ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី10 សីហា 2015, 03:44 PM
http://vodhotnews.com
ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៅរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច ថ្លែងពេលទទួលផែនទីពីគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ (រូបថតដោយ ទេព សូនី)
ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៅរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច នៅថ្ងៃចន្ទនេះបានស្នើទៅតំណាងរាស្រ្តដែលមានអាសនៈនៅក្នុងរដ្ឋសភាពិចារណាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ក្រោយពីការបោះបង្គោលព្រំដែនជាមួយវៀតណាមចប់សព្វគ្រប់។
មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
ក្នុងពេលទទួលផែនទីពីគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការរបស់គណបក្ស លោក សុខ ទូច បានថ្លែងថាលោកគ្រាន់តែស្នើឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ដើម្បីធានាកុំឲ្យមានជម្លោះនយោបាយសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀត។ លោកបន្តថាបើតាមរដ្ឋធម្មនុញ្ញដែលចែងថាផែនទីយកតាមចន្លោះឆ្នាំ១៩៣៣-១៩៥៣ កម្ពុជានឹងបាត់ដីនៅតំបន់ដាក់ហូតក្នុងខេត្តរតនគិរី ដោយសារតំបន់នោះធ្វើឡើងនៅឆ្នាំ១៩១៤។ លោកបន្ថែមថាតំបន់ដាក់ហូតមានបង្គោលសរសេរជា៣ភាសា គឺភាសាខ្មែរ វៀតណាមនិងបារាំង។ លោកបញ្ជាក់បន្ថែមថាបើតាមផែនទីដែលចែងក្នុងរដ្ឋធម្មនុញ្ញ តំបន់ដាក់ដាំដែលជាតំបន់មួយទៀតក្នុងខេត្តមណ្ឌលគិរី មានតែបន្ទាត់ តែមិនមានបង្គោលនោះទេ។
លោក សុខ ទូច ថ្លែងថាប្រសិនបើមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ កម្ពុជានឹងបាត់បង់ទឹកដី ហើយលោកព្រមានកុំទៅបន្ទោសអ្នកវិទ្យាសាស្រ្តដែលបានសិក្សារួចហើយ។
លោកបានបញ្ជាក់ថា៖ "ហើយក្រោយពីបោះបង្គោលហើយ បើអត់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ អាបង្គោលបោះហ្នឹងក៏អត់មានន័យដែរ ព្រោះវាអត់មានចងច្បាប់។ អញ្ចឹងអ្នកដែលជេរខ្ញុំ សូមឲ្យពិនិត្យឡើងវិញ។ រាល់ការដែលមិនចងច្បាប់ មានន័យថាខំធ្វើ ខំជជែកគ្នា គឺអត់មានន័យទេ។ អ្នកឡើងកាន់អំណចមកក្រោយ ថាអត់មានក្នុងរដ្ឋធម្មនុញ្ញ ផងរលាយអស់។ កុំភ្លេចគេសប្បាយចិត្ត នៅពេលដែលយើងអត់ចងច្បាប់ គេរីករាយណាស់ នឹងរំលោភយើងបន្តទៀត”។ លោកបានបន្ថែមថា៖ "ខាងខ្ញុំមិនមែនមានន័យថាតម្រូវទេ គ្រាន់តែផ្តល់គំនិតថា ក្រោយពីបោះបង្គោលចំសព្វគ្រប់ ក្រោយពីបានទទួលផែនទីគ្រប់មជ្ឈដ្ឋានហើយអ្នកនយោបាយយកផែនទីណាក៏យកទៅ។ បោះបង្គោលយ៉ាងម៉េចក៏បោះទៅ ប៉ុន្តែក្រោយពីបោះហ្នឹង ត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើមិនធ្វើទេមានន័យថាស្មើសូន្យ”។
បើតាមលោក សុខ ទូច រហូតមកដល់ពេលនេះ ក្រុមស្រាវជ្រាវបញ្ហាព្រំដែននៅរាជបណ្ឌិតសភាកម្ពុជា បានទទួលផែនទីពីអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃរបបសាធារណរដ្ឋ លន់ នល់ និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ ពីបណ្ណាល័យពីបារាំង ពីបណ្ណាល័យរបស់ព្រឹទ្ធសភាអាមេរិក ពីអង្គការសហប្រជាជាតិ ពីរដ្ឋាភិបាល ពីអ្នកសិក្សាស្រាវជ្រាវផ្សេងទៀតនិងចុងក្រោយពីគណបក្សសង្រ្គោះជាតិ។
កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានថ្លែងថារដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរខ្វះចន្លោះ ដែលលោកអះអាងថាពិបាកយកទៅតតាំងជាមួយវៀតណាម ។ ចំណែកកាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានថ្លែងថាលោកនឹងលុបចោលកិច្ចព្រមព្រៀងជាមួយវៀតណាម ប្រសិនបើមានការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយចែងជំនួសថាកម្ពុជាប្រើប្រាស់ផែនទីខ្នាត១/៥០.០០០វិញ។ លោកបញ្ជាក់ថា៖ ”បើសិនជារដ្ឋធម្មនុញ្ញបានចែងថាផែនទីនៃព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ខ្ញុំព្រះករុណាក៏សុខចិត្តលុបចោលកិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយវៀតណាមដែរ។ តែមាត្រាទី២នៃរដ្ឋធម្មនុញ្ញគេឲ្យប្រើថាផែនទីអធិបតេយ្យរបស់កម្ពុជាមានចែងនៅក្នុងផែនទីខ្នាត១/១០០.០០០ បោះពុម្ពក្នុងចន្លោះឆ្នាំ១៩៣៣-៥៣ ដែលអន្តរជាតិទទួលស្គាល់៦៣-៦៩”។
លោក ហ៊ុន សែន បន្តថាកាលពីឆ្នាំ១៩១៤ អគ្គទេសាភិបាលឥណ្ឌូចិនបានចេញសេចក្តីសម្រេចមួយថាព្រំដែនកម្ពុជាត្រូវដើរតាមទន្លេដាក់ហូត តែលោកថាបារាំងបានគូសផែនទីទៅតាមដាក់ដាំ។ លោកបន្តថាប្រសិនបើកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ កម្ពុជានឹងមិនទទួលជ័យជម្នះហើយនឹងបាត់បង់ទឹកដីជាង៥០គីឡូម៉ែត្រការ៉េ។ លោកបញ្ជាក់ថា៖ “…យើងប្តឹងទៅអង្គការសហប្រជាជាតិថាអាមេរិកបានទម្លាក់គ្រាប់បែកនៅម្តុំដាក់ដាំ ដល់ទៅផែនទីដើរតាមដាក់ហូត អញ្ចឹងបានសចក្តីថាសម័យនោះ រដ្ឋមន្រ្តីការបរទេសជំនាន់នោះ អ្នកស៊ីញ៉េលើផែនទីជំនាន់នោះ បានប្រគល់ទឹកដី៥១គីឡូម៉ែត្រការ៉េឲ្យទៅវៀតណាមរួចស្រេចទៅហើយ”។
កន្លងទៅ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា អនុញ្ញាតឲ្យភាគីទាំងពីរគូសចម្លងខ្សែព្រំដែនពីផែនទីបោន១/១០០.០០០មកលើផែនទីUTM១/៥០.០០០ ដើម្បីជាជំនួយដល់ក្រុមបច្ចេកទេសយកមកអនុវត្តនៅលើដីជាក់ស្តែង។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលអះអាងថាកម្ពុជាបាត់បង់ទឹកដីឲ្យវៀតណាម មានប្រសាសន៍ថាកម្ពុជាអាចយកសារាចររបស់អគ្គទេសាភិបាលឥណ្ឌូចិនមុនឆ្នាំ១៩៣៣មកប្រើបានទាក់ទងនឹងតំបន់ដាក់ហូតដាក់ដាំ ដោយថារដ្ឋធម្មនុញ្ញកម្ពុជាបានចែងតែការប្រើប្រាស់ផែនទីតែប៉ុណ្ណោះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
លោក សុខ ទូច ស្នើពលរដ្ឋកុំបោះឆ្នោតឲ្យ CCP និង CNRP បើមិនរួមគ្នាដោះស្រាយបញ្ហា (វីដេអូ)
ដោយ៖ វិចិត្រ | ថ្ងៃចន្ទ ទី10 សីហា 2015, 06:47 PM
http://vodhotnews.com
លោក សុខ ទូច ស្នើពលរដ្ឋកុំបោះឆ្នោតឲ្យ CCP និង CNRP បើមិនរួមគ្នាដោះស្រាយបញ្ហា