ស្ត្រីរងគ្រោះបីរូបក្នុងករណីអតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត បានដាក់ញាតិ្តនៅរដ្ឋសភានិងស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌សម្រាប់រូបខ្លួន ដោយតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដូចករណីអតីតពិធីការនីទូរទស្សន៍ សាសា ឬ ឯក សុជាតា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ មជ្ឍមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ CLEC)
ហ៊ុល រស្មី
10 សីហា 2015
វីអូអេខ្មែរ
ភ្នំពេញ—
សកម្មជនសិទ្ធិមនុស្ស និងមេដឹកនាំសហជីព នៅថ្ងៃច័ន្ទនេះ ហៅការចូលខ្លួនទទួលទោសរបស់លោកឈូក បណ្ឌិតថា ជាចេតនារបស់រដ្ឋាភិបាលក្នុងការ បន្ថយការអាក់អន់ចិត្តរបស់សាធារណជនខ្មែរ និងជាការការពារមុខមាត់ និងប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាកម្លាំងប៉ូលិសឲ្យតាមចាប់សកម្មជនគណបក្សជំទាស់បន្ថែមទៀត ទាក់ទិននឹងសំណុំរឿងហិង្សាដែលបានកើតឡើងនៅក្បែរស្ពាននាគ កាលពីឆ្នាំមុន។
សកម្មជនសិទ្ធិមនុស្ស និងមេដឹកនាំសហជីពថ្លែងដូច្នេះនៅក្រោយពេលដែលលោកឈូក បណ្ឌិតបានបង្ហាញខ្លួនជាលើកដំបូងនៅឯស្នងការដ្ឋាននគរបាលជាតិ នៅរាជធានីភ្នំពេញ ដើម្បីទទួលទោសដែលតុលាការបានកាត់ឲ្យជាប់គុក១៨ខែកាលពីរឆ្នាំមុន និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលប្រកាសថា កម្លាំងប៉ូលិសនឹងមានកំហុស ប្រសិនជាសកម្មជនគណបក្សជំទាស់ និងទណ្ឌិតឈូក បណ្ឌិតមិនត្រូវបានចាប់ខ្លួន។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា លោកឈូក បណ្ឌិតពុំមានចេតនាចូលខ្លួនមកទទួលទោសនោះទេ ប្រសិនជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនប្រកាសពីការចាប់ខ្លួនលោក ហើយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនេះគឺមានគោលបំណងរក្សាប្រជាប្រិយភាពជាមួយអ្នកបោះឆ្នោត ដោយសារតែលោកបានបញ្ជាឲ្យចាប់ខ្លួនសកម្មជនគណបក្សជំទាស់ដែលជាប់សង្ស័យថា មានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤។
«យើងគិតទៅ អានេះពាក់ព័ន្ធការទាញប្រជាប្រិយភាពតាមបែបផ្លូវនយោបាយ កុំឲ្យគេរិះគន់ថា ធ្វើតែម្ខាង ហើយការធ្វើនេះក៏វាអាចដើម្បីឲ្យឃើញថា បង្ហាញតម្លាភាពថា អ្នកដែលពាក់ព័ន្ធត្រូវបានចាប់ដែរ»។
លោកអាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថា C-CAWDU បានឲ្យដឹងថា រដ្ឋាភិបាលកំពុងបង្ហាញមហាជនខ្មែរអំពីការធ្វើឲ្យមានសិទ្ធិស្មើភាពចំពោះមុខច្បាប់រវាងអ្នកក្រ ខ្សត់ខ្សោយនិង អ្នកមានអំណាច តាមរយៈការប្រកាសចាប់ខ្លួនលោកឈូក បណ្ឌិត។ លោកបញ្ជាក់ថា តុលាការសម្រេចឃុំខ្លួនលោកឈូក បណ្ឌិតគឺជាការព្រមានទៅដល់មន្ត្រីរដ្ឋាភិបាលផ្សេងទៀត មិនឲ្យយកគម្រូតាមលោកឈូក បណ្ឌិត។
«ការចាប់ឈូក បណ្ឌិតក៏ដូចជាករណីផ្សេងទៀត។ ខ្ញុំគិតថា វាអាចជាការព្រមាន ទៅដល់មន្ត្រីផ្សេងៗទៀតដែរ ដើម្បីកុំឲ្យមានការធ្វើបែបហ្នឹង ព្រោះទោះបីអ្នកឯងធ្វើក្នុងកម្រិតណាក៏ដោយ បើសិនជាប៉ះពាល់ទៅដល់រាងកាយ ឬក៏លក្ខណៈ ជាសិទ្ធិបុគ្គលរបស់គេ អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកបានបន្ថែមថា អន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីក្នុងការដោះស្រាយសំណុំរឿងក្តីក្តាំធំៗនេះ ហើយការរួចខ្លួនរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលពីសំណាញ់ច្បាប់នេះ បានក្លាយជាទម្លាប់មួយរួចទៅហើយនៅក្នុងប្រទេសកម្ពុជា ហើយថា ទម្លាប់នេះគួរតែត្រូវលុបបំបាត់ដើម្បីសង្គមកម្ពុជាក្លាយជាសង្គមមួយមានយុត្តិធម៌ពិតប្រាកដ។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ឱ្យជាប់ពន្ធនាគា ដោយសារបានបាញ់ឱ្យរបួសកម្មការិនីចំនួន៣នាក់ក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
ទោះបីជាមានការរិះគន់ថា ស្ថាប័នតុលាការនៅរងឥទិ្ធពលពីអង្គនីតិប្រតិបត្តិ ក្តី លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា៖
«ចំពោះរឿងនេះគួរបែងចែកដាច់ពីគ្នា។ ទីមួយជាយន្តការរបស់អំណាចនីតិប្រតិបត្តិ ទីមួយទៀតជាយន្តការរបស់តុលាការ ហើយរឿងនេះវាអត់ពាក់ព័ន្ធដល់ការដាក់សម្ពាធ ឬក៏ការរំលោភទៅលើអំណាចតុលាការទេ ដោយសារតែយន្តការរបស់តុលាការត្រូវបានបញ្ចប់សព្វគ្រប់ទៅតាមនីតិវិធីច្បាប់ដែលមានជាធរមានរួចទៅហើយ ដោយបានចេញនូវសាលក្រមស្ថាពរ ហើយបានផ្តន្ទាទោសនូវទណ្ឌិតរូបនេះ។ អញ្ចឹងអ្វីដែលនៅសល់នោះគឺអំណាចនីតិប្រតិបត្តិ ដែលត្រូវធ្វើយ៉ាងម៉េច អនុវត្តសាលក្រមស្ថាពរនោះ ដោយតាមចាប់ទណ្ឌិតហ្នឹងដើម្បីមកទទួលយកអំណាចសាលក្រម។ អញ្ចឹងការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងនាមជាប្រមុខអំណាចនីតិប្រតិបត្តិហ្នឹងគឺថា មិនពាក់ព័ន្ធដល់អំណាចតុលាការ ឬក៏ឯករាជ្យភាពនៃអំណាចយុត្តាធិការទេ»។
រីឯលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថ្លែងការពារដល់ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ អំពីការចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិត ដោយលោកអះអាងថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សកាន់អំណាចនេះ បានរួមចំណែកដល់ការបង្ហាញខ្លួនរបស់ទណ្ឌិតរូបនេះ។
«ខ្ញុំគិតផ្ទាល់ខ្លួនខ្ញុំទេណា៎ នែអាហ្នឹងវាជាការរួមចំណែកដែរ។ ប្រកាសរបស់សម្តេចនាយកជាការរួមចំណែកដែរ។ យើងមើលកន្លងមក ដូចជាផ្ទាល់ខ្លួនខ្ញុំទេ ការរួមចំណែក បានសេចក្តីថា នែសាម៉ីខ្លួនឃើញទេ សូម្បីតែប្រមុខរាជរដ្ឋាភិបាលក៏មិនគាំទ្រខ្លួនដែរណា៎។ ចង់និយាយអញ្ចឹង»។
កាលពីចុងខែកក្កដាកន្លងទៅ ជនរងគ្រោះទាំងបីនាក់ដែលរងការបាញ់ប្រហារពីលោកឈូក បណ្ឌិតបានដាក់ពាក្យប្តឹងមករដ្ឋសភាជាតិដើម្បីសុំអន្តរាគមន៍តាមចាប់ខ្លួនលោកឈូក បណ្ឌិត និងទាមទារយុត្តិធម៌។ ពួកគេបានប្រៀបធៀបសំណុំរឿងរបស់ពួកគេជាមួយនឹងសំណុំរឿងកញ្ញាឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល នៅពេលដែលនាងត្រូវឧកញ៉ាសុខ ប៊ុនវាយតប់ធ្វើបាបយ៉ាងសាហាវឃោរឃៅ។
កញ្ញានុត សាខន វ័យ២៥ឆ្នាំ បាននិយាយប្រាប់វីអូអេថា កញ្ញាមានក្តីសប្បាយពេលដែលបានទទួលដំណឹងថា លោកឈូក បណ្ឌិតបានចូលខ្លួនទទួលទោស តែកញ្ញាថ្លែងថា ស្នាមរបួសរបស់នាងដែលបង្កដោយអតីតអភិបាលក្រុងបាវិតនេះ ធ្វើឲ្យនាងខាតបង់លុយកាក់ជាច្រើនក្នុងការព្យាបាលជំងឺដោយគ្រាប់កាំភ្លើង។
«សម្រាប់ខ្ញុំ គាត់ចូលមកអញ្ចឹង ខ្ញុំមានអារម្មណ៍អស់ចិត្តបង។ ខ្ញុំអត់ចង់ឲ្យមានរឿងវែងឆ្ងាយទេ។ ប៉ុន្តែ ខ្ញុំគិតថា សំណងវាតិចពេកបង ព្រោះអី? សម្រាប់ពួកខ្ញុំ រាល់ថ្ងៃ បើសិនជាខ្ញុំបានជួបផ្ទាល់ជាមួយលោកឈូក បណ្ឌិត ខ្ញុំនឹងនិយាយតទល់ជាមួយគាត់ផ្ទាល់តែម្តងថា តម្លៃប៉ុណ្ណឹង បាញ់ខ្ញុំស្ទើរស្លាប់ ស្ទើររស់ រយៈពេលបួនឆ្នាំហើយ ខ្ញុំខាតបង់ពេលវេលាអស់ប៉ុន្មាន ធ្វើការមិនដែលពេញខែ ឈប់អីអញ្ចឹងណា៎បង»។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក់ក្នុងខេត្តកណ្តាលកាលពីថ្ងៃច័ន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសបញ្ជាឲ្យកម្លាំងប៉ូលិសតាមចាប់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សាមួយនៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ រវាងក្រុមបាតុករនៃគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសន្តិសុខជួលដោយសាលាខណ្ឌដូនពេញ។ នៅក្នុងពេលប្រកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានរំឭកដល់ទណ្ឌិតឈូក បណ្ឌិតផងដែរ៕
អត្ថបទព័ត៌មានទាក់ទង
- ជំងឺជនរងគ្រោះដែលឈូក បណ្ឌិតបាញ់បីនាក់រើឡើងវិញ
- ជនរងគ្រោះដោយគ្រាប់កាំភ្លើងអតីតអភិបាលក្រុងបាវិតនៅតែរងចាំយុត្តិធម៌
- សមត្ថកិច្ចប៉ូលិសអះអាងពីការខ្នះខ្នែងតាមចាប់ខ្លួនឈូក បណ្ឌិត
- កម្មការិនីដែលរងរបួសសុំឲ្យលោកហ៊ុន សែនជួយពួកនាងដូចតារាទូរទស្សន៍
- តុលាការឃុំខ្លួនសកម្មជនបក្សប្រឆាំងបីនាក់ទៀតក្នុងសំណុំរឿងហិង្សាសួនប្រជាធិបតេយ្យ
- តុលាការខេត្តស្វាយរៀងបានឃុំខ្លួនលោកឈូក បណ្ឌិត បន្ទាប់ពីទណ្ឌិតរូបនេះបានប្រគល់ខ្លួន



សូមអរគុណ Interpol ដែលបានដុតដៃដុតជើងជួយកិច្ចការនេះបានសម្រេច ។