱ្យខាងក្រសួងដោះស្រាយបញ្ហាទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “ការប្រើប្រាស់ពលកម្មកុមារគឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អនាគតប្រទេសជាតិ”
- បញ្ហាប្រឈមនិងតម្រូវការរបស់យុវជនកម្ពុជានៅឆ្នាំ២០១៥មាន៣ចំណុចសំខាន់
- ឪពុកម្ដាយសិស្សនៃសាលាមួយក្នុងខេត្តបាត់ដំបងត្អូញត្អែររឿងគ្រូមិនទៅបង្រៀន
- នាយកអនុវិទ្យាល័យមួយក្នុងខេត្តស្ទឹងត្រែងរងការចោទថាកាត់ប្រាក់អាហារូបករណ៍សិស្ស
- បណ្ណាល័យសហគមន៍ជំរុញឱ្យកុមារចូលចិត្តអានសៀវភៅ
- សង្គមស៊ីវិលស្នើក្រសួងអប់រំពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យអប់រំឲ្យមានប្រសិទ្ធភាព
- តារាភាពយន្ត អែនជេលីណា ចូលី គ្រោងផលិតភាពយន្តអំពីសោកនាដកម្មសម័យខ្មែរក្រហម
- គ្រូបង្រៀននៅវិទ្យាល័យសុខអានក្តីទន្ទឹមស្នើក្រសួងអប់រំពន្លឿននីតិវិធីដកតំណែងនាយក
- យុវជនទាមទារឲ្យរដ្ឋាភិបាលលើកទឹកចិត្តនិងបើកឱកាសដល់យុវជនចូលរួមសង្គម