ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី10 សីហា 2015, 06:04 PM
http://vodhotnews.com
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យជំរុញទៅសាលាដំបូងខេត្តស្វាយរៀងឲ្យចាត់ការឲ្យបានឆាប់លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍កាលខែឧសភា ឆ្នាំ២០១៥ ដែលបានបណ្តាលឲ្យកម្មករខ្មែរ១៨នាក់ស្លាប់។
កាលពីថ្ងៃទី១៩ ខែឧសភា គ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្វាយរៀង ដែលបង្កដោយរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញ ទៅលើរថយន្តដឹកកម្មករបណ្ដាលឲ្យកម្មករ១៨នាក់បានស្លាប់ និងជាង២០នាក់ផ្សេងទៀតបានរងរបួស។
លិខិតរបស់តំណាងរាស្ត្របក្សប្រឆាំងលោក អ៊ូ ច័ន្ទឬទ្ធិ និងលោក គង់ សភា ចុះថ្ងៃទី០៦ ខែសីហា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងហយុត្តិធម៌ តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន លើកឡើងថា ជនរងគ្រោះ និងក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់ក្នុងឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងនោះ បានស្នើទៅតំណាងរាស្ត្របក្សប្រឆាំង ដើម្បីជួយអន្តរាគមន៍ពន្លឿននីតិវិធីរបស់តុលាការ។
លិខិតដដែលបន្ថែមថា៖ “បច្ចុប្បន្ន ជនរងគ្រោះ និងក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់កំពុងជួបបញ្ហាជីវភាពខ្វះខាតយ៉ាងខ្លាំង ហើយការស្នើសុំជួយពន្លឿនឲ្យសាលាដំបូងខេត្តស្វាយរៀងលើកយកសំណុំរឿងនេះមកចាត់ការគឺអាចឲ្យពួកគាត់ទទួលបាននូវសំណងផ្នែករដ្ឋប្បវេណី ដើម្បីយកមកដោះស្រាយទ្រទ្រង់ជីវភាពគ្រួសារ”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក កឹម សន្តិភាព មានប្រសាសន៍ថា លោកនៅមិនទាន់បានឃើញលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅឡើយទេ ដោយលោកជាប់បេសកកម្មនៅខេត្ត ចំណែកលោក ជិន ម៉ាលីន អះអាងថា លោកក៏មិនទាន់បានឃើញលិខិតនោះនៅឡើយ ដោយលោកជាប់ការងារនៅខាងក្រៅ។
គួររំឭកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ រថយន្តបឺសទេសចរណ៍ភ្នំពេញ-ហូជីមិញ(ស្លាកលេខភ្នំពេញ3C-6335)ដែលមានអ្នកដំណើរជាង១០នាក់ បានបើកវ៉ារថយន្តផ្សេងទៀត រួចក៏ទៅបុកពេញទំហឹងរថយន្តតួរីស១៦កៅអីដែលដឹកកម្មករជិត៤០នាក់។ រថយន្តបឺសដែលវ៉ាបុករថយន្តរបស់កម្មករ គឺជារថយន្តរបស់ក្រុមហ៊ុនស៊ុនហួរដែលដឹកអ្នកដំណើរពីវៀតណាមមកភ្នំពេញ។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើករថយន្តបឺសម្នាក់ដែលជាជនជាតិវៀតណាម៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com