ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី10 សីហា 2015, 07:57 PM
http://vodhotnews.com
មន្ត្រីគណបក្សទាំងពីរធ្វើសន្និសីទសារព័ត៌មានក្រោយពីកិច្ចប្រជុំនៅល្ងាចថ្ងៃចន្ទនេះ (រូបភាព៖ ឡាយ សាមាន)
គណបក្សជាប់ឆ្នោតទាំងពីរអំពាវនាវដល់គណបក្សនយោបាយដទៃទៀត និងអ្នកពាក់ព័ន្ធទាំងអស់រួមទាំងអង្គការមិនមែនរដ្ឋាភិបាលផង កុំឲ្យយកបញ្ហាព្រំដែនទៅឃោសនាជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយងាកមកដោះស្រាយបញ្ហាព្រំដែនរួមគ្នា។
ការអំពាវនេះធ្វើឡើងបន្ទាប់ពីប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើននៃរដ្ឋសភាលោក ស ខេង និងប្រធានស្តីទីក្រុមតំណាងរាស្ត្រមតិភាគតិចលោក កឹម សុខា បើកកិច្ចប្រជុំបិទទ្វារយៈពេលជាងមួយម៉ោង នៅវិមានរដ្ឋសភា នៅល្ងាចថ្ងៃចន្ទនេះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំចប់ ថ្នាក់ដឹកនាំទាំងពីរបដិសេធផ្តល់ព័ត៌មាន ដោយទុកឲ្យមន្ត្រីរបស់ខ្លួនជាអ្នកផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលចូលរួមក្នុងកិច្ចប្រជុំនោះលោក សក់ សេដ្ឋា ថ្លែងថា គណបក្សទាំងពីរបានពិភាក្សាគ្នាលើបញ្ហាព្រំដែន និងបានឯកភាពគ្នាថា បញ្ហានេះគឺជាបញ្ហាអធិបតេយ្យភាពនិងជាផលប្រយោជន៍ជាតិទាំងមូល ដោយបក្សទាំងពីរអំពាវនាវដល់គណបក្សនយោបាយផ្សេងទៀត កុំយកបញ្ហាព្រំដែននេះធ្វើជាបញ្ហាដោយឡែករបស់ក្រុមនេះ ឬក្រុមនោះ ហើយខិតខំរួមគ្នាដោះស្រាយបញ្ហានេះ ក្នុងស្មារីនេះ ដើម្បីជាតិឲ្យបានគង់វង្ស។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំនោះដែរលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា បញ្ហាព្រំដែនគឺជាបញ្ហារួមរបស់ជាតិ ហើយគណបក្សទាំងពីរនឹងសហការគ្នា ដើម្បីឲ្យមានការឯកភាពគ្នាឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នឹងពង្រឹងវប្បធម៌សន្ទនាបន្តទៀត ដើម្បីដោះស្រាយបញ្ហារួមរបស់ជាតិផងដែរ។
គួរបញ្ជាក់ថា កន្លងទៅតំណាងរាស្ត្រគណបក្សប្រឆាំងបានដឹកនាំពលរដ្ឋចុះពិនិត្យតាមព្រំដែនមួយចំនួន ហើយរកឃើញថា វៀតណាមរំលោភចូលអធិបតេយ្យភាពកម្ពុជា។ ករណីនេះធ្វើឲ្យស្ថានការណ៍នយោបាយកកម្ពុជាហាក់មានកម្តៅឡើងវិញ ដោយរដ្ឋាភិបាលអះអាងថាកម្ពុជា មិនបានបាត់បង់ទឹកដីទៅវៀតណាមដូចការចោទប្រកាន់របស់គណបក្សប្រឆាំងឡើយ។ តែបែបនេះក្តី ពលរដ្ឋដែលរស់នៅតាមព្រំដែនកម្ពុជា វៀតណាម សុទ្ធតែអះអាងថា វៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជា ដោយគ្មានអាជ្ញាធរទប់ស្កាត់ឡើយ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាលើ៤ចំនុចដើម្បីដោះស្រាយបញ្ហាជាតិ (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃចន្ទ ទី10 សីហា 2015, 08:29 PM
http://vodhotnews.com
គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាលើ៤ចំនុចដើម្បីដោះស្រាយបញ្ហាជាតិ