ក្រុម​​​​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​អញ្ជើញ​តំណាងរាស្រ្ត​​​​សង្គ្រោះ​​​ជាតិ​​​បង្ហាញយោបល់លើច្បាប់អង្គការ​

ដោយ៖​ សេង វណ្ណៈ​ | ថ្ងៃចន្ទ ទី10 សីហា 2015, 04:34 PM​
http://vodhotnews.com


ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញបាន​​​​អញ្ជើញ​​​​​​​ក្រុម​​​តំណាងរាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​ជាតិ​​​ឲ្យ​ចូល​​​​បកស្រាយ​​​និង​​​​​ពន្យល់​​​ពី​​​យោបល់ជំទាស់​​លើសេចក្តីព្រាង​​​​​ច្បាប់សមាគមនិង​អង្គការមិនមែន​រដ្ឋាភិបាល​ នៅថ្ងៃ​ទី​១២ខែសីហាខាង​​​មុខ​​​​ មុននឹងក្រុម​ប្រឹក្សា​​​សម្រេច​​​ពីធម្មនុញ្ញ​ភាព​នៃ​ច្បាប់នេះ។​

អ្នក​​​នាំ​​​ពាក្យ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ លោក ព្រហ្ម ញាណ​​​វិចិត្រ បាន​​​ប្រាប់​​​វីអូឌី​​​(VOD)នា​​​ព្រឹក​​​ថ្ងៃ​​​ចន្ទ​​​​នេះ​​​​ថាក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​អញ្ជើញ​តំណាងរដ្ឋាភិបាលឲ្យ​​ចូល​មក​បកស្រាយ​លើ​ច្បាប់នេះ​​នៅព្រឹក​ថ្ងៃ​ទី​១១ខែ​សីហា និងក្រុម​​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិដែល​ក្នុង​នោះ​មាន​លោក សុន ឆ័យ​ ផងដែរ​ មក​​​​បំភ្លឺ​​​ពី​​​ចំណុច​​​ជំទាស់​​​​​នៅព្រឹកថ្ងៃទី​១២ខែសីហា។ លោក​​​បាន​​​បញ្ជាក់​​​ថា៖ មូល​​​ហេតុ​​​សំខាន់​​​កាល​​​ណា​​​ច្បាប់ វា​​​​មាន​​​បញ្ហា​​​ ធម្មតា​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​មាន​​​សិទ្ធិ​​​គ្រប់​​​គ្រាន់​​​ ដើម្បី​​​​អញ្ជើញ​​​អ្នក​​​ដែល​​​តវ៉ា​​​។ យើង​​​​ក៏​​​មាន​​​លទ្ធភាព​​​ទុក​​​ឲ្យ​​​គាត់​​​មក​​​ឆ្លើយ​​​​បំភ្លឺ​​​ដែរ ថា​​​គាត់​​​ចង់​​​បាន​​​អី​​​ពិត​​​ប្រាកដ​​​គាត់​​​ចង់​​​ជំទាស់​​​កន្លែង​​​​ណាអី​​​កន្លែង​​​ណា។ ឯ​​​ខាង​​​រដ្ឋាភិបាល​​​ក៏​​​អញ្ចឹង​​​ដែរ​​​ យើង​នឹង​​​សួរ​​​លោក​​​ថា​​​តើ​​​​កន្លែង​​​ណា​​​ដែល​​​គេ​​​តវ៉ាលើក​​ឡើង​ឬ​​​ក្រុម​​​ប្រឹក្សាធម្មនុញ្ញ​​​មាន​​​ការ​​​ឆ្ងល់​​​ ដើម្បី​​​​ឲ្យ​​​គាត់​​​ពន្យល់​​​បន្ថែម​​​ទៀត​​​”

លោក​​​ ព្រហ្ម ញាណ​​​វិចិត្រ ​​​បាន​បន្ត​​​​​​ថា​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើ​កកិច្ច​ប្រជុំ​ពេញ​អង្គ​​មួយ​នៅ​ពេល​​រសៀលថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ២០១៥ ដើម្បី​ពិនិត្យនិង​សម្រេច​ពីធម្មនុញ្ញ​ភាព​នៃ​សេចក្តីព្រាង​​​ច្បាប់​នេះ។​ លោក​បញ្ជាក់បន្ថែមថា​​ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់នេះ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្រុម​ប្រឹក្សា​នឹង​បន្ត​នីតិវិធីទៅព្រះមហាក្សត្រ។

បើ​តាម​លោកព្រហ្ម ញាណ​​​វិចិត្រ ​​​​​​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ក៏​​​អាច​​​ស្នើ​​​​សុំឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​ពិនិត្យ​​ធម្ម​នុញ្ញ​ភាព​នៃ​​​​ច្បាប់​​​នេះ​​​បានផង​​​​​​ដែរ​​​ តាមរយៈ​ការ​​ដាក់ពាក្យ​ស្នើសុំ​មក​​ក្រុម​ប្រឹក្សាធម្មនុញ្ញ​។​

វីអូឌីមិន​ទាន់​អាចទាក់ទង​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ដើម្បី​សុំ​ការពន្យល់​លើ​បញ្ហានេះ​បាន​នៅ​ឡើយទេ​។​

កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​១៣រូបបាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​មើល​​​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ស្តីពី​សមាគមនិង​អង្គការមិនមែន​រដ្ឋា​ភិបាល​ដែល​រដ្ឋសភាទើប​បានអនុម័ត ដោយពួកគាត់ចាត់ទុកថា​​ច្បាប់នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​ច្បាប់អន្តរជាតិ។លិខិត​របស់តំណាងរាស្រ្តដែល​បាន​ដាក់ទៅក្រុម​ប្រឹក្សាធម្មនុញ្ញបាន​លើក​ឡើង​ពី​មា​ត្រា​មួយ​ចំនួន​នៃ​ច្បាប់​អង្គការ​ដែល​ពួក​គេ​យល់​ថា​​រឹតត្បិតសិទ្ធិសេរីភាព ដូចជា​ការ​​ទាម​ទារឲ្យបុគ្គល​​មាន​អាយុ​គ្រប់​១៨ឡើង​ទៅ ​ទើប​អាច​បង្កើត​សមាគម​ឬ​អង្គការ​ ការ​តម្រូវ​ឲ្យ​​ចុះ​បញ្ជី ការតម្រូវ​ឲ្យ​​ចុះ​បញ្ជីនៅក្រសួងមហាផ្ទៃ ​ ការ​តម្រូវ​​ឲ្យ​ប្រកាន់ជំហរអព្យា​ក្រឹតចំពោះ​គណបក្ស​​ន​យោបាយនិង​ការត្រួតពិនិត្យ​និង​សវនកម្ម​លើ​​សមាគម​ឬ​អង្គការ។​

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ធ្លាប់​លើក​ឡើង​ថាតំណាងរាស្រ្ត​ចង់​ឲ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញពិនិត្យ​និង​កែលម្អ​ ហើយ​រុញ​សេចក្តីព្រាង​​ច្បាប់​នេះ​​ទៅ​រដ្ឋសភាវិញ​។ លោក​បន្ត​ថា​នៅ​ពេល​ក្រុម​ប្រឹក្សាធម្មនុញ្ញ​សម្រេចបញ្ជូន​​ច្បាប់នេះ​ទៅរដ្ឋសភាវិញ​​ គណ​ប​ក្ស​សង្រ្គោះជាតិ​នឹង​មាន​ឱកាស​ក្នុង​ការបញ្ចេ​ញ​​សេចក្តីព្រាងច្បាប់​​វិសោធនកម្ម​របស់ខ្លួន​​សម្រាប់​ការ​ត្រួតពិនិត្យ​៕

សរសរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

What Next?

Recent Articles