​សង្គម​ស៊ីវិល​ស្នើ​ទប់ស្កាត់​ការ​ឡើងថ្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​ក្នុង​ថ្ងៃ​ប្រលង​​

ដោយ៖​ ឈុន វួ​ចលាង​ | ថ្ងៃចន្ទ ទី10 សីហា 2015, 05:11 PM​
http://vodhotnews.com

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ប្រឆាំង​អំពើពុករលួយ ស្នើ​ឲ្យមាន​ការទប់ស្កាត់ កុំឲ្យ​ដំឡើងថ្លៃ​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​សិស្ស​ជួល​ស្នាក់នៅ​សម្រាប់​ពេល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែសីហា ២០១៥​នេះ​។

​សេចក្តីអំពាវនាវ​នេះ ​ចេញ​ដោយ​អង្គការ​ចំនួន​៥​រួមមាន សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូ​ពា៍ និងប៉ាស៊ីហ្វិក​(ANSA-EAP) វិទ្យាស្ថាន​ខ្មែរ​សំរាប់​អភិវឌ្ឍន៍​ជាតិ​(KIND) សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) បណ្តាញ​យុវជន​កម្ពុជា​(CYN) និងអង្គការ​សម្លេង​សង្គម​(SVO)​។​

សេចក្តីអំពាវនាវ​នៅ​ថ្ងៃទី​១០ ខែសីហា ឲ្យដឹងថា ដោយសារ​ការប្រលង​ប្រព្រឹត្តទៅ​នៅ​ទី​រួម​ខេត្ត ដែល​បណ្តាលឲ្យ​មាន​តម្រូវកា​រ​កើនឡើង​នៃ​ការ​ស្នាក់​នៅ​តាម​ផ្ទះសំណាក់ ​ឫ​សណ្ឋាគារ ទើប​ជា​ហេតុ​នាំឲ្យ​មាន​ការ​ឡើងថ្លៃ​ក្នុង​រយៈពេល​នៃ​ការប្រលង​។​

​យោងតាម​លិខិត ដើម្បី​ដោះស្រាយ​នេះ អង្គការ​សង្គម​ស៊ីវិល បាន​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​ផ្នែក​រដ្ឋបាល ទប់ស្កាត់​ការដំឡើងថ្លៃ​នៃ​ការ​ស្នាក់​នៅ​តាម​ទី​រួម​ខេត្ត ព្រមទាំង​ស្នើរ​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ផ្តល់​កន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី ​ដល់​បេក្ខជន​ដែល​ធ្វើដំណើរ​មកពី​ជនបទ​។​

​លោក សន ជ័យ តំណាង​អង្គការ ANSA-EAP មានប្រសាសន៍ថា ការប្រមូលផ្តុំ​បេក្ខជន​មក​ទី​រួម​ខេត្ត​នេះ ​អាច​ជា​ឱកាស​នៃ​ការកេងប្រវ័ញ្ច​ដល់​បេក្ខជន​ប្រលង ដោយសារ​កន្លង​មក​កន្លែង​ខ្លះ​មាន​ការ​ឡើងថ្លៃ​ទ្វេ​មួយ​ជា​ពីរ​ក៏មាន ដែល​ជា​ហេតុ​បង្ក​ឲ្យមាន​ការបារម្ភ​ដល់​បេក្ខជ​ន​។

​លោក​ថា​៖ "​អ្នក​ដែល​មក​ស្នាក់​នៅ​ពេល​ហ្នឹង​ មិនមែនជា​ក្រុម​ទេសចរ​ដែល​មាន​លុយ​ច្រើន មិនមែន​ជា​ក្រុម​ដែល​ចុះ​ទៅ​បំពេញ​ការងារ​ដែល​មាន​លុយ​ច្រើន​ទេ ពួកគេ​ជា​សិស្ស​ដែល​ភាគច្រើន​មើលឃើញថា ​មក​ពី​គ្រួសារ​ក្រីក្រ​នៅតាម​ទី​ជនបទ​ដាច់ស្រយាល ការតម្រូវ​ឲ្យមក​ប្រលង​នៅទី​រួមខេត្ត​ហ្នឹង ​គឺ​ជា​បន្ទុ​កមួយ​ទៅហើយ ទាំង​ការធ្វើដំណើរ ការហូបចុក​អី​ជាដើម​ហ្នឹង ជា​បន្ទុក​ធំ​មួយ​សម្រាប់​អាណាព្យាបាល​របស់​បេក្ខជន ចុះ​នៅ​ពេល​ដែល​ពួកគេ​មក​រក​កន្លែង​ស្នាក់នៅ​បែរជា​មាន​ការ​ឡើងថ្លៃ ហ្នឹង​រឹតតែ​ជា​បន្ទុក​ថែមទៀត​"

VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សា​លីន បាន​នៅឡើយ​៕

សូមសរសេរមកកញ្ញា ឈុន វួ​ចលាង​ តាមរយៈ chhun.vouchleang@yahoo.com

What Next?

Recent Articles